សួស្តី! លោក លោកស្រីដែលជាមាតាបិតា អ្នកអាណាព្យាបាល និងប្អូនៗសិស្សានុសិស្សទាំងអស់ដែលចូលក្នុងគេហទំព័រសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលមានបំណងក្នុងការជ្រើសរើស ឬបានជ្រើសរើសហើយនូវថ្នាលបណ្តុះចំណេះដឹងដ៏ល្អមួយនេះ។
ខ្ញុំបាទជាចាងហ្វាងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា ពិតជាមានអារម្មណ៍ សោមនស្សក្រៃលែងក្នុងការបណ្តុះចំណេះដឹងដល់កូនៗរបស់លោក លោកស្រីដែលមកក្រេបជញ្ជក់ យកចំណេះវិជ្ជាក្នុងដំណាក់កាលបឋមវ័យ ហើយក៏ជាវ័យមួយត្រៀមទទួលយកនូវអ្វីដែលមនុស្សចាស់ និងមជ្ឈដ្ឋានជុំវិញផ្ដល់ឱ្យទាំងចំណេះដឹង ចំណេះធ្វើ សីលធម៌ សុជីវធម៌ជាដើម ដើម្បីត្រៀមខ្លួនធ្វើជាពលរដ្ឋល្អមួយនៅក្នុងសង្គម ជាកូនដ៍ល្អមួយនៅក្នុងមហាគ្រួសារ។
បន្ទាប់ពីសង្គមក្រុមគ្រួសារដែលជាសង្គមមួយពោរពេញទៅដោយភាពកក់ក្តៅ ពេលនេះប្អូនៗត្រូវមកស្គាល់នូវសង្គមថ្មី មួយទៀតគឺសង្គមសាលារៀនដែលបានទទួលការអប់រំរបស់ពួកយើងធ្វើទៅកាន់សិស្សប្រៀបបានដូចភ្លៀងរលឹមដែលមាន ចាងហ្វាង លោកគ្រូ អ្នកគ្រូយកចិត្តទុកដាក់ក្នុងការផ្ទេរចំណេះដឹង បង្ហាត់បង្រៀនពីសីលធម៌ល្អ សុជីវធម៌ ដើម្បីឱ្យកូនៗចេះរស់នូវជាមួយគ្នា ចេះចែករំលែកគ្នា ការរៀនពីគា្នទៅវិញទៅមក ជាពិសេសនោះកូនៗពិតជាបានទទួលនូវចំណេះដឹងមួយពិតប្រាកដក្នុងការអាន ការស្តាប់ ការនិយាយ ការសរសេរ ទាំងការគិតវិនិច្ឆ័យប្រកបដោយបញ្ញាញាណ។
ក្នុងនាមខ្ញុំជាចាងហ្វាង និងបុគ្គលិកសិក្សានៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំងអស់សូមថ្លែងអំណរគុណដល់មាតាបិតា អ្នកអាណាព្យាបាលដែលបានគាំទ្រ និងមានទំនុកចិត្តលើសាលាយើងខ្ញុំ។ យើងខ្ញុំទាំងអស់គ្នាតំណាងឱ្យសាលារៀន អន្តរទ្វីប អាមេរិកាំង សូមគោរពជូនពរលោក លោកស្រីដែលជាមាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់មានសុខភាពល្អ សំណាងល្អ និងមានប្រាជ្ញាឈ្លាសវាងវៃ។
ចាងហ្វាងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា