សារៈសំខាន់នៃការអប់រំ

ទំព័រដើម / សារៈសំខាន់នៃការអប់រំ

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទៈ “សារៈសំខាន់នៃការអប់រំ”
អត្ថបទដកស្រង់ដោយ : រុន បូរាំង
#MJQE#AmericanInterconSchool

ការអប់រំដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតរបស់មនុស្សគ្រប់ៗរូប ហើយត្រួសត្រាយផ្លូវដើម្បីឈានទៅដល់សក្តានុពលដែលចង់បានដូចជា ការទទួលបានចំណេះដឹង បង្កើនទំនុកចិត្ត សម្រេចចិត្តត្រឹមត្រូវ អភិវឌ្ឍផ្ទាល់ខ្លួន និងសង្គមជាតិ។ វាបានផ្តល់ឱ្យនូវចំណេះដឹង ជំនាញ និងសមត្ថភាពដែលយើងត្រូវការដើម្បីជោគជ័យក្នុងជីវិត។ ខ្ញុំមាន៥ចំណុចសំខាន់ៗដើម្បីចូលរួមចែករំលែកអំពីសារៈសំខាន់នៃការអប់រំ៖

១. ការរីកចម្រើនសមត្ថភាពផ្ទាល់ខ្លួន : 
ការអប់រំជួយបុគ្គលម្នាក់ៗអភិវឌ្ឍការគិតបែបត្រិះរិះពិចារណា ដោះស្រាយបញ្ហា និងជំនាញក្នុងការសម្រេចចិត្ត។ វាបង្ហាញនូវគំនិតថ្មីៗ ទស្សនៈល្អៗ ដើម្បីជំរុញការលូតលាស់ និងការអភិវឌ្ឍផ្ទាល់ខ្លួននាពេលបច្ចុប្បន្ន និងអនាគត។

២. វឌ្ឍនភាពអាជីព : 
ការអប់រំល្អអាចជួយបុគ្គលម្នាក់ៗទទួលបានជំនាញ និងចំណេះដឹងថ្មីៗ ដើម្បីអភិវឌ្ឍក្នុងអាជីពដែលពួកគេជ្រើសរើស។ នេះអាចនាំឱ្យមានឱកាសការងារកាន់តែប្រសើរ និងទទួលបានប្រាក់បៀវត្សខ្ពស់ក្នុងអាជីពការងារ។

៣. ការលុបបំបាត់ភាពក្រីក្រ : 
ការអប់រំគឺជាចំណុចសំខាន់ក្នុងការលុបបំបាត់ភាពក្រីក្រចេញពីសង្គម និងប្រទេសរបស់យើង។ ក្ដាប់នៃភាពក្រីក្រគឺធ្ងន់ធ្ងរណាស់ ហើយជាកត្តាចម្បងមួយនៅពីក្រោយបញ្ហាទាំងអស់នៃសង្គមរបស់យើង។ បើមនុស្សមានការអប់រំល្អ គេអាចទទួលបានការងារល្អ រកប្រាក់ចិញ្ចឹមគ្រួសារបានយ៉ាងរីករាយ និងមានសុភមង្គល។

៤. ការផ្លាស់ប្តូរសង្គមជាតិ :
ការអប់រំគឺជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់លើកកម្ពស់ការផ្លាស់ប្តូរសង្គម។ បុគ្គលដែលមានការអប់រំខ្ពង់ខ្ពស់អាចចូលរួមនៅក្នុងការអភិវឌ្ឍសហគមន៍ និងសង្គមជាតិឱ្យកាន់តែរីកចម្រើនកាន់តែល្អប្រសើរ។

៥. អភិវឌ្ឍជំនាញដោះស្រាយបញ្ហា : 
អត្ថប្រយោជន៍មួយនៃការអប់រំ គឺប្រព័ន្ធអប់រំបង្រៀនយើងពីរបៀប វិធីសាស្រ្តដើម្បីទទួលបានការអភិវឌ្ឍក្នុងការគិតប្រកបដោយការត្រិះរិះពិចារណាឱ្យបានសមហេតុ សមផល និងធ្វើការសម្រេចចិត្តដោយឯករាជ្យ។ ការសម្រេចចិត្តបានត្រឹមត្រូវលើបញ្ហាផ្សេងៗគឺពិតជាសំខាន់ក្នុងការរស់នៅប្រចំាថ្ងៃ និងការងារ។ មនុស្សយើងមិនត្រឹមតែអាចបង្កើតគំនិតផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏អាចក្នុងការស្វែងរកអំណះអំណាង និងភស្តុតាងដែលអាចទុកចិត្តបានដើម្បីបម្រុងទុក និងបញ្ជាក់ពីការសម្រេចចិត្តរបស់ពួកគេដ៏ជាក់លាក់មួយ។

សរុបសេចក្តីមក ការអប់រំផ្តល់ឱ្យយើងនូវចំណេះដឹងអំពីពិភពលោក និងអ្វីៗដែលនៅជុំវិញយើង  ការអប់រំគឺជាឧបករណ៍ដ៏សំខាន់បំផុតដែលបុគ្គល គ្រួសារ សហគមន៍ និងប្រជាជាតិប្រើប្រាស់ដើម្បីសម្រេចបាននូវគោលដៅ និងសេចក្តីប្រាថ្នារបស់ពួកគេ។ ដូចនេះ វាជារឿងសំខាន់ដែលយើងត្រូវផ្តល់អាទិភាពដល់ការអប់រំដើម្បីធានាថាមនុស្សគ្រប់រូបទទួលបានការអប់រំប្រកបដោយគុណភាពពេញមួយជីវិតរបស់ពួកគេ។

អត្ថបទដកស្រង់ បកប្រែ និងកែសម្រួលចេញពីគេហទំព័រ៖
https://habitatbroward.org/blog/benefits-of-education/