ហេតុការណ៍សំខាន់ៗក្នុងវិស័យអវកាសក្នុងឆ្នាំ២០២២

ហេតុការណ៍សំខាន់ៗក្នុងវិស័យអវកាសក្នុងឆ្នាំ២០២២

អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍
ក្រោមប្រធានបទ “ហេតុការណ៍សំខាន់ៗក្នុងវិស័យអវកាសក្នុងឆ្នាំ២០២២”
អត្ថបទដោយ : ហ៊ុល សារួន
#MJQE#AmericanInterconSchool

ឆ្នាំ២០២១កន្លងទៅ អាចរាប់ថាជាឆ្នាំដ៏ពិសេសមួយនៃវិស័យអវកាសជាមួយនឹងការបាញ់បង្ហោះបេសកកម្ម សំខាន់ៗជាច្រើន រាប់ចាប់តាំងពីទេសចរណ៍អវកាសឯកជន រហូតទៅដល់ការបាញ់បង្ហោះតេឡេស្កុបអវកាស ជេមស៍វេប។ ឆ្នាំ២០២២នេះ អាចនឹងកាន់តែពិសេសជាងឆ្នាំមុនទៅទៀតជាមួយនឹងហេតុការណ៍សំខាន់ៗជាច្រើនផ្សេងទៀតដែលគេគ្រោងធ្វើ។

ក្រៅពីវិស័យទេសចរណ៍អវកាសឯកជន ដែលបានចាប់ផ្តើមឡើងកាលពីឆ្នាំ២០២១កន្លងទៅនេះ ដែលគេរំពឹងថានឹងបន្តមានសន្ទុះខ្លាំងនៅក្នុងឆ្នាំនេះ ហេតុការណ៍ចម្បងបំផុតដែលគេទន្ទឹងរង់ចាំជាងគេនៅក្នុងឆ្នាំ២០២២នេះ គឺដំណើរការរបស់តេឡេស្កុបអវកាសជេមស៍វេប។

ជេមស៍វេប ដែលត្រូវបានបាញ់បង្ហោះកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ ត្រូវចំណាយពេលរហូតដល់ទៅ២៩ថ្ងៃ ពោលគឺរហូតទៅដល់ថ្ងៃទី២៣ ខែមករា ចុងខែនេះ ទើបអាចធ្វើដំណើរទៅដល់គោលដៅ ហើយមកទល់នឹងពេលនេះ គេនៅមិនទាន់អាចដឹងបាននៅឡើយទេថា តើតេឡេស្កុបអវកាសនេះនឹងអាចមានដំណើរការបានដូចការរំពឹងទុកដែរឬក៏យ៉ាងណានោះទេ ដោយក្នុងអំឡុងពេលប្រមាណជា៣សប្តាហ៍ខាងមុខនេះ ជេមស៍វេបនឹងត្រូវឆ្លងកាត់នូវដំណាក់កាលដ៏សែនស្មុគស្មាញជាច្រើនដើម្បីពន្លាតខ្លួនចេញជារូបរាងពេញលេញដោយជោគជ័យក្នុងដំណាក់កាលនីមួយៗសុទ្ធតែជារឿងមិនអាចខ្វះបាន។

ប្រសិនបើអ្វីៗមានដំណើរការទៅតាមការគ្រោងទុក គេរំពឹងថានឹងអាចចាប់ផ្តើមទទួលបានរូបភាពដែលថតដោយជេមស៍វេប នៅពាក់កណ្តាលឆ្នាំ២០២២ ប្រមាណជា៦ខែក្រោយការបាញ់បង្ហោះ។ រូបភាពដែលថតដោយជេមស៍វេបនេះ អាចនឹងជាចំណុចរបត់ដ៏ចម្បងមួយនៅក្នុងដំណើរវិវឌ្ឍនៃចំណេះដឹងរបស់មនុស្សយើងទៅលើចក្រ វាល ពីព្រោះថាជេមស៍វេបជាតេឡេស្កុបដ៏ទំនើបដែលអាចឆ្លុះមើលទៅដល់ចម្ងាយរហូតដល់ទៅជាង១៣ពាន់លានឆ្នាំពន្លឺ អាចឱ្យយើងសង្កេតឃើញកាឡាក់ស៊ីដែលចាប់កំណើតឡើងដំបូងៗ មិនយូរប៉ុន្មានក្រោយហេតុការណ៍ប៊ីកប៊ែង ហើយអាចឱ្យយើងស្រាយនូវចម្ងល់ជាច្រើនទាក់ទងនឹងការចាប់កំណើតនៃចក្រវាល។

បន្ថែមពីលើនេះទៅទៀត តេឡេស្កុបជេមស៍វេបក៏មានសមត្ថភាពអាចឆ្លុះមើល និងកំណត់បានយ៉ាងលម្អិតផងដែរ អំពីធាតុផ្សំនៃបរិយាកាសលើភពក្រៅប្រព័ន្ធព្រះអាទិត្យ ដែលជាគន្លឹះចម្បងមួយនៅក្នុងការសិក្សាស្វែងរកជីវិតក្រៅភពផែនដី។ ក្រៅពីតេឡេស្កុបជេមស៍វេប ហេតុការណ៍ដ៏ចម្បងមួយទៀតនៅក្នុងឆ្នាំ២០២២នេះ គឺការចាប់ផ្តើមជំហានដំបូងនៃដំណើរវិលត្រឡប់ទៅកាន់ព្រះចន្ទតាមរយៈគម្រោងអារតេមីស (Artemis) របស់ណាសា(NASA)។

បេសកកម្មទីមួយក្នុងគម្រោងអារតេមីសដែលគេឱ្យឈ្មោះថា “Artemis I” ត្រូវណាសាគ្រោងបាញ់បង្ហោះនៅថ្ងៃទី១២ ខែមីនាខាងមុខនេះ ដើម្បីសាកល្បងបច្ចេកវិទ្យាដ៏ថ្មីស្រឡាងទាំងពីរ គឺរ៉ុកកែតធុន SLS និងយាន Orion ដែលគេត្រូវយកទៅប្រើដើម្បីបញ្ជូនអវកាសយានិកឱ្យទៅចុះចតនៅលើដីព្រះចន្ទនាពេលខាងមុខ។

នៅក្នុងបេសកកម្មសាកល្បងនៅខែមីនាខាងមុខនេះ យាន Orion ដែលមិនទាន់មានដឹកអវកាសយានិកនៅឡើយ នឹងត្រូវបាញ់បង្ហោះដោយរ៉ុកកែត SLS ឱ្យហោះទៅកាន់ព្រះចន្ទ បន្ទាប់មកហោះចូលទៅក្នុងគន្លងជុំវិញព្រះចន្ទ មុននឹងហោះត្រឡប់មកផែនដីវិញនៅក្នុងបេសកកម្មដែលត្រូវចំណាយពេលគិតជាសរុបក្នុងចន្លោះពី២៦ ទៅ៤២ថ្ងៃ។

បេសកកម្ម Artemis I នេះ ប្រសិនបើបានទទួលជោគជ័យដូចការគ្រោងទុក វានឹងបើកផ្លូវឆ្ពោះទៅកាន់ជំហានបន្ទាប់ គឺបេសកកម្ម Artemis II ដែលនឹងដឹកអវកាសយានិកឱ្យទៅហោះជុំវិញព្រះចន្ទ នៅក្នុងឆ្នាំ២០២៤ និងបន្ទាប់មកទៀត បេសកកម្មបញ្ជូនអវកាសយានិកឱ្យទៅចុះចតលើដីព្រះចន្ទ ដែលពីដំបូងត្រូវគេគ្រោងធ្វើនៅឆ្នាំ២០២៤ ក៏ប៉ុន្តែក្រោយមកត្រូវលើកពេលទៅឆ្នាំ២០២៥។

នៅឆ្នាំ២០២២នេះ ក៏ជាឆ្នាំដ៏ពិសេសមួយផងដែរ សម្រាប់បច្ចេកវិទ្យារ៉ុកកែតអវកាស ដោយរ៉ុកកែតធុនធំ និងទំនើបៗរហូតដល់ទៅ៤ អាចនឹងត្រូវគេបាញ់បង្ហោះសាកល្បង និងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំតែមួយ ក្នុងនោះ ក្រៅពីរ៉ុកកែតធុន SLS របស់ណាសា និងរ៉ុកកែត Starship របស់ក្រុមហ៊ុន SpaceX ក៏នៅមានរ៉ុកកែតទំនើបចំនួនពីរទៀត គឺរ៉ុកកែតធុន Vulcan របស់ក្រុមហ៊ុន United Launch Alliance (ULA) ដែលជាក្រុមហ៊ុនវិនិយោគរួម រវាងក្រុមហ៊ុន Lockheed Martin និងក្រុមហ៊ុនប៊ូអ៊ីង និងមួយទៀត រ៉ុកកែតធុន Ariane-6 របស់អឺរ៉ុប ដែលនឹងត្រូវជំនួសរ៉ុកកែតធុន Ariane-5 ដែលគេទើបនឹងប្រើដើម្បីបាញ់បង្ហោះតេឡេស្កុបអវកាសជេមស៍វេប កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://www.rfi.fr/km

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង