អ្វីទៅជាអក្ខរកម្មឌីជីថល?

អ្វីទៅជាអក្ខរកម្មឌីជីថល?

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងការច្នៃប្រឌិត
ក្រោមប្រធានបទ “អ្វីទៅជាអក្ខរកម្មឌីជីថល?”
អត្ថបទដកស្រង់ដោយ : អ៊ី ប៊ុនលី
#MJQE #American Intercon School

យោងតាមអង្គការ UNESCO «អក្ខរកម្មឌីជីថល» សំដៅដល់សមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ឌីជីថល ដើម្បីស្វែងរក ប្រើប្រាស់ គ្រប់គ្រង វាយតម្លៃ បង្កើត និងចែករំលែកព័ត៌មានដោយសុវត្ថភាព និងមានភាពត្រឹមត្រូវ ដែលទាមទារទាំងជំនាញបច្ចេកទេស និងការយល់ដឹង សំដៅធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចសង្គមកាន់តែប្រសើរ។ អក្ខរកម្មឌីជីថល ផ្តោតលើចំណុចសំខាន់ចំនួន៤ គឺ៖
-ទី១ ចេះស្វែងរកព័ត៌មានត្រឹមត្រូវលើអ៊ីនធឺណែត
-ទី២ ចេះប្រើប្រាស់ និងចែករំលែកព័ត៌មានតាមអនឡាញ
-ទី៣ យលើដឹងពីសុវត្ថិភាពនៃបច្ចេកវិទ្យា
-ទី៤ បង្កើតមាតិកាឌីជីថល និងចែករំលែកប្រកបដោយក្រមសីលធម៌។

ឌីជីថលូបនីយកម្ម និងបដិវត្តិឧស្សាហកម្ម៤.០ បានក្លាយជានិន្នាការសកលដែលប្រទេសនានាក្នុងតំបន់ និងសកលលោក ទាំងប្រទេសអភិវឌ្ឍ និងកំពុងអភិវឌ្ឍបាននឹងកំពុងយកចិត្តទុកដាក់ ដោយសារវាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា ជួយបង្កើនផលិតភាព និងសក្តិសិទ្ធិភាពការងារលើ គ្រប់វិស័យ បង្កើនឱកាសទីផ្សារថ្មី និងជំរុញកំណើនសេដ្ឋកិច្ចជុំវិញពិភពលោក។ ជាក់ស្តែង បច្ចេកវិទ្យា បានជ្រៀតចូលយ៉ាងជ្រៅក្នុងសកម្មភាពសេដ្ឋកិច្ចសង្គម ដោយបានជះឥទ្ធិពលយ៉ាងខ្លាំងលើកត្តាផលិតកម្ម ឥរិយាបថនៃការប្រើប្រាស់ និងរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ។ យើងអាចកត់សម្គាល់ឃើញនូវរបត់ នៃការផ្លាស់ប្តូរនៅក្នុងរបៀបរបបនៃការរស់នៅ របៀបប្រាស្រ័យទាក់ទងគ្នា របៀបសិក្សា របៀបធ្វើ ការងារ និងរបៀបធ្វើអាជីវកម្មជាដើម ដែលសុទ្ធតែត្រូវការបច្ចេកវិទ្យាដើម្បីផ្តល់ភាពងាយស្រួល និងបង្កើនប្រសិទ្ធភាព។ វិបត្តិជំងឺកូវីដ-១៩ បានបង្ហាញឱ្យយើងឃើញថា ចំពោះអ្នកដែលមិនចេះ ឬមាន ចំណេះដឹងទាបលើផ្នែកអក្ខរកម្មឌីជីថល បានជួបឧបសគ្គ និងបញ្ហាប្រឈមជាច្រើនក្នុងការរស់នៅការបំពេញការងារ និងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។ នេះសបញ្ជាក់ថា មូលដ្ឋានគ្រឹះចម្បងបំផុត ដែលមិនអាចខ្វះបានគឺ «ធនធានមនុស្ស» ពោលគឺការបណ្តុះបណ្តាលកម្លាំងពលកម្មឱ្យមានចំណេះ និងជំនាញ អាចចេះប្រើប្រាស់នូវបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីទាញយកសក្តានុពល និងផលប្រយោជន៍ពីបច្ចេកវិទ្យា។ នៅក្នុងយុគសម័យឌីជីថលនេះ «អក្ខរកម្មឌីជីថល» នឹងចូលរួមយ៉ាងសំខាន់ដល់ការលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ សំដៅធានាបាននូវសង្គមសេដ្ឋកិច្ចប្រកបដោយសមធម៌ បរិយាបន្ន និងគង់វង្ស។

ដូច្នេះ ការយល់ដឹងពីការប្រើប្រាស់បណ្តាញសង្គមប្រកបដោយប្រសិទ្ធភាព ជាជំនាញមួយដែលមានសារៈសំខាន់ ហើយជំនាញនេះមិនត្រឹមតែជាសមត្ថភាពក្នុងការទំនាក់ទំនង និងបង្ហោះខ្លឹមសារតាម បណ្តាញសង្គមតែប៉ុណ្ណោះទេ តែក៏បានរួមបញ្ចូលនូវសមត្ថភាពនៃការសរសេរប្រធានបទប្រកបដោយភាពទាក់ទាញ ការវិភាគបណ្តាញសង្គម (Social Media Analysis) និងការធ្វើទីផ្សារជាដើម។

ដកស្រង់ពី : មជ្ឈមណ្ឌលកម្ពុជា៤.០ (Cambodia4.0 Center)

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង