អត្ថប្រយោជន៍៥យ៉ាង នៃការចេះទទួលកំហុស

អត្ថប្រយោជន៍៥យ៉ាង នៃការចេះទទួលកំហុស

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “អត្ថប្រយោជន៍៥យ៉ាង នៃការចេះទទួលកំហុស”
អត្ថបទដកស្រង់ដោយ : សុខ ចំណាន
#MJQE#AmericanInterconSchool

មនុស្សណាក៏ចេះធ្វើខុសដែរ តែមិនមែនគ្រប់គ្នាសុទ្ធតែចេះទទួលស្គាល់ថាខ្លួនបានធ្វើខុសទាំងអស់នោះទេ។ មនុស្សចូលចិត្តយកឈ្នះអ្នកដទៃ ខ្លួនធ្វើខុសមិនដឹងខុសឡើយ និយាយយកតែឈ្នះ។ ជួនកាល ការដែលចង់តែយកឈ្នះនេះហើយទើបធ្វើឱ្យគេមិនចូលចិត្ត។ ការចេះទទួលស្គាល់កំហុសដែលខ្លួនបានធ្វើនោះ គឺជារឿងល្អ និងអាចជួយស្រោចស្រង់រាល់ទង្វើមិនគប្បីទាំងឡាយដែលអ្នកបានធ្វើទៅលើអ្នកដទៃ តើមានប្រយោជន៍អ្វីខ្លះដែលលោកអ្នកនឹងទទួលបានពីការចេះទទួលកំហុសនេះ?

១. ភាពជឿជាក់៖ ភាពជឿជាក់គឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់គ្នាក្នុងការប្រាស្រ័យទាក់ទងគ្នា បើសិនជាអ្នកធ្វើខុសហើយ តែមិនដែលចេះទទួលស្គាល់ថាខ្លួនឯងធ្វើខុស នោះគ្មានអ្នកណាជឿជាក់លើអ្នកឡើយ។ ផ្ទុយទៅវិញ បើសិនជាអ្នកធ្វើខុសហើយចេះទទួលស្គាល់កំហុស នោះគ្រប់គ្នានៅជុំវិញអ្នកគិតថាអ្នកជាមនុស្សស្មោះត្រង់អាចជឿទុកចិត្តបាន និងជាមិត្តដ៏ល្អម្នាក់ទៀតផង។

២. ធំដឹងក្ដី៖ អ្នកនឹងក្លាយជាមនុស្សកាន់តែធំដឹងក្ដី ស្គាល់ខុសស្គាល់ត្រូវស្គាល់អ្វីល្អ និងអ្វីដែលអាក្រក់នៅពេលដែលអ្នកចេះទទួលស្គាល់កំហុសរបស់ខ្លួន។ កំហុសអាចក្លាយជាមេរៀនដ៏ល្អសម្រាប់ជីវិត។

៣. ការអភិវឌ្ឍ៖ បើសិនជាអ្នកមិនទាន់អាចទទួលស្គាល់កំហុសដែលបានធ្វើខុសទេ នោះអ្នកគឺជាមនុស្សដែលខ្លាចបរាជ័យបំផុត។ ដូច្នេះ ដើម្បីអភិវឌ្ឍខ្លួនឱ្យទាន់សម័យ និងជោគជ័យ នោះលោកអ្នកត្រូវចេះទទួលស្គាល់កំហុសដែលបានប្រព្រឹត្ត។

៤. ការលើកទឹកចិត្ត៖ បើសិនជាអ្នកមិនអាចទទួលស្គាល់ថាខ្លួនបានធ្វើខុសក្នុងរឿងអ្វីមួយទេ នោះអ្នកនឹងមិនមានឱកាសសម្រាប់និយាយប្រកាន់ជំហរថាខ្លួនត្រូវឡើយ។ ធម្មតានៅពេលមានមនុស្សណាម្នាក់ធ្វើអ្វីខុសមួយហើយ គេម្នាក់នោះចេះទទួលស្គាល់កំហុស នោះនឹងមានអ្នកដទៃមកចាំជួយផ្ដល់កម្លាំងចិត្ត និងលើកទឹកចិត្តដើម្បីជួយកែកំហុសទាំងអស់គ្នា។

៥. ភាពរឹងមាំ៖ បើសិនជាអ្នកក្លាយជាមនុស្សម្នាក់ដែលដឹងខុស ចេះទទួលកំហុស នោះអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលរឹងមាំ និងឯករាជ្យសម្រាប់អ្នកដទៃ ហើយអ្នកក៏អាចក្លាយជាគំរូដ៏ល្អម្នាក់សម្រាប់ក្មេងៗជំនាន់ក្រោយយកគំរូតាម៕

 

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង