របៀបបង្កើតវប្បធម៌នៅកន្លែងធ្វើការដែលប្រកបដោយក្រមសីលធម៌ និងភាពទទួលខុសត្រូវ

ទំព័រដើម / របៀបបង្កើតវប្បធម៌នៅកន្លែងធ្វើការដែលប្រកបដោយក្រមសីលធម៌ និងភាពទទួលខុសត្រូវ

អត្ថបទព័ត៌មានស្តីពីអាជីព និងការងារ 
ក្រោមប្រធានបទ “របៀបបង្កើតវប្បធម៌នៅកន្លែងធ្វើការដែលប្រកបដោយក្រមសីលធម៌ និងភាពទទួលខុសត្រូវ”
អត្ថបទដោយ : ប៉ាន សុចិត្រា
#MJQE#AmericanInterconSchool

ក្រមសីលធម៌ និងភាពទទួលខុសត្រូវក្នុងការងាររបស់បុគ្គលិកម្នាក់ៗក្នុងស្ថាប័នមួយ ពិតជាមានសារៈសំខាន់ណាស់ក្នុងការជំរុញឱ្យស្ថាប័នមានដំណើរការដោយរលូន។ មិនតែប៉ុណ្ណោះ គុណភាពទាំងពីរនេះក៏ជួយបរិយាកាសនៃការងារប្រកបដោយផលិតភាពខ្ពស់ផងដែរ។ ការដែលមានក្រមសីលធម៌ និងភាពទទួលខុសត្រូវក្នុងការងារ នឹងជួយពង្រឹងវប្បធម៌នៃការបំពេញកិច្ចការឱ្យកាន់តែប្រសើរឡើង បង្កើននូវទំនុកចិត្តរវាងគ្នា និងរួមចំណែកដល់ភាពជោគជ័យរបស់ស្ថាប័នបានល្អជាងមុន។ តើយើងត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីអាចបង្កើននូវវប្បធម៌ទាំងនេះ? ខាងក្រោមនេះគឺជាគន្លឹះបី ដែលអាចជួយយើងជ្រើសរើសបានក្រុមការងារដែលប្រកបដោយក្រមសីលធម៌ និងភាពទទួលខុសត្រូវ៖

១. ការដឹកនាំតាមរយៈឧទាហរណ៍ផ្ទាល់ :
ដើម្បីបង្កើតកន្លែងធ្វើការមួយដែលបុគ្គលិកទាំងអស់ប្រកបដោយក្រមសីលធម៌ និងភាពទទួលខុសត្រូវក្នុងការងារ ត្រូវចាប់ផ្តើមជាមួយការបង្ហាញនូវឧទាហរណ៍ល្អៗចេញពីអ្នកដឹកនាំដែលអាចឱ្យក្រុមការងារយកគំរូតាមបានតាមរយៈការបង្កើតឧទាហរណ៍ល្អៗបែបនេះ វាពិតជាញ៉ាំងឱ្យក្រុមការងារទទួលបានអារម្មណ៍វិជ្ជមានចំពោះការងារ និងចង់ធ្វើការងារដែលពួកគេកំពុងបំពេញទទួលបានលទ្ធផលល្អបែបនោះដែរ។ ការដឹកនាំដោយផ្តល់នូវគំរូ ក៏លើកកម្ពស់នូវទំនុកចិត្តរវាងគ្នានិងគ្នា និងបង្កើនសាមគ្គីភាពក្នុងការជួយស្ថាប័នមានភាពរីកចម្រើន។
 
២. ការផ្តល់នូវមតិយោបល់ប្រកបដោយអត្ថន័យ :
ការផ្តល់នូវមតិកែលម្អដល់ក្រុមការងារ គឺពិតជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពក្នុងការពង្រឹង និងការបំពេញការងារប្រកបដោយភាពទទួលខុសត្រូវ។ នៅពេលផ្តល់មតិកែលម្អ ត្រូវផ្តល់ជូនបុគ្គលដោយផ្ទាល់ ប៉ុន្តែត្រូវប្រាកដថាអ្នកផ្តល់នូវមតិកែលម្អ យល់ពីស្ថានភាពនៃផ្លូវចិត្តអ្នកដែលទទួល ដើម្បីចៀសវាងការយល់ច្រឡំណាមួយ ហើយប៉ះពាល់ដល់ការងារទាំងមូល។ អ្នកដឹកនាំ ឬក្រុមការងារដែលជាអ្នកផ្តល់នូវមតិកែលម្អ ផ្តល់នូវអារម្មណ៍មួយដល់អ្នកទទួលនូវមតិកែលម្អថាពួកគេទទួលបានការយកចិត្តទុកដាក់ពីក្រុមការងារ ហើយការផ្តល់មតិកែលម្អធ្វើឡើងក្នុងបំណងតែមួយគត់គឺដើម្បីភាពរីកចម្រើនទាំងអស់គ្នា។ 

៣. ការប្រឆាំងនឹងភាពលម្អៀងនៅកន្លែងធ្វើការ :
ដើម្បីបង្កើននូវវប្បធ៌មមួយដែលបុគ្គលិកទាំងអស់បំពេញកិច្ចការប្រកបដោយក្រមសីលធម៌ និងភាពទទួលខុសត្រូវ ទាមទារឱ្យទាំងអស់គ្នាប្រកាន់នូវគោលជំហរក្នុងលុបបំបាត់នូវភាពលម្អៀងនៅកន្លែងធ្វើការ និងការរើសអើងផ្សេងៗតាមរយៈពូជសាសន៍ ភេទ អាយុ និងជំនឿសាសនា។ ពេលខ្លះ ភាពលម្អៀងនៅកន្លែងធ្វើការ អាចកើតឡើងដោយចេតនា និងអចេតនាដែលផ្តល់នូវផលអវិជ្ជមានជាច្រើន។ វានឹងអាចប៉ះពាល់ដល់ការសម្រេចចិត្ត និងចង្វាក់នៃការងារក្នុងស្ថាប័នទាំងមូល។ យុទ្ធសាស្ត្រផ្សេងទៀតដែលអាចជួយលុបបំបាត់នូវភាពមិនស្មើគ្នានេះ រួមមានការរៀបចំសិក្ខាសាលាដើម្បីបង្កើនការយល់ដឹងអំពីវប្បធម៌ក្នុងការបំពេញការងារ ការលើកទឹកចិត្តឱ្យមានអន្តរកម្មរវាងក្រុមចម្រុះ និងការធ្វើឱ្យសហសេវិកទទួលខុសត្រូវនៅពេលដែលភាពលម្អៀង ឬការរើសអើងផ្សេងៗដែលប៉ះពាល់ដល់សក្ដានុពលនៃស្ថាប័ន។

សរុបសេចក្តីមក ការបង្កើនវប្បធម៌ការងារដែលប្រកបដោយក្រមសីលធម៌ និងភាពទទួលខុសត្រូវ ពិតជាធាតុដែលពុំអាចខ្វះបានក្នុងការចូលរួម និងជួយជ្រោមជ្រែងដល់ស្ថាប័នឱ្យមានវឌ្ឍនភាព ហើយកិច្ចការនេះ ត្រូវតែមានការចូលរួមពីអ្នកទាំងអស់គ្នា អ្នកដឹកនាំក៏ដូចជាសមាជិកក្នុងស្ថាប័នទាំងមូល។ ប្រសិន បើយើងអនុវត្តតាមគន្លឹះទាំងបីខាងលើ យើងនឹងសម្រេចបាននូវគោលដៅនេះជាក់ជាមិនខានឡើយ។ 

អត្ថបទដកស្រង់ បកប្រែ និងកែសម្រួលចេញពីគេហទំព័រ៖ 
https://online.hbs.edu/blog/post/ethics-and-accountability-in-the-workplace