គុណប្រយោជន៍នៃដំណេកគ្រប់គ្រាន់

ទំព័រដើម / គុណប្រយោជន៍នៃដំណេកគ្រប់គ្រាន់

អត្ថបទព័ត៌មានស្តីពីសុខភាព 
ក្រោមប្រធានបទ “គុណប្រយោជន៍នៃដំណេកគ្រប់គ្រាន់”
អត្ថបទដកស្រង់ដោយ : ទេព មនោរម្យ
#MJQE#AmericanInterconSchool

ការគេងគឺជាទម្លាប់មួយសំខាន់ក្នុងចំណោមទម្លាប់ទាំងបីប្រចាំថ្ងៃដែលមនុស្សយើងគួរដឹង។ ជាក់ស្ដែងប្រសិនបើយើងញ៉ាំអាហារគ្រប់គ្រាន់ ហាត់ប្រាណបានគ្រប់គ្រាន់ ប៉ុន្ដែយើងមិនបានគេងបានគ្រប់គ្រាន់នោះទេក៏សុខភាពមិនអាចរឹងមាំដូចអ្វីដែលយើងចង់បានដែរ។ ច្បាប់ធម្មជាតិតម្រូវឱ្យយើងចំណាយពេលវេលាក្នុងមួយថ្ងៃៗយ៉ាងហោច និងជាមធ្យមមួយភាគបីសម្រាប់ដេក ព្រោះដំណេកមានសារៈសំខាន់ណាស់។ ខាងក្រោមនេះ ជាគុណប្រយោជន៍នៃដំណេកគ្រប់គ្រាន់៖
បើតាមការក្រុមអ្នកស្រាវជ្រាវវេជ្ជសាស្ត្របារាំង ការសម្រាន្តយប់គ្រប់គ្រាន់មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាព ជាពិសេសសម្រាប់មនុស្សចាស់។ ដំណេកគ្រប់គ្រាន់គឺជាថ្នាំព្យាបាលជំងឺរ៉ាំរ៉ៃមួយចំនួនធំដ៏សក្តិសិទ្ធ។
ការគេងមិនត្រឹមតែឱ្យរាងកាយ និងខួរក្បាលបានសម្រាកទេ តាមពិតទៅនៅពេលយើងគេងលក់ រាងកាយរបស់យើងធ្វើការរឹតតែខ្លាំងក្នុងការជួយសាច់ដុំដែលធ្វើការច្រើននៅពេលថ្ងៃ និងកម្ចាត់នូវអ្វីដែលមិនល្អដែលខួរក្បាលបានបង្កើត។ 
ការគេងក៏ជួយដល់ការសម្រួលនូវអារម្មណ៍ផងដែរ។ ប្រសិនជាយើងគេងមិនគ្រប់គ្រាន់ត្រឹមតែមួយយប់អាចធ្វើឱ្យយើងប្រតិកម្មទៅនឹងអារម្មណ៍អវិជ្ជមានរហូតដល់៦០%។ 
ការគេងក៏អាចជួយកំណត់ពេលវេលានៅក្នុងរាងកាយ (Internal clock or Circadian Rhythm) ដែលមានតួនាទីក្នុងការកំណត់ពេលយើងត្រូវភ្ញាក់ ឬគេង និងជួយក្នុងការសម្រួលដល់ការរំលាយអាហារ ប្រព័ន្ធភាពស៊ាំ និងការរលាក។
គេងលក់ស្រួលធ្វើឱ្យផ្ទៃមុខស្រស់ស្រាយ។ ប្រសិនអ្នកគេងមិនបានគ្រប់គ្រាន់ក្នុងរយៈពេលយូរថ្ងៃនោះ ផ្ទៃមុខរបស់អ្នកនឹងមើលទៅហាក់ដូចជាចាស់ជាងធម្មតា ព្រោះថានៅពេលគេង គ្រាប់ភ្នែកនឹងធ្វើចលនាលឿន ដូច្នេះ សាច់ដុំនៅជុំវិញភ្នែកនឹងមានឱកាស “ហាត់ប្រាណ” ប៉ុន្ដែបើអ្នកគេងមិនបានគ្រប់គ្រាន់នោះ សាច់ដុំភ្នែកនឹងត្រូវស្វិត ជាលទ្ធផលរង្វង់ភ្នែកនឹងមានជាំខ្មៅ។
គេងក្រោម៦ម៉ោងចាត់ទុកថា “មិនគ្រប់គ្រាន់” ដូច្នេះដើម្បីអាចបំពេញកង្វះខាតនេះបានខ្លះ ដំណោះស្រាយតែមួយគឺការគេងថ្ងៃ។ មនុស្សពេញវ័យ ពេញកម្លាំងធ្វើការ ជាបុរស និងស្ត្រីអ្នកជំនួញ តែងតែឆ្លៀតសម្រាកថ្ងៃត្រង់បន្តិច ដើម្បីកាត់បន្ថយស្ត្រេស បង្កើនប្រសិទ្ធភាព និងលទ្ធផលនៃសមត្ថភាពធ្វើការងារ។ ព្រោះបើតាមការសិក្សារបស់ NASA គេងថ្ងៃប្រមាណតែ២០នាទី អាចបង្កើនការផ្ចង់អារម្មណ៍បាន៣៤% និងបង្កើនសមត្ថភាពធ្វើការបាន២៥%។ 
គេងច្រើនជាង៧ម៉ោង និងមិនលើសពី៨ម៉ោងនឹងរស់បានយូរ។ បុរសដែលគេងបានតិចជាង៧ម៉ោងជារៀងរាល់ថ្ងៃអាត្រាការស្លាប់មុនអាយុនឹងកើន២៦%។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://hellokrupet.com
https://www.rfi.fr/km/health-benefits-napping
https://www.facebook.com/812778665463200/posts/828003457274054/
https://www.rfi.fr/km