សារៈសំខាន់នៃសិល្បៈច្នៃប្រឌិតក្នុងការអភិវឌ្ឍរបស់កុមារ

សារៈសំខាន់នៃសិល្បៈច្នៃប្រឌិតក្នុងការអភិវឌ្ឍរបស់កុមារ

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “សារៈសំខាន់នៃសិល្បៈច្នៃប្រឌិតក្នុងការអភិវឌ្ឍរបស់កុមារ”
អត្ថបទដោយ : សោម សំរឹទ្ធ
#MJQE#AmericanInterconSchool

យើងដឹងហើយថាកុមារភាគច្រើន គឺសិក្សាតាមរយៈការលេង។ ប្រសិនបើមាតាបិតា លោកគ្រូ អ្នកគ្រូបានជ្រើសរើសល្បែងកម្សាន្តត្រឹមត្រូវសម្រាប់កុមារ មិនត្រឹមតែផ្តល់ភាពរីករាយជូនកុមារទេ ថែមទាំងជួយឱ្យកុមារបានអភិវឌ្ឍច្រើនផ្នែកដូចជា រាងកាយ បញ្ញា ភាសា អារម្មណ៍ ទំនាក់ទំនងសង្គម និងវិញ្ញាណ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍យ៉ាងសំខាន់៧យ៉ាង ដែលកុមារទទួលបានពីសិល្បៈច្នៃប្រឌិត៖

១. បំណិនចលករ : ចលនាជាច្រើនដែលពាក់ព័ន្ធនឹងការបង្កើតសិល្បៈដូចជា ការកាន់ជក់គូរគំនូរ ឬការគូសវាសជាមួយនឹងខ្មៅដៃពណ៌ មានសារៈសំខាន់ចំពោះការរីកលូតលាស់នៃបំណិនចលករល្អៗចំពោះកុមារតូចៗ។ ដំណាក់កាលសំខាន់ៗនៃការអភិវឌ្ឍរបស់កុមារនៅអាយុប្រហែល៣ឆ្នាំ រួមមានការគូររង្វង់ និងការចាប់ផ្តើមប្រើប្រាស់កន្ត្រៃសុវត្ថិភាព។ នៅអាយុប្រហែល៤ឆ្នាំ កុមារអាចមានលទ្ធភាពគូររូបជារាងការ៉េ និងចាប់ផ្តើមប្រើកន្តៃ្រដើម្បីកាត់តាមបណ្តោយខ្សែត្រង់។ កម្មវិធីមតេយ្យសិក្សាជាច្រើនផ្តោតលើការប្រើប្រាស់កន្តៃ្រ ពីព្រោះវាអភិវឌ្ឍជំនាញដែលកុមារនឹងត្រូវការសម្រាប់ការសរសេរ។

២. ការអភិវឌ្ឍភាសា : សម្រាប់កុមារតូច ពេលយើងនាំគាត់បង្កើតសិល្បៈ ឬគ្រាន់តែនិយាយទាក់ទងនឹងសិល្បៈគឺមានន័យថា គាត់បានទទួលឱកាសរៀនពាក្យដែលទាក់ទងនឹងពណ៌ រូបរាង និងសកម្មភាព។ នៅពេលកុមារចេះដើរតេសតាសមានអាយុមួយឆ្នាំ ឪពុកម្តាយអាចធ្វើសកម្មភាពសាមញ្ញៗដូចជាមូរក្រដាសឱ្យក្លាយទៅជាបាល់មួយ។ ពេលរៀនដល់ថ្នាក់បឋមសិក្សា កុមារអាចចេះប្រើប្រាស់ពាក្យពេចន៍ពិពណ៌នា និងពិភាក្សាអំពីគំនិតច្នៃប្រឌិតផ្សេងៗគ្នារបស់ពួកគេ។

៣. ការធ្វើសេចក្តីសម្រេចចិត្ត : យោងតាមរបាយការណ៍មួយដែលចេញផ្សាយដោយអង្គការអាមេរិកដើម្បីសិល្បៈ (Americans for the Arts) ការអប់រំសិល្បៈជួយពង្រឹងការដោះស្រាយបញ្ហា និងបំណិន ត្រិះរិះពិចារណា។ បទពិសោធនៃការធ្វើសេចក្តីសម្រេចចិត្ត និងជម្រើសក្នុងពេលដែលបង្កើតសិល្បៈបន្តកើតមានក្នុងផ្នែកផ្សេងៗទៀតនៃជីវិត។ លោកស្រី MaryAnn Kohl អ្នកអប់រំផ្នែកសិល្បៈ និងអ្នកនិពន្ធសៀវភៅជាច្រើនក្បាលដែលនិយាយអំពីការអប់រំសិល្បៈរបស់កុមារបានឱ្យដឹងថា ប្រសិនបើពួកគេកំពុងរុករក និងកំពុងគិត ព្រមទាំងកំពុងរិះរកបទពិសោធ និងព្យាយាមសាកល្បងគំនិតថ្មីៗនៅពេលនោះ ភាពច្នៃប្រឌិតរីកលូតលាស់ឡើងហើយ”។

៤. ការរៀនសូត្រអំពីគំហើញ៖ ការគូរ សូនរូបជាមួយដីឥដ្ឋ និងការក្រងគ្រាប់អង្កាំដោយខ្សែអំបោះ សុទ្ធតែជួយអភិវឌ្ឍបំណិនគំឃើញដែលមានសារៈសំខាន់ខ្លាំងមិនធ្លាប់មាន។ សូម្បីតែកុមារចេះដើរតេសតាសក៏អាចដឹងអំពីរបៀបប្រតិបត្តិការទូរសព្ទដៃទំនើប ឬធេប្ល៊ែត ដែលមានន័យថា មុនពេលពួកគេចេះអាន កុមារយល់អំពីព័ត៌មានគំហើញមុន។

៥. ការច្នៃប្រឌិត : នៅពេលកុមារត្រូវបានលើកទឹកចិត្តឱ្យបញ្ចេញគំនិតផ្ទាល់ខ្លួន និងមិនខ្លាចក្នុងការបង្កើតការច្នៃប្រឌិតថ្មីដោយខ្លួនឯង ពេលនោះពួកគេនឹងអភិវឌ្ឍការច្នៃប្រឌិតនៅក្នុងខ្លួនដែលនឹងមានសារៈសំខាន់នៅក្នុងជីវិតពួកគេពេលធំពេញវ័យ។ លោកស្រី Kohl បានឱ្យដឹងថា ប្រភេទមនុស្សដែលសង្គមត្រូវការដើម្បីធ្វើឱ្យសង្គមដើរទៅមុខ គឺជាប្រភេទមនុស្សដែលមានការគិតច្នៃប្រឌិត ដែលព្យាយាមស្វែងរកមធ្យោបាយ និងការកែលម្អថ្មីៗ មិនមែនមនុស្សដែលអាចត្រឹមតែអនុវត្តតាមទិសដៅនោះទេ”។ លោកស្រីបានឱ្យដឹងទៀតថា សិល្បៈគឺជាវិធីសាស្រ្តមួយដើម្បីជំរុញដំណើរការ និងបទពិសោធនៃការគិត និងធ្វើឱ្យអ្វីៗកាន់តែមានភាពប្រសើរ។

៦. ការយល់ដឹងពីវប្បធម៌ : ខណៈពេលដែលយើងរស់នៅក្នុងសង្គមមួយដែលចម្រុះដោយមនុស្សគ្រប់ជាតិសាស្ត្រ អ្វីៗដែលយើងឃើញក្នុងប្រព័ន្ធផ្សព្វផ្សាយ ក៏បង្ហាញពីខ្លឹមសារចម្រុះខុសៗគ្នាផងដែរ។ ការបង្រៀនកុមារឱ្យស្គាល់ពីជម្រើសនានា ដែលវិចិត្រករ ឬអ្នករចនាបង្កើតឡើងនៅក្នុងវត្ថុមួយ នឹងជួយកុមារឱ្យយល់ពីគោលគំនិតថាអ្វីដែលពួកគេមើលឃើញ អាចជាការបកស្រាយនៃភាពពិតប្រាកដរបស់អ្នកណាម្នាក់។

៧. ធ្វើឱ្យការរៀនសូត្ររបស់កុមារកាន់តែល្អ : ការស្រាវជ្រាវបានបង្ហាញពីទំនាក់ទំនងយ៉ាងស្អិតរមួតរវាងសិល្បៈ និងសមិទ្ធផលរបស់កុមារ។ របាយការណ៍មួយរបស់អង្កការអាមេរិកដើម្បីសិល្បៈបានឱ្យដឹងថា មនុស្សវ័យក្មេងដែលចូលរួមក្នុងសិល្បៈជាប្រចាំ (បីម៉ោងក្នុងមួយថ្ងៃ បីថ្ងៃក្នុងមួយសប្តាហ៍ក្នុងរយៈពេលពេញមួយឆ្នាំ) អាចមានឱកាសរៀនពូកែមុខវិជ្ជា គណិតវិទ្យា វិទ្យាសាស្ត្រ និងសំណេរ ពូកែជាងអ្នកដែលមិនចូលរួមសោះបួនដង។

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖http://www.gbispp.com/%E1%9E%A2%E1%9E%8F%E1%9F%92%E1%9E%90%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%99%E1%9F%84%E1%9E%87%E1%9E%93%E1%9F%8D%E1%9E%99%E1%9F%89%E1%9E%B6%E1%9E%84%E1%9E%9F%E1%9F%86%E1%9E%81%E1%9E%B6%E1%9E%93%E1%9F%8B/

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង