ហេតុផល៥យ៉ាងដែលឪពុកម្តាយគួរឧស្សាហ៍នាំកូនដើរលេងក្រៅផ្ទះ

ហេតុផល៥យ៉ាងដែលឪពុកម្តាយគួរឧស្សាហ៍នាំកូនដើរលេងក្រៅផ្ទះ

អត្ថបទព័ត៌មានស្តីពីសុខភាព និងការកម្សាន្ត
ក្រោមប្រធានបទ “ហេតុផល៥យ៉ាងដែលឪពុកម្តាយគួរឧស្សាហ៍នាំកូនដើរលេងក្រៅផ្ទះ”
អត្ថបទដកស្រង់ដោយ : លួន ស្រីទូច
#MJQE#AmericanInterconSchool

បច្ចុប្បន្នឪពុកម្តាយភាគច្រើនរវល់នឹងការងារ ឬការប្រកបមុខរបរប្រចាំថ្ងៃ ដែលជាមូលហេតុបណ្តាយឱ្យកុមារប្រើប្រាស់ទូរសព្ទ សម្ភារៈអេឡិចត្រូនិក ឬឧបករណ៍កម្សាន្តជាច្រើនផ្សេងទៀត ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព និងប្រឈមមុខខ្លាំងដូចជា កើនទម្ងន់ បញ្ហាសាច់ដុំ ឆ្អឹង ហើយនិងបញ្ហាទំនាក់ទំនងក្នុងការចូលរួមក្នុងសង្គមទៀតផង។ ដូចនេះបើឪពុកម្តាយមិនចង់ឱ្យកូនរបស់លោកអ្នកជួបនូវបញ្ហាសុខភាពទាំងអស់នេះទេ គួរតែឆ្លៀតរកពេលវេលាសម្រាប់ពួកគាត់ក្នុងការនាំដើរលេងកំសាន្តនៅខាងក្រៅឱ្យបានច្រើនកាន់តែល្អ។ ខាងក្រោមនេះ បង្ហាញពីអត្ថប្រយោជន៍ចំនួន៥ ដែលឪពុកម្តាយទាំងឡាយ គួរនាំកូនទៅលេងខាងក្រៅផ្ទះ៖

១. ជួយឱ្យសារពាង្គកាយកុមាររឹងមាំ :
សួនកម្សាន្តខាងក្រៅផ្ទះគឺជាកន្លែងល្អបំផុត ដែលកុមារអាចរត់លេងបានយ៉ាងប្រសើរ។ ក្មេងៗអាចមានសកម្មភាពជាច្រើននៅខាងក្រៅដូចជា លោត រត់ តោង រុញវត្ថុអ្វីមួយ ឬលេងបាល់ជាដើម។ រាល់សកម្មភាពទាំងនេះ គឺមិនត្រឹមតែដូចជាការហាត់ប្រាណប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចជួយពួកគេបង្កើនជំនាញផ្សេងៗទៀតផង។ ការលេងនៅខាងក្រៅនេះ នឹងជួយកូនយើងឱ្យដុតកាល់ឡូរីបានច្រើន ធ្វើឱ្យកូនចៀសផុតពីការធាត់ឡើងទម្ងន់ខ្លាំង ហើយជួយឱ្យឆ្អឹង និងសាច់ដុំកាន់តែរឹងមាំទៀតផង។ ការលេងនៅខាងក្រៅពេលថ្ងៃ គឺកុមារនឹងបានទទួលពន្លឺព្រះអាទិត្យបានកាន់តែច្រើននាំឱ្យរាងកាយផលិតវីតាមីន D បានកាន់តែច្រើន ដែលវីតាមីននេះ គឺមានប្រយោជន៍យ៉ាងច្រើនចំពោះឆ្អឹង និងសាច់ដុំ ហើយអាចជួយឱ្យចៀសផុតពីជំងឺរ៉ាំរ៉ៃមួយចំនួនទៀតផង។

២. បង្កើនទំនាក់ទំនងល្អក្នុងសង្គម
កុមារដែលលេងនៅខាងក្រៅ ច្រើនមានទំនាក់ទំនងល្អ និងសប្បាយរីករាយច្រើននៅក្នុងសង្គម។ នៅខាងក្រៅកូនយើងអាចលេងល្បែងជាមួយនឹងកុមារដទៃ ហើយអាចចែករំលែក និងអាចអភិវឌ្ឍអត្តចរិតបានយ៉ាងល្អ។ ក្មេងៗអាចរៀនពីពិភពខាងក្រៅនៅជុំវិញខ្លួនរបស់គេ ហើយបង្កើត ឬស្វែងរកអ្វីដែលថ្មីដើម្បីអាចអភិវឌ្ឍខ្លួនកាន់តែប្រសើរទៅមុខ។
ក្នុងការសិក្សាមួយបានរកឃើញថា កុមារដែលលេងនៅខាងក្រៅច្រើន ភាគច្រើនគឺមានទំនាក់ទំនងល្អ ហើយភាគច្រើន គឺអាចរៀនដល់មហាវិទ្យាល័យ និងភាគតិចឈានដល់ការប្រើប្រាស់គ្រឿងញៀន ធាត់លើសទម្ងន់ និងប្រព្រឹត្តអំពើហិង្សា។

៣. បង្កើនរូបារម្មណ៍របស់កុមារ :
ក្នុងការសិក្សាមួយដែលផ្ដោតលើចក្ខុញាណរបស់កុមារបានរកឃើញថា កុមារដែលច្រើនលេងនៅខាងក្រៅ គឺមានការមើលឃើញប្រសើរជាងកុមារដែលលេងតែនៅក្នុងផ្ទះ។ មួយវិញទៀត កុមារដែលជិតនឹងចូលរៀនគឺអាចរៀនអ្វីដែលថ្មីតាមរយៈអារម្មណ៍របស់ពួកគេ។ ក្មេងៗនឹងបង្កើនការមើលឃើញតាមរយៈមើលសត្វនៅជុំវិញ ចាប់កាន់ ស្រង់ក្លិនផ្កា និងការឮសំឡេងផ្សេងៗដូចជា សូរសំឡេងទឹកធ្លាក់ ហើយនឹងអាចបេះញាំផ្លែឈើផ្សេងៗ។ ផ្ទុយទៅវិញ ចំពោះកុមារដែលនៅក្នុងផ្ទះ ញាណដែលពួកគេទទួលបានគឺមានតែស្ដាប់ និងមើលប៉ុណ្ណោះ។

៤. បង្កើនការយកចិត្តទុកដាក់ :
ក្មេងៗដែលលេងនៅខាងក្រៅជាប្រចាំ គឺច្រើនចង់ដឹងចង់ឃើញដោយខ្លួនឯង ហើយទំនងជានៅជាប់នឹងការងារដែលចង់ដឹងឮនេះរយៈពេលយូរទៀត។ ផ្ទុយទៅវិញ កុមារដែលចំណាយពេលភាគច្រើននៅក្នុងផ្ទះជាមួយការប៉ះពាល់តិចតួចទៅនឹងសកម្មភាពខាងក្រៅ ហើយពួកគេអាចមានសកម្មភាពដោយចម្លងតាមអ្វីដែលពួកគេមើលឃើញ តាមការបង្ហាញតាមទូរទស្សន៍ ឬអ៊ីនធឺណែតប៉ុណ្ណោះ ពួកគេមិនអាចបង្កើត ឬរកឃើញសកម្មភាពថ្មីដែលមាននៅខាងក្រៅឡើយ។

៥. លូតលាស់ដោយសប្បាយរីករាយ និងមានប្រព័ន្ធភាពស៊ាំខ្លាំង :
ពន្លឺនៅខាងក្រៅជួយរំញោចក្រពេញ Pineal ដែលជាផ្នែកមួយនៃខួរក្បាលមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់យើងរឹងមាំ និងធ្វើឱ្យយើងមានអារម្មណ៍រីករាយ។ ការចំណាយពេលនឹងធម្មជាតិក៏ជួយកុមារមានអារម្មណ៍រីករាយកាន់តែច្រើន ហើយក្មេងក៏អាចយល់ពីបរិស្ថាននៅជុំវិញ ដោយពេលពួកគេធំឡើងនឹងមានអារម្មណ៍ស្រលាញ់ធម្មជាតិផងដែរ។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://www.kampucheathmey.com/kpt-plus/227832

 

 

 

 

 

 

 

 

 

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង