៥ កន្លែងសម្រាប់ដំណើរកម្សាន្តលក្ខណៈគ្រួសារនៅតាមខេត្តនានានៅកម្ពុជា

៥ កន្លែងសម្រាប់ដំណើរកម្សាន្តលក្ខណៈគ្រួសារនៅតាមខេត្តនានានៅកម្ពុជា

អត្ថបទព័ត៌មានស្តីពីព្រឹត្តិការកម្សាន្ត
ក្រោមប្រធានបទ “៥ កន្លែងសម្រាប់ដំណើរកម្សាន្តលក្ខណៈគ្រួសារនៅតាមខេត្តនានានៅកម្ពុជា”
អត្ថបទដកស្រង់ដោយ : គុណ ភ័ត្ត្រា
#MJQE#AmericanInterconSchool

ថ្ងៃឈប់សម្រាក និងថ្ងៃចុងសប្តាហ៍គួរទៅណាដែរ? ពេលវេលានៃការជួបជុំឪពុកម្តាយ បងប្អូន ជិតឈានមកដល់ហើយ។ ដើម្បីបង្កើនសុភមង្គលក្នុងក្រុមគ្រួសារ ការធ្វើដំណើរកម្សាន្តអាចជាផ្នែកមួយជួយបង្កើតអនុស្សាវរីយ៍ល្អៗបានផងដែរ។ កុំឱ្យមានភាពស្មុគស្មាញថាគួរទៅណា ថ្ងៃនេះខ្ញុំសូមណែនាំរមណីយដ្ឋានចំនួន៥ ដែលអ្នកអាចចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់យ៉ាងស្រស់ស្រាយទៅតាមទីតាំងនៃកន្លែងកម្សាន្តទាំងនោះដូចខាងក្រោម៖

១. ធម្មជាតិ ដូចនៅសមុទ្រឈើ (ខេត្តមណ្ឌលគិរី) :
ធម្មជាតិដូចនៅសមុទ្រឈើមានទេសភាពពណ៌បៃតងស្រងាត់ ខ្យល់បរិសុទ្ធ មិនថាមនុស្សចាស់ ឬក្មេងសុទ្ធតែមានក្តីសុខនឹងចំណាយពេលនៅទីនេះដោយមិនជិនណាយ។ ណាមួយជាមណ្ឌលគិរីជាខេត្តដែលមានសីតុណ្ហភាពត្រជាក់ល្មម លោកអ្នកនឹងមានអារម្មណ៍ថាស្រស់ស្រាយ ទោះយកកូនតូចរបស់អ្នកទៅជាមួយក៏មិនមានបញ្ហា។ លោកអ្នកនឹងមានពេលវេលានិយាយលេងជាមួយគ្នា សើចសប្បាយ ញ៉ាំអីជុំគ្នា ក៏ជាឱកាសអាចសម្រាកទាំងកាយទាំងចិត្តបានដោយសន្តិភាព។

២. បរិស្ថានពណ៌បៃតង រមណីយដ្ឋានវីគីរីរម្យ (ខេត្តកំពង់ស្ពឺ) :
បរិស្ថានពណ៌បៃតង រមណីយដ្ឋានវីគីរីរម្យ គ្រាន់តែចំណាយពេលត្រឹមតែ២ម៉ោងប៉ុណ្ណោះ អ្នកនឹងទៅដល់រមណីយដ្ឋានថ្មីប្លែក ដើម្បីចំណាយពេលបោះតែនតិ៍គេងលេងជុំគ្នាលក្ខណៈជាគ្រួសារតូចៗ ហើយបើជាលក្ខណៈគ្រួសារធំក៏មានជាផ្ទះស្បូវទំហំធំល្មមផងដែរ។ ក្នុងកណ្តាលធម្មជាតិ ខ្យល់អាកាសបរិសុទ្ធ ជាពិសេសចំការស្រ្តូប៊ឺរី ដែលកម្រនឹងមានថែមទៀតនោះពិតជាធ្វើឱ្យគ្រួសារអ្នកទទួលបានការកម្សាន្តដ៏រស់រវើកមិនខាន។

៣. រមណីយដ្ឋាន Picnic (ក្រុងព្រះសីហនុ) :
រមណីយដ្ឋាន Picnic មានបរិយាកាសជុំវិញអមទៅដោយភ្នំ រុក្ខជាតិពណ៌បៃតង និងខ្ទមតូចៗសម្រាប់ស្នាក់អាស្រ័យធ្វើពីឈើ ហើយក៏ជាកន្លែងស្ងប់ស្ងាត់ ប៉ុន្តែមានសកម្មភាពកម្សាន្តបែបក្រៅក្រុង ដូចជាជិះកង់លេង ដើរមើលកសិដ្ឋានដាំបន្លែ និងផ្លែឈើធម្មជាតិជាដើម។ អ្នកក៏អាចឆ្លៀតឱកាសភ្លក្សអាហារស្រស់ៗ និងគ្មានជាតិគីមីដែលអាចផ្តល់ជាសុខមាលភាពដល់ក្រុមគ្រួសារផងដែរ។ ក្រៅពីនោះ ក៏មានកន្លែងសម្រាប់ក្មេងៗកម្សាន្តលេងដែលធ្វើឱ្យអ្នកកាន់តែមានភាពងាយស្រួលទៀតផង។

៤. កោងកាង និងសត្វអំពិលអំពែក (ខេត្តកោះកុង) :
ដើមកោងកាងជាជម្រកនៃសត្វត្រី ដែលជាប្រភេទដើមឈើសម្បូរនៅទីរួមខេត្តកោះកុង។ អ្វីដែលពិសេសនោះគឺសត្វអំពិលអំពែកភ្លឺផ្លិបផ្លេកនៅពេលយប់ ជាទស្សនីយភាពមួយដែលអ្នកគួរតែសាកល្បងសាងជាមួយនឹងក្រុមគ្រួសារដ៏កក់ក្តៅរបស់អ្នក។ ឆ្លៀតឱកាសនោះ និយាយរឿងនិទាន ឬដេញប្រស្នាជាមួយបងប្អូន ឬកូនៗរបស់អ្នកក៏សប្បាយម្យ៉ាងដែរ។

៥. ភូមិអេកូធម្មជាតិ Eden Eco Village (ខេត្តកំពត) :
ប្រសិនបើលោកអ្នកធុញទ្រាន់នឹងសំឡេងម៉ូតូ ឡាន សំឡេងអ៊ូអរនៅទីក្រុង ហើយបែរមកស្តាប់សំឡេងខ្យល់បក់បែបជាផ្ទះលំហែជាប់មាត់ទឹក បរិយាកាសស្ងប់ស្ងាត់ និងមើលថ្ងៃលិចកាត់កំពូលភ្នំ ជុំគ្រួសារបំភ្លេចភាពនឿយហត់ ការកម្សាន្តនឹងរបស់ទំនើបៗ ជំនួសមកមើលទស្សនីយភាពពិតៗទៅវិញ វានឹងធ្វើឱ្យជីវិតរបស់អ្នកកាន់តែមានន័យ និងមិនអាចបំភ្លេចបាននូវអនុស្សាវរីយ៍ដ៏ស្រស់ស្អាតបែបនេះ។

ប្រសិនបើអ្នកបានទៅកម្សាន្តកន្លែងមួយក្នុងចំណោមកន្លែងទាំង៥នេះ ពេលវិស្សមកាលរបស់អ្នកគឺមិនឥតប្រយោជន៍ទេ។ អ្នកគួរតែបង្កើតឱកាសថ្មី បរិយាកាសថ្មី ទេសភាពថ្មី និងអនុស្សាវរីយ៍ថ្មីជាមួយមនុស្សជាទីស្រឡាញ់ឱ្យបានកាន់តែច្រើន។

 

 

 

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://huunghivietnamcampuchia.thoidai.com.vn/detail-article-1817.html

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង