
26 ៧ អបអរសាទរ ពិធីបិទបវេសនកាលឆ្នាំសិក្សា២០១៧-២០១៨
កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំប្រារព្ធពិធីបិទបវេសនកាល ឆ្នាំសិក្សា២០១៧-២០១៨ ដែលបានធ្វើឡើងនៅសាលសហសិក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ស្ថិតក្នុងរាជធានីភ្នំពេញ។
កម្មវិធីនេះចាប់ផ្តើមឡើង វេលាម៉ោង ៨:០០នាទីព្រឹក ដល់ ១០:៣០នាទីព្រឹក ដែលមានការអញ្ជើញចូលរួមពី គណៈគ្រប់គ្រងសាលា បុគ្គលិក លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករ ជាពិសេសប្អូនៗសិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ កម្មវិធីនេះ ត្រូវបានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយជាមួយនឹងការបង្ហាញទេពកោសល្យដ៏ល្អៗ និងប៉ិនប្រសប់របស់ប្អូនៗសិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ដូចជាការច្រៀងចម្រៀង សម្តែងរបាំប្រពៃណី និងការបង្ហាញចង្វាក់រាំ ព្រមទាំងមានការសម្តែងចម្រៀងកាយវិការអម ដោយយ៉ាងសប្បាយរីករាយ។
មានការថ្លែងសុន្ទរកថារបស់គ្រូ សិស្ស និងអតីតសិស្ស អន្តរទ្វីប និង មានប្រសាសន៍សំណេះសំណាល ក្រោមអធិបតីភាពរបស់ លោកស្រី រស់ យ៉ាណា ប្រធាន ចាងហ្វាងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង មានការប្រគល់រង្វាន់ និងបណ្ណសរសើរដល់ សិស្សពូកែ ម៉េងលី ជេ. គួច សិស្សពូកែថ្នាក់ជាតិ និងអន្តរជាតិ។
នៅចុងបញ្ចប់នៃកម្មវិធី មានការថតរូបជុំគ្នា ដើម្បីទុកជាអនុស្សាវរីយ៍ ក្នុងឆ្នាំសិក្សារបស់ប្អូនៗ ហើយធ្វើឱ្យកម្មវិធីកាន់តែមានភាពសប្បាយរីករាយ និងមានការចងចាំកាន់តែយូរអង្វែង។
No Comments