អត្ថន័យពិធីបំបួសនាគ

អត្ថន័យពិធីបំបួសនាគ

អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “អត្ថន័យពិធីបំបួសនាគ”
អត្ថបទដកស្រង់ដោយ : បុំាង លាងស៊ីម
#MJQE#AmericanInterconSchool

កាលពីអតីតកាល កុលបុត្រដែលទៅសាងផ្នួសត្រូវបានគេចាត់ទុកថាជាករណីយកិច្ចមួយដ៏ឧត្តុង្គឧត្តមដែលកូនប្រុសនៅក្នុងគ្រួសារនីមួយៗ ត្រូវបំពេញមុននឹងចូលខ្លួនទៅកសាងជីវភាពជាគ្រួសារថ្មីមួយនៅក្នុងសង្គម។ អ្នកបួសជាសាមណេរក្តី ជាភិក្ខុក្តី ត្រូវមានការអនុញ្ញាតពីមាតាបិតា បងប្អូន ឬប្រពន្ធ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងមានសុខភាពល្អទាំងផ្លូវកាយ ផ្លូវចិត្ត និងត្រូវសិក្សាចំណេះវិជ្ជាផ្សេងៗដូចជា អក្សរសាស្រ្ត អក្សរបាលី ព្រមទាំងធម៌វិន័យផ្សេងៗ។ ពិធីបំបួសនាគរួមមាន ការបំបួសនាគ ការបំបួសជាសាមណេរ និងការបំបួសជាភិក្ខុ។

ពាក្យ «នាគ» មានន័យថា ប្រសើរចម្បងបរិសុទ្ធ។ នាគ សំដៅបុគ្គលបុថុជ្ជនណាម្នាក់ដែលកើតមានសេចក្តីអៀនខ្មាស ខ្លាចបាប ហើយមានចិត្តជ្រះថ្លាទៅសូមផ្នួសក្នុងសំណាក់ព្រះពុទ្ធសាសនា។ កុលបុត្រដែលបម្រុងខ្លួនចូលទៅសាងផ្នួសជាសាមណេរនៅក្នុងព្រះពុទ្ធសាសនាត្រូវបានទទួលនាមថាជា «នាគ»។ អ្នកវៀរចាកអំពើបាបដូចព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ អ្នកទៅសាងផ្នួស ពស់ដែលមានអនុភាពចម្បងហៅថា «នាគ»។ ក្នុងរចនាបថខ្មែរ បុព្វបុរសខ្មែរតែងកសាងអ្វីមួយតែងតែមានអត្ថន័យជានិច្ច តួយ៉ាងការឆ្លាក់រូបនាគមានក្បាលច្រើនជាលេខគត់សេស ដែលជានាគតំណាងឱ្យភាពរស់រានមានជីវិត ចំណែកនាគដែលមានជាលេខគត់គូវិញ ជានាគតំណាងឱ្យនាគស្លាប់ ហេតុនេះហើយបានជាតាមប្រាសាទបុរាណខ្មែរនាគភាគច្រើនមានក្បាលចំនួនបី ប្រាំ ឬប្រាំពីរ និងប្រាំបួន។

នាគជាវត្ថុមួយដែលខ្មែរជំនាន់ដើមចូលចិត្តដាក់នៅតាមប្រាសាទ ព្រោះវាជាសត្វមានអំណាចរស់នៅជិតទឹកតំណាងភាពត្រជាក់ត្រជំ។ ចម្លាក់នាគតំណាងឱ្យព្រះមហាក្សត្រខ្មែរ ដែលមានតំណវង្សពីព្រះនាងនាគ តំណាងឱ្យធាតុទឹកដែលបានផ្តល់ភាពសម្បូររុងរឿង ត្រជាក់ត្រជំ តំណាងឱ្យឥន្ទធនូដែលតភ្ជាប់ពីឋានមនុស្សទៅឋានទេវតា និងតំណាងជាឆ្មាំការពារទេវឋាន សំណង់សាសនា ផ្ទះសំបែងជាដើម។ នាគដែលមានក្បាលចំនួនមួយរយជានាគឈ្មោះថា «អនន្ត»។ ក្រោយពីព្រះសិវៈភ្នាល់ចាញ់ព្រះវិស្ណុនាគនេះមានឈ្មោះថា «សេសៈ» និងនាគដែលប្រើក្នុងការកូរសមុទ្រទឹកដោះមានឈ្មោះថា «វាសុគិ»។

អតីតកាលពិធីបំបួសនាគគេធ្វើចំនួនពីរថ្ងៃ ឬបីថ្ងៃ តែបច្ចុប្បន្នគេធ្វើតែមួយថ្ងៃ។ តាមប្រពៃណីខ្មែរ ការបួសជាសាមណេរមានន័យថា «បួសសងគុណម្តាយ» ចាប់ពីអាយុ៧ឆ្នាំ ឬច្រើនជាងនេះ ប្រសិនបើក្មេងនោះចេះនិយាយច្បាស់ និងមានប្រាជ្ញា។ សាមណេរណាដែលមានអាយុយ៉ាងតិច២១ឆ្នាំ អាចបួសជាភិក្ខុបាន ហើយតាមប្រពៃណីខ្មែរការបួសជាភិក្ខុមានន័យថា «បួសសងគុណឪពុក»។ ម្យ៉ាងទៀតតាមប្រពៃណីខ្មែរ ការបួសមានពីរប្រភេទទៀត គឺការបួសមុខភ្លើង (ពេលមានជីដូន ជីតា ឬម្តាយឪពុកស្លាប់) និង បួសលាបំណន់ (បួសជាថ្នូរនឹងការបន់ស្រន់សុំអ្វីមួយ)។ ការបួសទាំងពីរនេះមានរយៈពេលខ្លី។

សរុបសេចក្តីមក មនុស្សដែលបានសាងផ្នួសក្នុងព្រះពុទ្ធសាសនា ជាមនុស្សមានតម្លៃល្អប្រសើរជាងមនុស្សមិនបានបួស។ អ្នកកាន់ព្រះពុទ្ធសាសនាឱ្យតម្លៃអ្នកបួសថា ជាមនុស្សល្អ ដឹងខុស ដឹងត្រូវ ដឹងគុណ ដឹងទោស ដឹងបុណ្យ ដឹងបាប…ឬកែគំនិតមាយាទ និងមានស្មារតីជាមនុស្សលះបង់ការប្រព្រឹត្តអំពើអាក្រក់ មកជាមនុស្សថ្លៃថ្នូរខ្ពង់ខ្ពស់ មានចិត្តបរិសុទ្ធ ចេញចាកផុតពីចំណងកាមគុណ និងខិតខំស្វែងរកសេចក្តីសុខ ស្ងប់ចិត្ត តាមរយៈការសង្រួមកាយ វាចា ចិត្ត។

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://km.wikipedia.org/wiki/ នាគ

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង