AIS​៖ សិស្ស​ជាប់​និទ្ទេស​ A​ កើន​ឡើងដល់១៦​នាក់

AIS​៖ សិស្ស​ជាប់​និទ្ទេស​ A​ កើន​ឡើងដល់១៦​នាក់

ពិត​ជា​គួរឱ្យ​មោទនៈ​ចំពោះ​លទ្ធផល​របស់​សិស្សានុសិស្ស​នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ១៦រូប​ ដែល​ទទួលបាន​និទ្ទេស​ A​ ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ​ ហើយ​យោងតាមលទ្ធផលនេះ​ បើធៀប​ទៅនឹងឆ្នាំ​សិក្សាមុន​ នោះ​សាលារៀន​ឯកជន​កូនកាត់​ដ៏​ល្បី​ឈ្មោះមួយនេះ​ មានសិស្សនិទ្ទេស​ A​ កើន​ឡើងចំនួន​៩នាក់។ អ្វីដែល​គួរឱ្យ​កត់សម្គាល់​ និង​ចាប់អារម្មណ៍​បន្ថែមទៀតនោះ​ គឺ​លទ្ធផល​នៃ​សាលារៀន​ឯកជនមួយនេះ​ មាន​សិស្ស​ប្រឡងជាប់​បើគិតជា​ភាគរយគឺ​ស្មើនឹង៨៧.២០%​ ហើយ​តាមភាគរយនេះ​ បើ​ធៀប​ទៅ​នឹង​លទ្ធផល​ថ្នាក់ជាតិ​ដែល​មាន​ ៦៣.៨៤% នោះ​ឃើញថាទទួល​បាន​ភាគរយខ្ពស់​គួរជាទីសាទរ​គួរឱ្យកត់​សម្គាល់ផងដែរ។ នេះរាប់​ថា​ជា​ជោគជ័យ​ និង​ជា​មុខមាត់ថ្មី​មួយ​បន្ថែមទៀត​នៃ​សាលារៀន​ អន្ដរទ្វីប​ អាមេរិកាំង។

សូមជម្រាបជូនថា​ ក្រៅតែពីសិស្ស​ទទួលបាន​និទ្ទេស A​ មាន​ចំនួន១៦នាក់​ហើយនោះ​ ក៏មាន​សិស្សទទួលបាន​និទ្ទេស B​ ចំនួន៨៤​នាក់, និទ្ទេស​ C​ ចំនួន១១៣នាក់​, និទ្ទេស D​ ចំនួន១០០នាក់​ និងនិទ្ទេស E​ មានចំនួន២០៣នាក់។

ថ្លែង​ជុំវិញ​ជោគជ័យ​នៃ​លទ្ធផលខាង​លើនេះ​ លោកស្រី​ រស់ យ៉ាណា​ អនុប្រធានសាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​នា​ព្រឹកថ្ងៃទី១១​កញ្ញានេះថា​ លទ្ធផល​ឆ្នាំនេះពិត​ជា​ធ្វើឱ្យ​ថ្នាក់ដឹកនាំ​ និង​បុគ្គលិក​គ្រប់ផ្នែក​នៃ​ស្ថាប័ន​របស់​ខ្លួន​មាន​មោទនភាព​ និង​គួរឱ្យស្ញប់ស្ញែង​ជាទីបំផុត។

អនុប្រធាន​សាលារៀនឯកជន​មួយនេះ​បន្តថ្លែងថា​ លទ្ធផល​ដ៏គួរឱ្យ​មោទនភាព​មួយនេះ​ គឺ​កើត​ឡើង​ដោយសារ​ថ្នាក់ដឹកនាំ​សាលាមាន​ផែនការ​យុទ្ធសាស្រ្តល្អ​ និង​ចេះរៀបផែនការ​ប្រចាំឆ្នាំ​ ប្រចាំខែ​ ប្រចាំសប្ដាហ៍​ និងប្រចាំថ្ងៃ​បានទៀងទាត់, ថ្នាក់ដឹកនាំ​ បុគ្គលិក​គ្រប់ផ្នែក​ និង​លោកគ្រូអ្នកគ្រូ​សហការគ្នាបាន​ល្អ​, ថ្នាក់ដឹកនាំ​សាលា​ និង​លោកគ្រូអ្នកគ្រូយក​ចិត្តទុកដាក់​ខ្ពស់​លើការសិក្សា​របស់សិស្ស​, គ្រូ​បង្រៀន​លះបង់​ពេលវេលាច្រើន​ក្នុងការស្រាវជ្រាវ​ឯកសារ​ សំណួរ​ ចម្លើយ​ ដើម្បី​បង្ហាញ​ដល់សិស្ស​, មាតាបិតា​ ឬ​អាណាព្យាបាល​សិស្ស​ចូលរួម​សហការ​ល្អជាមួយសាលា​ និង​ជួយជំរុញ​លើកទឹកចិត្តកូនៗ​របស់គាត់​ឱ្យខិតខំរៀន​សូត្រ។ ពិសេសនោះ​ សិស្សានុសិស្ស​ខ្លួនឯង​ក៏​មាន​មនសិការ​ និង​ឆន្ទៈខ្ពស់​លើការសិក្សា​ ម្យ៉ាងពួកគាត់​ក៏ដឹងថា​ ក្នុងនាមជាសិស្ស​តើពួកគាត់មានតួនាទី​ធ្វើអ្វីខ្លះ?

“ដ្បិតថា​យើង​ទទួលបានលទ្ធផល​ល្អ​ប្រសើរបែបនេះ​ក៏ដោយក្ដី​ ប៉ុន្តែ​យើង​ក៏នឹងមិនលង់ខ្លួន​ ឬបន្ធូរបន្ថយដៃ​នោះដែរ។ ពោល​ថ្នាក់ដឹកនាំ​គ្រប់ជាន់ថ្នាក់​ និងបុគ្គលិកគ្រប់ផ្នែក​ ពិសេស​លោកគ្រូអ្នកគ្រូទាំងអស់​នៃ​សាលារៀន​ អន្ដរទ្វីប​ អាមេរិកាំង​ នឹង​ពួតដៃ​គ្នា​ពង្រឹង​គុណភាព​អប់រំ​សាលា​មួយនេះ​ឱ្យរឹងរឹតតែ​ប្រកបដោយគុណភាព​ឧត្ដុង្គឧត្ដម​ជាងនេះបន្ដទៀត។ តាង​នាមខ្ញុំជាថ្នាក់ដឹកនាំ​សាលា​មួយរូប​ផងដែរនោះ​ ខ្ញុំ​សូម​សំណូមពរ​ដល់​សិស្សានុសិស្ស​នៃសាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ទាំងអស់​បន្តការខំប្រឹង​ប្រែងសិក្សារៀនសូត្របន្ថែមទៀត​ ដើម្បី​ក្លាយ​ខ្លួន​ជា​ធនធានមនុស្ស​ និង​ជាបញ្ញាវន្ត​ដ៏ពិតប្រាកដ។ ព្រោះ​ដូចយើង​ដឹងហើយថា​ បច្ចុប្បន្ន​ប្រទេស​ជាតិ​កំពុង​ត្រូវការ​បញ្ញាវន្ត​ជាច្រើន​ចូលរួម​កសាង​សង្គមជាតិ​ និង​អភិវឌ្ឍ​សង្គមជាតិ​ដោយពិតប្រាកដ​”។ នេះជាការលើក​ឡើង​របស់​លោកស្រី​ រស់​ យ៉ាណា៕
អត្ថបទដកស្រង់សារព័ត៌មាន ឌិ អ៊ីនធ័រខន​ រ៉ូស្ទ័រ

No Comments

Post A Comment

Back to Top