អត្ថប្រយោជន៍របស់មុខវិជ្ជា STEM ក្នុងការរៀន និងបង្រៀនប្រកបដោយប្រសិទ្ធភាព

អត្ថប្រយោជន៍របស់មុខវិជ្ជា STEM ក្នុងការរៀន និងបង្រៀនប្រកបដោយប្រសិទ្ធភាព

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “អត្ថប្រយោជន៍របស់មុខវិជ្ជា STEM ក្នុងការរៀន និងបង្រៀនប្រកបដោយប្រសិទ្ធភាព”
អត្ថបទដកស្រង់ដោយ : សួង ណារិន
#MJQE#AmericanInterconSchool

សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសកម្ពុជា ជំនាញ STEM (Science, Technology, Engineering, and Mathematics) គឺជាកម្មវិធីសិក្សាអប់រំដែលផ្តោតសំខាន់លើមុខវិជ្ជាសិក្សាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា សុទ្ធសឹងជាជំនាញដែលត្រូវការបំផុតក្នុងប្រទេស។ ប៉ុន្តែអ្នកសិក្សាធ្លាប់ដឹងថា STEM គឺជាមុខវិជ្ជាដែលពិបាករៀន និងពិបាកបង្រៀន ដោយសារខ្វះសម្ភារៈស្រាវជ្រាវ និងសម្ពាធការងារទៅលើសិស្សក្នុងការបញ្ចប់ការសិក្សាដោយជោគជ័យ។ តើគ្រូបង្រៀន និងសិស្សក្នុងប្រទេសកម្ពុជាគួរមានទម្លាប់រៀនបែបណាខ្លះលើមុខវិជ្ជា STEM? តើក្រសួងអប់រំ យុវជន និងកីឡា គួរគាំទ្រដល់វិធីសាស្រ្ត សិក្សាមុខវិជ្ជា STEM ដូចខាងក្រោមដែររឺទេ?

សព្វថ្ងៃក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ ហាវើដ (Harvard) បាននិយាយថា ការសិក្សាវិទ្យាសាស្រ្តមិនត្រូវផ្តោតលើការយល់ទ្រឹស្តី រូបមន្ត និងពាក្យសព្ទទៀតទេ ប៉ុន្តែវាគួរជាការសិក្សាផ្តោតលើការដោះស្រាយបញ្ហា និងសហការថែមទៀត។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍៣យ៉ាងរបស់ STEM៖

១. កសាងជំនាញ វិទ្យាសាស្រ្ត :
សិស្សរៀននៅក្នុងថ្នាក់មានចំណេះដឹង បទពិសោធ និងចំណាប់អារម្មណ៍មិនដូចគ្នាទេ។ នៅពេលរៀនដល់ថ្នាក់វិទ្យាល័យឡើងទៅសិស្សនឹងមានអារម្មណ៍ថាមុខវិជ្ជាវិទ្យាសាស្រ្តកាន់តែពិបាក និងគួរឱ្យធុញទ្រាន់។ ទាំងនេះក៏ដោយសារតែការយល់មេរៀនវិទ្យាសាស្រ្តត្រូវពឹងផ្អែកលើការយល់ពាក្យស្មុគស្មាញ ដែលធ្វើឱ្យសិស្សពិបាករៀន និងគ្រូពិបាកបង្រៀន។ ដើម្បីដោះស្រាយឧបសគ្គនេះ គ្រូបង្រៀនគួរជួយសិស្សរៀនដោយប្រើវិធីសាស្រ្តមួយទៀត ជាងការប្រើមធ្យោបាយសិក្សាធម្មតា។ ដោយហេតុតែវិទ្យាសាស្រ្តតម្រូវឱ្យមានការអង្កេតបាតុភូតធម្មជាតិ និងសួរសំណួរដើម្បីស្វែងរកចម្លើយ គ្រូបង្រៀនគួរលើកតម្កើងការរៀនដោយការអនុវត្តឱ្យច្រើនជាងទន្ទេញមេរៀន។ ធ្វើបែបនេះ ប្រសិនបើថ្នាក់រៀនផ្តោតលើដំណាក់ការស្រាវជ្រាវវិទ្យាសាស្រ្ត សិស្សនឹងអាចរៀនកាន់តែស៊ីជំរៅ។

២. ការសហការណ៍ស្រាវជ្រាវរកការពិត :
មុខវិជ្ជាវិទ្យាសាស្រ្តត្រូវការការសហការគ្នា។ គម្រោងស្រាវជ្រាវចាប់ពីតារារូបវិទ្យា រហូតដល់ជីវវិទ្យា តម្រូវឱ្យក្រុមអ្នកវិទ្យាសាស្រ្តសហការគ្នាស្វែងរកលទ្ធផល។ ហើយការសហការនេះត្រូវការឱ្យមានការទុកចិត្ត ដើម្បីឱ្យបង្កើតទំនុកចិត្តក្នុងការស្រាវជ្រាវជាមួយគ្នា។ ដើម្បីទទួលបានចំណេះដឹងពិតប្រាកដ អ្នកវិទ្យាសាស្រ្តត្រូវមានភាពស្មោះត្រង់ ក្នុងការរួមចំណែកស្វែងរកការពិត ដែលជាគោលបំណងចម្បងរបស់វិទ្យាសាស្រ្ត។ អ្នកវិទ្យាសាស្រ្តដឹងហើយថាមនុស្សដទៃត្រូវពឹងផ្អែកលើការស្រាវជ្រាងរបស់ពួកគេដើម្បីឆ្ពោះទៅរកការរីកចម្រើនលើ វិស័យសុខាភិបាល និងបច្ចេកវិទ្យា។ ដូចនេះសីលធម៌របស់អ្នកវិទ្យាសាស្រ្តចាំបាច់ណាស់។ ជាទូទៅសិស្សរៀនគីមីវិទ្យាមិនអាចក្លាយជាអ្នកគីមីវិទូដ៏ជំនាញនោះទេ ហើយសិស្សវិទ្យាល័យក៏មិនអាចប្រឡងជាប់មុខវិជ្ជាគីមីផងដែរ ប្រសិនបើពួកគេមិនចេះជួយគ្នាត្រួតពិនិត្យ និងជួយកែកំហុសឱ្យគ្នាទៅវិញទៅមក និងជាពិសេសស្មោះត្រង់ចំពោះគ្នានៅពេលកែការងារឱ្យគ្នាទៅវិញទៅមក។ វិទ្យាសាស្រ្តមិនត្រូវឃ្លាតឆ្ងាយពីគ្នាជាដាច់ខាត ហើយនេះគឺជាទំនួលខុសត្រូវរបស់គ្រូដើម្បីធ្វើឱ្យសិស្សយល់ពីសារៈសំខាន់នៃការងារសហការជាមួយគ្នា។

៣. ជួយសិស្សរៀនកាន់តែមានប្រសិទ្ធភាព :
ភាពស្មោះត្រង់ក្នុងការស្វែងរកលទ្ធផលមានហើយ បន្ថែមលើនេះទៅទៀត គ្រូបង្រៀនវិទ្យាសាស្រ្តគួរតែជំរុញឱ្យ សិស្សរៀនកាន់តែមានភាពរីកចម្រើនដោយផ្តោតលើការត្រិះរិះខ្ពស់អំពីការវិវឌ្ឍនៃវិទ្យាសាស្រ្តសព្វថ្ងៃ។ លោកគ្រូ អ្នកគ្រូ គួរតែជួយសិស្សគិតពិចារណាអំពីបច្ចេកវិទ្យាអាចទៅរួចក្នុងពេលបច្ចុប្បន្ន ដោយមើលទៅលើបច្ចេកវិទ្យានៅថ្ងៃអនាគតដែលអាចសម្រេចបាន។ សិស្សចង់រៀនអ្វីដែលមានសារៈសំខាន់ ដូចនេះគ្រូបង្រៀនត្រូវតែធ្វើឱ្យប្រាកដថាថ្នាក់រៀនរបស់ពួកគេមានទំនាក់ទំនងជាមួយសិស្ស និងជីវិតរបស់សិស្ស និងជួយឱ្យពួកគេចេះយកមកអនុវត្តដោយផ្ទាល់។

នៅក្នុងប្រទេសកម្ពុជា មុខវិជ្ជា STEM ចាំបាច់ណាស់ដើម្បីអភិវឌ្ឍប្រទេស។ ក៏ប៉ុន្តែយើងបានឃើញហើយថា សម្ភារសិក្សាស្រាវជ្រាវនៅក្នុងកម្រិតវិទ្យាល័យ និងការជំរុញពីលោកគ្រូ អ្នកគ្រូលើការស្រាវជ្រាវនៅមានកម្រិត។ បើសិនជាមានការជំរុញទៅលើការអនុវត្ត ការសហការស្រាវជ្រាងរវាងសិស្ស និងសិស្ស ការលើកទឹកចិត្ត និងគាំទ្រពីលោកគ្រូ អ្នកគ្រូ និងធនធានសម្រាប់ការស្រាវជ្រាវនៅកម្រិតវិទ្យាល័យ មុខវិជ្ជា STEM នឹងរីកចម្រើន ហើយកាន់តែមានប្រជាប្រិយភាពសម្រាប់សិស្សដើម្បីរៀនបន្តនៅកម្រិតសាកលវិទ្យាល័យ។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://www.ahladang.com/archives/2592

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង