ប្រធានបទ “គុណសម្បត្តិ និងគុណវិបត្តិនៃបណ្តាញសង្គមសម្រាប់ជីវិតប្រចាំថ្ងៃ”

ប្រធានបទ “គុណសម្បត្តិ និងគុណវិបត្តិនៃបណ្តាញសង្គមសម្រាប់ជីវិតប្រចាំថ្ងៃ”

អត្ថបទព័ត៌មានស្តីពីការអប់រំបច្ចេកវិទ្យា
ក្រោមប្រធានបទ “គុណសម្បត្តិ និងគុណវិបត្តិនៃបណ្តាញសង្គមសម្រាប់ជីវិតប្រចាំថ្ងៃ”
អត្ថបទដោយ : តាំង សំអៀង
#MJQE #American Intercon School

បច្ចុប្បន្នមនុស្សជាច្រើន បាននឹងកំពុងប្រើប្រាស់បណ្តាញសង្គមក្នុងរូបភាព ឬក៏ទម្រង់ផ្សេងៗគ្នា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយសង្គម ឬបណ្តាញសង្គមមានការរីកចម្រើនយ៉ាងខ្លាំង និងគួរឱ្យកត់សម្គាល់ ជាពិសេសបណ្តាញសង្គមហ្វេសប៊ុក (Facebook) ធ្វីតទ័រ (Twitter) និងទីកតុក (TikTok) បានរីកចម្រើនលឿន និងបានទាក់ទាញអ្នកប្រើប្រាស់រាប់រយលាននាក់ក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ។ ទន្ទឹមនឹងការរីកចម្រើនទាំងនោះ មានមនុស្សជាច្រើននៅលើពិភពលោកបាននឹងកំពុងចាប់យកអត្ថប្រយោជន៍របស់វាក្នុងរូបភាពផ្សេងៗគ្នា ហើយក្នុងនោះក៏មានប្រជាពលរដ្ឋកម្ពុជាផងដែរ។ នៅក្នុងប្រទេសកម្ពុជា ប្រជាពលរដ្ឋមួយចំនួនបាននឹងកំពុងប្រើប្រាស់បណ្តាញសង្គម ក្នុងការប្រកបរបរប្រចាំថ្ងៃរបស់ពួកគេទៅតាមរូបភាពផ្សេងៗគ្នា។ ការរីកចម្រើននៅក្នុងបណ្តាញសង្គមក៏បាននាំមកនូវគុណសម្បត្តិ (ផលវិជ្ជមាន) ជាច្រើនសម្រាប់សង្គម ក៏ប៉ុន្តែក្នុងនោះក៏មាននៅគុណវិបត្តិ (ផលអវិជ្ជមាន) មួយចំនួនផងដែរ។ ប្រសិនបើយើងប្រើប្រាស់បណ្តាញសង្គមក្នុងរូបភាពត្រឹមត្រូវ និងចេតនាល្អ នោះវានឹងជះឥទ្ធិពលវិជ្ជមានដល់សង្គមជាតិ ប៉ុន្តែប្រសិនបើយើងប្រើប្រាស់វាមិនត្រឹមត្រូវ ឬចេតនាមិនល្អ នោះវានឹងជះឥទ្ធិពលអវិជ្ជមានដល់សង្គមជាតិទាំងមូល។ នៅក្នុងអត្ថបទមួយនេះ ខ្ញុំនឹងលើកយកទាំងគុណសម្បត្តិ និងគុណវិបត្តិនៃប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនមកបង្ហាញជូនសាធារណៈជនទូទៅ។

គុណវិបត្តិនៃបណ្តាញសង្គមមានច្រើន ក៏ប៉ុន្តែខ្ញុំសូមលើកយកចំណុចសំខាន់ៗចំនួន១០មកបង្ហាញដូចខាងក្រោម៖
១. ការបៀតបៀនកុមារតាមប្រព័ន្ធអ៊ីនធឺណែត (Cyberbullying)៖ ការបៀតបៀនតាមប្រព័ន្ធអ៊ីនធឺណែត គឺជាការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីធ្វើទង្វើណាមួយម្តងហើយម្តងទៀត ដើម្បីបង្កអន្តរាយ ឬរំខានយាយីអ្នកដទៃដោយចេតនា (នេះបើយោងតាមនិយមន័យច្បាប់សហរដ្ឋអាមេរិក)។ ការបៀតបៀនតាមប្រព័ន្ធអ៊ីនធឺណែត អាចត្រូវបានកំណត់ចំពោះការបង្ហោះពាក្យចចាមអារាម ឬការនិយាយដើមគេ ឬការបរិហារកេរ្តិ៍ និងធ្វើឱ្យពួកគេអាម៉ាស់មុខយ៉ាងខ្លាំង អំពីមនុស្សម្នាក់ដែលកំពុងប្រើប្រាស់អ៊ីនធឺណែត។ យោងតាមអត្ថបទចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ របស់អង្គការយូនីសេហ្វ បានប្រកាសឱ្យដឹងថា គ្រោះថ្នាក់ដែលបង្កឡើងដោយអំពើហិង្សា ការរករឿងឈ្លោះ និងការបៀតបៀនតាមប្រព័ន្ធអ៊ីនធីណែតចំពោះយុវជន៨៥.៧% ដែលមានអាយុចាប់ពី១៥ឆ្នាំ ទៅ២៥ឆ្នាំ ដែលកំពុងប្រើប្រាស់អ៊ីនធឺណែតនៅកម្ពុជា។ ការបៀតបៀនតាមប្រព័ន្ធអ៊ីនធឺណែត ជួនកាលក៏ជាកត្តាមួយដែលជួយជំរុញឱ្យកុមារ និងយុវជនឈានដល់ការធ្វើអត្តឃាតផងដែរ។

២. ការលួចចូលបន្លំទិន្នន័យ (Hack)៖ ទិន្នន័យផ្ទាល់ខ្លួន និងភាពឯកជនអាចងាយលួចចូល និងចែកចាយនៅលើប្រព័ន្ធអ៊ីនធឺណែត ដែលអាចធ្វើឱ្យខាតបង់ហិរញ្ញវត្ថុ និងខាតបង់ដល់ជីវិតផ្ទាល់ខ្លួន។ គណនីធ្វីតទ័រ (Twitter) និងគណនីហ្វេសប៊ុក (Facebook) ផ្ទាល់ខ្លួនជាច្រើនត្រូវបានគេលួចចូល ហើយក្រុមហែកគ័រ (Hacker) បានបង្ហោះដែលធ្វើឱ្យប៉ះពាល់ដល់ជីវិតផ្ទាល់ខ្លួន។

៣. ការញៀនបណ្តាញសង្គម៖ ការញៀនបណ្តាញសង្គម គឺបានជះឥទ្ធិពលយ៉ាងអាក្រក់ និងរំខានដល់ជីវិតផ្ទាល់ខ្លួនយ៉ាងធ្ងន់ធ្ងរ។ ក្មេងជំទង់ជាច្រើនបានទទួលរងផលប៉ះពាល់ច្រើនបំផុតពីការញៀននៃបណ្តាញសង្គម។ ដោយពួកគេបានចំណាយពេលផ្ទាល់ខ្លួនយ៉ាងច្រើនបំផុតជាមួយបណ្តាញសង្គម ដោយមិនខ្វល់ខ្វាយពីជីវិតនៅសង្គមខាងក្រៅឡើយ ហើយទីបំផុតពួកគេត្រូវបានកាត់ផ្តាច់ចេញពីសង្គមតែម្តង។ ការញៀនបណ្តាញសង្គម ក៏ធ្វើឱ្យមានការខ្ជះខ្ជាយពេលវេលាសម្រាប់ជីវិតបុគ្គលផងដែរ ជាពិសេសជាមួយសមាជិកក្រុមគ្រួសារផ្ទាល់ខ្លួន។

៤. ការបន្លំ និងការឆបោក៖ ការបន្លំ និងការឆបោកនៅលើបណ្តាញសង្គមនៅក្នុងប្រទេសកម្ពុជា គឺកើតឡើងស្ទើររៀងរាល់ថ្ងៃ ក្រោមរូបភាពផ្សេងៗគ្នា។ ឧទាហរណ៍ : ការចុះឈ្មោះដើម្បីឈ្នះរង្វាន់ ការផ្សព្វផ្សាយលក់ផលិតផលក្លែងក្លាយ។ ការផុស (Post) រូបភាពប្រជាពលរដ្ឋក្រីក្រ ឬឈឺនៅលើបណ្តាញសង្គម ដើម្បីរៃអង្គាសប្រាក់ បន្ទាប់មករក្សាទុកខ្លួនឯង។

៥. បញ្ហាសន្តិសុខផ្ទាល់ខ្លួន៖ ក្នុងករណីដែលប្រជាពលរដ្ឋធ្វើការចែករំលែកអត្ថបទ ឬការផុសអត្ថបទផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម (បំផុសបំផុល ឬបំពុលសង្គម) នៅលើបណ្តាញសង្គម ដោយមិនដឹងពីប្រភពដើមច្បាស់លាស់នោះ លោកអ្នកនឹងប្រឈមមុខនឹងការស៊ើបអង្កេតពីប៉ូលិស ទោះបីជាគណនីបណ្តាញសង្គមផ្ទាល់ខ្លួនលោកអ្នកត្រូវបានគេលួច ឬលោកអ្នកប្រើប្រាស់ផ្ទាល់ខ្លួនក៏ដោយ ដូច្នេះលោកអ្នកត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះបញ្ហានេះ។

៦. បញ្ហាកេរ្តិ៍ឈ្មោះ៖ បណ្តាញសង្គមអាចបំផ្លាញកេរ្តិ៍ឈ្មោះរបស់នរណាម្នាក់បានដោយងាយស្រួល តាមរយៈការបង្កើតរឿងមិនពិត នឹងផ្សព្វផ្សាយពាសពេញបណ្តាញសង្គម។ អាជីវកម្មស្រដៀងគ្នានេះ ក៏អាចទទួលរងនូវការបាត់បង់ដោយសារតែកេរ្តិ៍ឈ្មោះមិនល្អត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមផងដែរ។

៧. បញ្ហាបន្លំទំនាក់ទំនង ឬមនោសញ្ចេតនា៖ ប្រជាជនភាគច្រើនបានប្រើប្រាស់វេទិកាបណ្តាញសង្គម ដើម្បីបង្កើតទំនាក់ទំនងស្នេហា បន្ទាប់មកស្នើរៀបការជាមួយគ្នា។ ក៏ប៉ុន្តែ ការទំនាក់ទំនងស្នេហា ឬការស្នើសុំរៀបការតាមបណ្តាញសង្គមនេះ បានប្រែក្លាយទៅជាការបោកបញ្ឆោតទៅវិញ ដោយសារតែដៃគូស្នេហ៍របស់ពួកគេបានបោកប្រាស់គ្នាទៅវិញទៅមក ដោយបង្ហាញអារម្មណ៍ក្លែងក្លាយ និងព័ត៌មានមិនត្រឹមត្រូវ។

៨. បញ្ហាសុខភាព៖ ការប្រើប្រាស់បណ្តាញសង្គមច្រើនហួសហេតុពេក ក៏អាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផងដែរ។ ការធ្វើលំហាត់ប្រាណ គឺជាគន្លឹះសំខាន់សម្រាប់សុខភាព ក៏ប៉ុន្តែមនុស្សភាគច្រើនខ្ជិលច្រអូសដោយសារតែពួកគេបានចំណាយពេលច្រើនពេកក្នុងការប្រើប្រាស់បណ្តាញសង្គម។

៩. បញ្ហាគ្រឿងញៀន និងគ្រឿងស្រវឹង៖ គុណវិបត្តិមួយក្នុងចំណោមគុណវិបត្តិផ្សេងទៀតនៃបណ្តាញសង្គម គឺមនុស្សចាប់ផ្តើមដើរតាមគន្លងអ្នកដទៃដែលជាអ្នកញៀនថ្នាំ ឬញៀនគ្រឿងស្រវឹង ដោយពួកគេបានចែករំលែកទស្សនៈ និងវីដេអូរបស់ពួកគេនៅលើបណ្តាញសង្គម ដែលនៅទីបំផុតជំរុញឱ្យអ្នកដទៃធ្វើតាមដូចគ្នានឹងអ្នកញៀនថ្នាំ និងគ្រឿងស្រវឹង។

១០. បណ្តាញសង្គមបណ្តាលឱ្យស្លាប់៖ ការចែករំលែកទស្សនៈ និងវីដេអូផ្សេងៗនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយបង្កប់នូវកលល្បិចផ្សេងៗ ក៏ជាកត្តាមួយដែលនាំឱ្យមនុស្សស្លាប់បានដែរ ដោយសារតែពួកគេព្យាយាមអនុវត្តតាមវីដេអូនោះ ដោយមិនបានគិតច្បាស់លាស់។

ខាងក្រោមនេះគឺជាផលវិជ្ជមានរបស់បណ្តាញសង្គមដែលមានឥទ្ធិពលលើជីវិតប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប ហើយខ្ញុំបាទសូមលើកយកតែ១០ចំណុចប៉ុណ្ណោះមកបង្ហាញ។
១. ការភ្ជាប់ទំនាក់ទំនង៖ អត្ថប្រយោជន៍ដំបូង និងសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយសង្គម គឺការភ្ជាប់ទំនាក់ទំនង។ មនុស្សមកពីគ្រប់ទិសទីអាចភ្ជាប់ទំនាក់ទំនងជាមួយនរណាម្នាក់បាន តាមរយៈបណ្តាញសង្គម។ ភាពអស្ចារ្យនៃបណ្តាញសង្គមគឺថា លោកអ្នកអាចភ្ជាប់ទំនាក់ទំនងជាមួយនរណាម្នាក់ដើម្បីរៀន និងចែករំលែកគំនិតរបស់អ្នក។

២. ការអប់រំ៖ ប្រព័ន្ធផ្សព្វផ្សាយសង្គមមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សិស្ស និងគ្រូបង្រៀន។ វាមានភាពងាយស្រួលខ្លាំងណាស់ក្នុងការអប់រំពីអ្នកដទៃដែលជាអ្នកជំនាញ និងមានវិជ្ជាជីវៈ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។ អ្នកអាចតាមដាននរណាម្នាក់ដើម្បីរៀនពីគាត់ និងបង្កើនចំណេះដឹងរបស់អ្នកអំពីមុខវិជ្ជាណាមួយ ដោយមិនគិតពីទីតាំង និងប្រវត្តិការសិក្សារបស់អ្នក។ អ្នកអាចអប់រំខ្លួនអ្នកដោយមិនចាំបាច់បង់ប្រាក់។

៣. ជំនួយ៖ អ្នកអាចចែករំលែកបញ្ហារបស់អ្នកជាមួយប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីទទួលបានជំនួយ និងការឆ្លើយតបណាមួយ។ លោកអ្នកនឹងទទួលបានជំនួយ ឬដំបូន្មានពីអ្នកដទៃ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលអ្នកបានផ្សារភ្ជាប់ជាមួយ។

៤. ព័ត៌មាន និងបច្ចុប្បន្នភាព៖ អត្ថប្រយោជន៍សំខាន់នៃបណ្តាញសង្គម គឺអ្នកត្រូវធ្វើបច្ចុប្បន្នភាពខ្លួនអ្នកពីការកើតឡើងចុងក្រោយបំផុតនៅជុំវិញពិភពលោក។ សព្វថ្ងៃទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានបោះពុម្ពផ្សាយមានភាពលម្អៀង និងមិនបង្ហាញសារពិត។ ដោយមានជំនួយពីប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកអាចទទួលបានការពិត និងព័ត៌មានពិតដោយធ្វើការស្រាវជ្រាវមួយចំនួន។

៥. ការផ្សព្វផ្សាយ៖ មិនថាអ្នកមានអាជីវកម្មធម្មតា ឬតាមអ៊ីនធឺណែត លោកអ្នកអាចផ្សព្វផ្សាយអាជីវកម្មរបស់អ្នកឱ្យមានអ្នកស្តាប់ច្រើនបំផុត។ ពិភពលោកទាំងមូលបើកចំហសម្រាប់អ្នក ហើយអាចផ្សព្វផ្សាយដល់ពួកគេ។ ទាំងនេះធ្វើឱ្យអាជីវកម្មរកប្រាក់ចំណេញ និងចំណាយតិច ព្រោះការចំណាយភាគច្រើនដែលរកបានលើអាជីវកម្មគឺសម្រាប់ផ្សព្វផ្សាយ និងផ្សាយពាណិជ្ជកម្ម។ ដោយមានការចូលរួមតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយទស្សនិកជនរៀងរាល់ថ្ងៃ។

៦. បុព្វហេតុថ្លៃថ្នូរ៖ ប្រព័ន្ធផ្សព្វផ្សាយសង្គមក៏អាចត្រូវបានប្រើសម្រាប់បុព្វហេតុដ៏ថ្លៃថ្នូរផងដែរ។ ឧទាហរណ៍៖ ដើម្បីលើកកម្ពស់អង្គការក្រៅរដ្ឋាភិបាលសកម្មភាពសុខុមាលភាពសង្គម និងការបរិច្ចាគសម្រាប់ប្រជាជនក្រីក្រ។ មនុស្សកំពុងប្រើបណ្តាញសង្គមសម្រាប់ការបរិច្ចាគសម្រាប់មនុស្សដែលត្រូវការជំនួយ ហើយវាអាចជាវិធីរហ័សដើម្បីជួយមនុស្សបែបនេះ។

៧. ការយល់ដឹង៖ បណ្តាញសង្គមក៏បង្កើតការយល់ដឹង និងច្នៃប្រឌិតរបៀបរស់នៅរបស់មនុស្សដែរ។ វាជាបណ្តាញសង្គមដែលបានជួយមនុស្សឱ្យរកឃើញវត្ថុថ្មី និងច្នៃប្រឌិតដែលអាចបង្កើនរស់ជាតិជីវិតផ្ទាល់ខ្លួន។ ពីកសិកររហូតដល់គ្រូ សិស្ស និស្សិត មេធាវី ឬពលរដ្ឋម្នាក់ៗដែលរស់នៅក្នុងសង្គមអាចទទួលបានអត្ថប្រយោជន៍ពីបណ្តាញសង្គម និងកត្តាយល់ដឹងផ្សេងៗ។

៨. ជួយរដ្ឋាភិបាល និងភ្នាក់ងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម៖ វាក៏ជាគុណសម្បត្តិមួយនៃបណ្តាញសង្គមដែលវាជួយរដ្ឋាភិបាល និងភ្នាក់ងារសន្តិសុខក្នុងការស៊ើបការណ៍ និងចាប់ឧក្រិដ្ឋជន ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម។

៩. ធ្វើឱ្យកេរ្តិ៍ឈ្មោះអាជីវកម្មប្រសើរឡើង៖ បណ្តាញសង្គមពេលខ្លះក៏ជាភ្នាក់ងារសេវាកម្មលក់ផងដែរ គឺអាចធ្វើឱ្យការលក់សេវាកម្ម ឬផលិតផលរបស់លោកអ្នកកើនឡើង និងកេរ្តិ៍ឈ្មោះប្រសើរឡើងដែរ។ មតិយោបល់វិជ្ជមាន និងការចែករំលែកព័ត៌មានអំពីក្រុមហ៊ុនមួយអាចជួយពួកគេជាមួយនឹងការលក់កើនឡើង។ ដោយសារមនុស្សមានសេរីភាពក្នុងការចែករំលែកអ្វីដែលពួកគេចង់បាន បណ្តាញសង្គមវាអាចជះឥទ្ធិពលជាវិជ្ជមាននៅពេលដែលពាក្យល្អៗត្រូវបានចែករំលែក។

១០. ជួយក្នុងការកសាងសហគមន៍៖ ដោយសារពិភពលោករបស់យើងមានជំនឿ និងសាសនាខុសៗគ្នា ប្រព័ន្ធផ្សព្វផ្សាយសង្គមក៏ជួយក្នុងការកសាង និងចូលរួមនៅក្នុងសហគមន៍ នៃសាសនាផ្ទាល់ខ្លួនរបស់យើងផងដែរ។ ស្រដៀងគ្នានេះដែរ ប្រជាជននៅតាមសហគមន៍ផ្សេងៗគ្នាអាចភ្ជាប់ទំនាក់ទំនងគ្នា ដើម្បីពិភាក្សា និងចែករំលែកព័ត៌មានដែលពាក់ព័ន្ធ។ ឧទាហរណ៍ : អ្នកចូលចិត្តអានសៀវភៅអាចចូលរួមក្នុងសហគមន៍ ដែលទាក់ទងនឹងការអានសៀវភៅជាដើម។

សរុបសេចក្តីមក ទាំងនេះគឺជាគុណសម្បត្តិ និងគុណវិបត្តិមួយចំនួននៃប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សង្គម។ ទោះយ៉ាងណាក៏ដោយគុណសម្បត្តិ និងគុណវិបត្តិគ្រប់គ្រាន់ក្នុងការសម្រេចថា តើយើងត្រូវបន្តដើរលើបណ្តាញសង្គម ឬយ៉ាងណា។

No Comments

Sorry, the comment form is closed at this time.

Back to Top