ប្រធានបទ “បច្ចេកវិទ្យាថ្មីស្រឡាងទាំង៧ នឹងផ្លាស់ប្ដូរការរស់នៅរបស់មនុស្សនៅថ្ងៃអនាគត”

ប្រធានបទ “បច្ចេកវិទ្យាថ្មីស្រឡាងទាំង៧ នឹងផ្លាស់ប្ដូរការរស់នៅរបស់មនុស្សនៅថ្ងៃអនាគត”

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងការច្នៃប្រឌិត
ក្រោមប្រធានបទ “បច្ចេកវិទ្យាថ្មីស្រឡាងទាំង៧ នឹងផ្លាស់ប្ដូរការរស់នៅរបស់មនុស្សនៅថ្ងៃអនាគត”
អត្ថបទដោយ : ភី ភារីន
#MJQE#AmericanInterconSchool

បច្ចេកវិទ្យាបានបន្តអភិវឌ្ឍកាន់តែជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ ហើយឈរលើគោលដៅរួម គឺធ្វើបែបណាអាចផ្តល់ឱ្យការរស់នៅប្រចាំថ្ងៃរបស់មនុស្សកាន់តែប្រព្រឹត្តទៅបានដោយងាយស្រួល និងរហ័ស។ បើតាម Brightside បានធ្វើការបង្ហាញបច្ចេកវិទ្យាទាំង០៧ ពោរពេញដោយភាពច្នៃប្រឌិតថ្មី ដែលវានឹងរំលេចនៅថ្ងៃខាងមុខ៖

១. គ្រែឆ្លាតវៃ
ក្នុងបន្ទប់គេងនៅថ្ងៃអនាគត អាចនឹងលែងមានទូរទស្សន៍ ហើយជំនួសមកវិញដោយការភ្ជាប់ជាមួយគ្រែដែលអ្នកគេងតែម្តង។ នេះមានន័យថានៅគ្រែនោះ អ្នកក៏អាចទស្សនាជាលក្ខណៈការបញ្ចាំងបែប Projector នៅកម្មវិធីកម្សាន្ត ឬអ្វីផ្សេងៗបាន ហើយអ្នកក៏អាចកំណត់សីតុណ្ហភាព និងទីតាំងបត់បែនតាមចិត្តចង់របស់អ្នកប្រើប្រាស់។
បញ្ជាក់៖ ទាំងអស់នេះគ្រាន់តែជា Concept ហើយខ្លះក៏សម្រេចអភិវឌ្ឍបានជាបណ្តើរៗ ពោលមិនទាន់ជាការពិតទាំងស្រុងឡើយ គ្រាន់ថាអាចនឹងកើតមាននៅថ្ងៃអនាគត។

២. គិលានុបដ្ឋាយិកាជាមនុស្សយន្ត
អាជីពការងារជាគិលានុបដ្ឋាយិកា ក៏នឹងត្រូវបានជំនួសដោយមនុស្សយន្តផងដែរទៅថ្ងៃខាងមុខ ដោយនេះនឹងជួយដល់ស្ថាប័នមន្ទីរពេទ្យក្នុងការកាត់បន្ថយការចំណាយលើបុគ្គលិក ក៏ដូចជាសន្សំពេលវេលាបន្ថែមទៀត។

៣. ទីតាំងចេញចូលអាចស្កេន Barcode
បច្ចុប្បន្នយើងត្រូវឈររង់ចាំដើម្បីឱ្យបុគ្គលិកធ្វើការស្កេនមុខទំនិញ ហើយទូទាត់ម្នាក់ម្តងៗ គឺទាមទារពេលវេលាឈររង់ចាំយូរខ្លាំងណាស់។ ប៉ុន្តែ Concept ទៅថ្ងៃមុខ គេនឹងប្រើប្រាស់ទ្វារពហុមុខងារ មានន័យថា វាអាចប្រមូលទិន្នន័យនៃចំនួនមនុស្សដើរចេញចូល ហើយក៏អាចស្កេនលើ Barcode នៃមុខទំនិញ ពេលមនុស្សរុញកន្រ្តកឆ្លងកាត់ថែមទៀត ហើយលុយនឹងត្រូវបានកាត់ចេញពីគណនីកុងធនាគារ។

៤. ការបង្ហាញទិសដៅជាលក្ខណៈ AR
នៅលើផ្ទៃកញ្ចក់រថយន្ត នឹងបង្ហាញចេញនូវទិសដៅដែលអ្នកចង់ធ្វើដំណើរទៅ ដូចជាសញ្ញាបត់ឆ្វេង បត់ស្តាំ ការបង្ហាញពីចម្ងាយដីពីទីតាំងមួយទៅទីតាំងមួយ ពោលគេឱ្យឈ្មោះមុខងារនេះថា Live View។

៥. Smart Lock
វាក៏មានប្រើប្រាស់នៅប្រទេសទំនើបមួយចំនួនហើយដែរ តែមិនទាន់ទូលាយទូទាំងជាសកលលោកនៅឡើយទេ។ គេជឿថា ទៅថ្ងៃមុខផ្ទះរបស់យើងគ្រប់គ្នានឹងលែងប្រើប្រាស់សោចាក់ចេញចូលទៀតហើយ ពោលគឺប្រើប្រាស់ការបញ្ជាដោយមុខងារ Smart Lock ជំនួស មានន័យថា ម្ចាស់ផ្ទះអាចបញ្ជាឱ្យបិទបើកពីចម្ងាយក៏បាន ហើយចង់ចេញចូលគឺប្រើប្រាស់កូដសម្ងាត់ ឬការស្កេនខ្ចៅដៃ និងមុខ។

៦. AR Glass
តាមពិតទៅវាមានជាបណ្តើរៗហើយ គ្រាន់ថាការប្រើប្រាស់មិនធំទូលាយ។ វែនតាឆ្លាតវៃនឹងក្លាយជារបស់ដ៏ពេញនិយមនៅកំឡុងពេល៤-៥ឆ្នាំបន្ទាប់ ដែលវានឹងភ្ជាប់ទៅកាន់មុខងារបញ្ជា ក៏ដូចជាប្រើប្រាស់បានយ៉ាងច្រើនដូចជាស្មាតហ្វូន និងកុំព្យូទ័រមួយអ៊ីចឹងដែរ។ តួយ៉ាងដូចជាការឆែកមើលសារ ឆែកមើលទិសដៅ និងការមើលអាកាសធាតុជាដើម។

៧. Nailbot
បុគ្គលិកបម្រើការជាអ្នកសម្អាត ឬលាបក្រចកជូនភ្ញៀវ ទៅថ្ងៃអនាគតនឹងជំនួសដោយការប្រើប្រាស់បច្ចេកវិទ្យា ឬ Robot មកជំនួស លែងមានមនុស្សដូចគ្នាលាបក្រចកឱ្យទៀតហើយ ពោលបច្ចេកវិទ្យានឹងដើរតួជំនួស ដោយបច្ចុប្បន្នក្រុមហ៊ុន Nimble កំពុងអភិវឌ្ឍលើ Concept មួយនេះ៕

ដកស្រង់ចេញពីគេហទំព័រ៖ https://www.knongsrok.com/?p=100121

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង