ស្វែងយល់ពីថ្នាក់ដឹកនាំ៥ប្រភេទ

ស្វែងយល់ពីថ្នាក់ដឹកនាំ៥ប្រភេទ

អត្ថបទព័ត៌មានស្តីពីអាជីព និងការងារក្រោមប្រធានបទ “ស្វែងយល់ពីថ្នាក់ដឹកនាំ៥ប្រភេទ”
អត្ថបទដកស្រង់ដោយ : កែវ សុភា
#MJQE#AmericanInterconSchool

តើអ្នកដឹងទេថា ខ្លួនឯងកំពុងឈរនៅក្នុងអ្នកដឹកនាំប្រភេទណា? អ្នកដឹកនាំពិត មិនមែនសំដៅលើតែការងារ តួនាទី និងមុខតំណែងឡើយ។ អ្នកដឹកនាំពិត គឺជាដឹកនាំមនុស្សជុំវិញខ្លួន បង្កើតការទំនាក់ទំនង និងបំផុសគំនិតរបស់ពួកគាត់។ ថ្នាក់ដឹកនាំបែបនោះ គឺជាដឹកនាំឱ្យចេញជាលទ្ធផល ផ្លែផ្កា ដោយការបង្កើតជាក្រុម និងជាក្រុមដែលអាចធ្វើកិច្ចការងារដោយល្អប្រសើរ។ អ្នកដឹកនាំពិត គឺជាអ្នកជួយជ្រោមជ្រែងបុគ្គលផ្សេងៗក្លាយជាដឹកនាំដែរ។ អ្នកដឹកនាំពិត ជាបុគ្គលដែលមានជំនាញ និងការលះបង់ខ្ពស់ រហូតក្លាយជាថ្នាក់ដឹកនាំកំពូលក្នុងការពង្រាយនៃសមត្ថភាពរបស់គាត់សម្រាប់ជាប្រយោជន៏ដល់អ្នកដទៃ ហើយក៏ជាអ្នកបង្កើតនូវអ្នកដឹកនាំពិតប្រាកដជាបន្តបន្ទាប់។ អ្នកដឹកនាំដ៏ពូកែ ត្រូវបានលោក Max-well ធ្វើការបែងចែកជា៥ប្រភេទដូចខាងក្រោម៖

១. អ្នកដឹកនាំដោយតួនាទី :
អ្នកដឹកនាំប្រភេទនេះ គឺមានតែតួនាទីជាកត្តាដែលគាត់ក្លាយជាអ្នកដឹកនាំ គាត់អាចជាបុគ្គលដែលថ្នាក់ដឹកនាំផ្សេងទៀតលើកតម្តើង និងផ្តល់ឱកាស។ អ្នកដឹកនាំបែបនេះ គឺគេគោរពដោយតួនាទី និងតំណែងការងាររបស់គាត់ប៉ុណ្ណោះ។ តែទោះយ៉ាងណា គឺជាចំណុចចាប់ផ្តើមមុនគេក្នុងការបង្កើនសមត្ថភាពជាអ្នកដឹកនាំទៅមួយកម្រិតទៀត។ ជាក់ស្តែង មិនមែនជាការខុសឆ្គងអ្វីទេ ដែលមានអ្នកដឹកនាំដោយតួនាទី តែអ្វីដែលខុសនោះគឺអ្នកដឹកនាំដែលយកតួនាទីមកៀប ឬបង្អួតឱ្យគេគោរពតាម។ អ្នកដឹកនាំប្រភេទនេះ គឺជាអ្នកដឹកនាំដែលខ្សោយជាងគេ ការដឹកនាំផ្តាច់ការដូចជាថៅកែដែលយកច្បាប់ គោលការដ៏តឹងរឹងខ្លាំងមកកៀបសង្កត់បុគ្គលិកក្រោមបង្គាប់ឱ្យអនុវត្តតាមខ្លួន។ អ្នកដែលនៅក្រោមអ្នកដឹកនាំដោយតួនាទី គឺធ្វើតាមតែអ្វីដែលអ្នកដឹកនាំប្រាប់ប៉ុណ្ណោះ ដោយគ្មានគោលការណ៍ច្បាស់លាស់ គ្មានភាពម្ចាស់ការ ឬគំនិតផ្ទាល់ខ្លួនឡើយ។

២. អ្នកដឹកនាំដោយទទួលបានការគាំទ្រ :
អ្នកដឹកនាំប្រភេទនេះ ជំនាញសំខាន់គឺមានសមត្ថភាពក្នុងការទំនាក់ទំនង។ គាត់មានសមត្ថភាពក្នុងការឱ្យតម្លៃមនុស្សជុំវិញខ្លួន បង្កើតភាពជឿជាក់ទៅវិញទៅមក។ អ្នកដឹកនាំប្រភេទនេះនឹងមានការបង្កើតបរិយាកាសដោយសុទិដ្ឋិនិយមច្រើនជាងអ្នកដឹកនាំផ្សេង។ គាត់ក៏រាងសង្កត់ធ្ងន់ទៅលើតួនាទីរបស់គាត់ដែរ តែអ្វីដែលចាំបាច់ជាងហ្នឹងទៀត គឺការស្វែងយល់ពីការយល់ឃើញរបស់មនុស្សជុំវិញខ្លួន ធ្វើយ៉ាងម៉េចឱ្យចុះសម្រុងគ្នា រហូតដល់អ្នកនៅក្រោមបង្គាប់យល់ពីអ្នកដឹកនាំកាន់តែច្បាស់ ហើយទំនាក់ទំនងដោយរលូន។ អ្នកមិនចាំបាច់ស្រលាញ់ចូលចិត្តនរណាម្នាក់ទាល់តែធ្វើជាអ្នកដឹកនាំគេទេ តែអ្នកមិនអាចដឹកនាំនរណាម្នាក់ដោយគ្មានការស្រលាញ់ និងយកចិត្តទុកដាក់ដល់ពូកគាត់ឡើយ។

៣. អ្នកដឹកនាំដោយមានសមត្ថភាពបញ្ចេញជាសមិទ្ធផល :
ជាក់ស្តែង នៅមានកត្តាច្រើនទៀតដែលធ្វើឱ្យអ្នកក្លាយជាអ្នកដឹកនាំដ៏ល្អ ក្រៅពីការចេះបង្កើតបរិយាកាសល្អក្នុងការងារ អ្នកដឹកនាំល្អក៏ជាអ្នកមានសមត្ថភាពឱ្យការងារសម្រេចបានដោយរលូន មានជាលទ្ធផលនានា។ អ្នកដឹកនាំប្រភេទនេះមានឥទ្ធិពលខ្លាំង និងមានសក្តានុពល ដោយគាត់ធ្វើឱ្យអ្នករួមការងារមានភាពរីករាយ ធ្វើការដោយប្រឹងប្រែង ទទួលបានការលើកសរសើរ និងឱ្យតម្លៃ។ ដោយហេតុនេះហើយ អត្រានៃការចាកចេញរបស់បុគ្គលិកក៏មានកម្រិតទាបទៀតដែរនៅក្នុងការគ្រប់គ្រងរបស់អ្នកដឹកនាំប្រភេទនេះ។

៤. អ្នកដឹកនាំដោយមានសមត្ថភាពបណ្តុះបណ្តាលអ្នកដទៃ :
អ្នកដឹកនាំប្រភេទនេះ មានសមត្ថភាពកាន់តែខ្ពស់ដោយការប្រើប្រាស់ស្ទើរគ្រប់ជំនាញ ដើម្បីបណ្តុះ បណ្តាលបុគ្គលិកឱ្យឈានទៅដល់កម្រិតជាអ្នកដឹកនាំពិតប្រាកដ។ ជាលទ្ធផលអ្នកដឹកនាំប្រភេទនេះ គឺអាចកែច្នៃឱ្យអ្នកដទៃក្លាយជាអ្នកដឹកនាំដ៏មានសមត្ថភាពដូចខ្លួនឯងដែរ។

៥. អ្នកដឹកនាំថ្នាក់កំពូល :
ជាការពិតណាស់ អ្នកដឹកនាំចុងក្រោយនេះ គឺជាអ្នកដឹកនាំដែលពិបាកបំផុត។ មានមនុស្សតិចតួចណាស់ដែលបានដល់កម្រិតកំពូលនេះ។ បើសិនជាមានអ្នកដឹកនាំប្រភេទនេះ គឺជាអំណោយពីទេវតាប្រទានហើយ។ បុគ្គលភាគច្រើនអាចឈានពីប្រភេទទី១ ទៅដល់ទី៤ ពីព្រោះតែអ្នកដឹកនាំប្រភេទនេះ មានឆន្ទៈ អត់ធ្មត់ខ្ពស់ណាស់ ទាំងការតាំងចិត្ត និងប្រាជ្ញា សមត្ថភាពខ្ពស់។ មានអ្នកដឹកនាំច្រើនអាច បណ្តុះមនុស្សទៅប្រភេទទី៤ តែកម្រិតនេះគឺជារឿងដ៏ពិបាក ដោយអ្នកដឹកនាំថ្នាក់កំពូលលែងយកការទទួលបានការគាំទ្រជាធំទៀតហើយ តែចង់ឃើញមនុស្សជុំវិញខ្លួនរីកចម្រើន។ ការដឹកនាំបុគ្គលផ្សេងៗឱ្យក្លាយជាអ្នកដឹកនាំមានសមត្ថភាព ដែលស្ម័គ្រចិត្តផ្លាស់ប្តូរ គឺជារៀងដែលស្មុគស្មាញបំផុត ព្រោះវាមិនមែនជាការងាយទេក្នុងការផ្លាស់ប្តូរផ្នត់គំនិតរបស់បុគ្គលម្នាក់ៗ។ អ្នកដឹកនាំប្រភេទនេះមិនត្រឹមតែអាចបង្កើតអ្នកដឹកនាំនោះទេ ថែមទាំងបង្កើតឱកាសដល់មនុស្សជុំវិញខ្លួនទៀតផង។ ភាគច្រើនគាត់ត្រូវបានទទួលការគោរពដោយអស់ពីចិត្ត និងមានកិត្តិយសដោយឯកឯង ដូចផ្កាក្រអូបបញ្ច្រាសខ្យល់។

លោក Max-well បានចែករំលែកពីចំណុចសំខាន់ទាំង១០ របស់អ្នកដឹកនាំដែលជួយឱ្យយើងបានយល់ដឹងពីទំនាក់ទំនងរវាងកម្រិតសមត្ថភាពនៃអ្នកដឹកនាំនីមួយៗ៖
១. អ្នកដឹកនាំគ្រប់រូប អាចបង្កើនសមត្ថភាពទៅមួយកម្រិតៗ តែមិនមានន័យថាត្រូវបោះបង់ចោលមួយទៅយកមួយទេ មានន័យថាជាការសន្សំសមត្ថភាពពីមួយទៅមួយកម្រិតទៀត។
២. មនុស្សម្នាក់ៗ សុទ្ធតែមានកម្រិតនៃការដឹកនាំផ្សេងៗគ្នា។
៣. កាលណាអ្នកបង្កើនសមត្ថភាពដឹកនាំរបស់អ្នកកាន់តែខ្ពស់ ការដឹកនាំរបស់អ្នកកាន់មានភាពងាយស្រួល។
៤. កាលណាអ្នកបង្កើនសមត្ថភាពដឹកនាំអ្នកកាន់តែខ្ពស់ អ្នកកាន់តែប្រឹងប្រែងខ្លាំងឡើងៗ និងឆន្ទៈកាន់តែមុតមាំៗទៅ។
៥. ការសន្សំសមត្ថភាពជាអ្នកដឹកនាំ គឺជារឿងដែលពិបាក និងត្រូវការពេលវេលាច្រើន តែការធ្លាក់ចុះវិញកាន់តែលឿនផងដែរ។
៦. កាលណាអ្នកបង្កើនសមត្ថភាពដឹកនាំអ្នកកាន់តែខ្ពស់ អត្ថប្រយោជន៍ក៏កើនឡើងដែរ។
៧. ការរំកិលកាន់តែខ្ពស់ ក៏ទាមទារការអភិវឌ្ឍខ្លួនក៏កាន់តែខ្លាំងដែរ។
៨. ការព្យាយាមនៅកន្លែងដែលស្រួលមិនព្រមផ្លាស់ប្តូរ ជាកត្តាបិទការរីកចម្រើនទាំងខ្លួនឯង និងមនុស្សជុំវិញខ្លួន។
៩. ការផ្លាស់ប្តូរតួនាទី ឬកន្លែងការងារមិនមែនមានន័យថា ជាការឡើងកម្រិតនៃការដឹកនាំទេ ពេលខ្លះអ្នកនៅតែកម្រិតដដែលទេ បើអ្នកមិនបានបន្ថែមសមត្ថភាពដឹកនាំរបស់អ្នក។
១០. ការបង្កើនសមត្ថភាពដឹកនាំ មិនមែនមានន័យថា ជាការរីកចម្រើនតែបុគ្គលខ្លួនឯងនោះទេ៕

 

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង