ស្វែងយល់ពីជំងឺ១៤មុខ ដែលមនុស្សចាស់ឧស្សាហ៍កើតមាន

ស្វែងយល់ពីជំងឺ១៤មុខ ដែលមនុស្សចាស់ឧស្សាហ៍កើតមាន

អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “ស្វែងយល់ពីជំងឺ១៤មុខ ដែលមនុស្សចាស់ឧស្សាហ៍កើតមាន”
អត្ថបទដោយ : គាក ម៉ាណែត
#MJQE#AmericanInterconSchool

វ័យចាស់ គឺមិនស្រួលទេ ពិបាកទាំងការគេង និងការញ៉ាំ ហើយអាចមានជំងឺប្រចាំកាយធ្វើទុក្ខមិនលុះទៀត។ សុខភាពប្រព័ន្ធភាពស៊ាំ (ប្រព័ន្ធប្រឆាំងជំងឺ ចូលរាងកាយ) កាន់តែខ្សោយ ធ្វើឱ្យជំងឺមួយចំនួនអាចលុកលុយ ឬកើតបាន គួរបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ឬយកចិត្តទុកដាក់ឱ្យមែនទែន។ ប្រសិនបានអាន និងស្វែងយល់ពីបញ្ហាប្រឈមចំពោះសុខភាពមនុស្ស ហើយយើងចង់បញ្ចៀសបញ្ហាមួយចំនួន ដែលអាចកើតមានចំពោះចាស់ៗនៅក្នុងផ្ទះ អ្នកគួរស្វែងយល់ ហើយព្យាយាមបំពេញចន្លោះប្រហោងរបស់មនុស្សចាស់ ជាពិសេសរៀបចំ ឬជំរុញការញ៉ាំ និងហាត់ប្រាណ ឬប្រើប្រាស់ថ្នាំជាប្រចាំសម្រាប់ពួកគាត់។ អ្នកគួរស្វែងយល់ពីប្រភេទជំងឺ១៤មុខ ដែលតែងតែកើតមានចំពោះមនុស្សចាស់ៗ ឬវ័យកាន់តែជ្រេ (លើសពី៦០) ដូចខាងក្រោមនេះ៖

១. រលាកសន្លាក់ :
ជំងឺរលាកសន្លាក់ បើនិយាយម្យ៉ាងទៀត “សន្លាក់ដែលរងការរលាក” បណ្ដាលឱ្យមានការចុកចាប់ ឬឈឺតាមគន្លាក់ដៃគន្លាក់ជើង មិនអាចគ្រប់គ្រងបាន ភាពរឹងគាំង និងការហើមនៅលើរាងកាយមនុស្សចាស់។ មនុស្សចាស់ជាទូទៅតម្រូវឱ្យមានសកម្មភាពប្រចាំថ្ងៃក្នុងដែនកំណត់មួយដូចជា៖ ការដើរ ការអោនចំកោង ការឡើងជណ្ដើរ។

២. បេះដូង :
គួរតាមដានឱ្យមែនទែនចំពោះបញ្ហាបេះដូង។ គួរធ្វើរោគវិនិច្ឆ័យថាមានកម្រិតខ្ពស់នៃជាតិគ្លុយកូស ឬជាតិកូឡេស្តេរ៉ូល ដែលអាចបង្កជាជំងឺស្ទះ ឬដាច់សរសៃឈាមខួរក្បាល (stroke) ឬកើតមានបញ្ហាបេះដូង នៃចំណែកណាមួយឬអត់។ យោងតាម CDC (មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ) អាមេរិកបានបញ្ជាក់ថា ជំងឺបេះដូងគឺជាឃាតកចម្បងមួយលើមនុស្សអាយុលើសពី៦៥ឆ្នាំ។ វាទទួលខុសចំពោះការស្លាប់ជិត៥០ម៉ឺនករណីនៅក្នុងឆ្នាំ២០១៤។

៣. មហារីក :
មហារីក គឺជាមូលហេតុធំទីពីរដែលបណ្ដាលឱ្យមនុស្សអាយុលើសពី៦៥ឆ្នាំស្លាប់។ ប្រសិនបើត្រូវបានរកឃើញបានលឿនពីដើមទីតាមរយៈការពិនិត្យរាវរកដូចជា ការថតកាំរស្មីអ៊ិចសុដន់ ការឆ្លុះពោះវៀនធំ និងការឆែកពិនិត្យមើលស្បែកប្រភេទជាច្រើននៃមហារីក គឺអាចព្យាបាលបាន។

៤. ផ្លូវដង្ហើម :
ជំងឺផ្លូវដង្ហើមមានច្រើនប្រភេទ ប្រភេទខ្លះអាចមិនមានគ្រោះថ្នាក់ ហើយអាចជាដោយខ្លួនឯងវិញដូចជាគ្រុនផ្ដាសាយជាដើម ប៉ុន្តែខ្លះទៀតអាចមានគ្រោះថ្នាក់ដល់ជីវិតមានដូចជា រលាកសួត កកឈាមក្នុងសរសៃឈាមសួត (Pulmonary embolism) រោគហឺតស្រួចស្រាវ និងមហារីកសួត។ មនុស្សវ័យចំណាស់ គួរតែធ្វើតេស្តលើមុខងារសួតឱ្យបានញឹកញាប់ និងទៅជួបពេទ្យដើម្បីទទួលបានការណែនាំផ្សេងៗ។

៥. ជំងឺបាត់ការចងចាំមនុស្សចាស់ (Alzheimer’s disease) :
ជំងឺបាត់បង់ការចងចាំលើមនុស្សចាស់ ឬយើងតែងជួបប្រទះហើយហៅជំងឺនេះថា “វង្វេង” មិនត្រឹមតែជាជំងឺធ្ងន់ និងលំបាកធ្វើរោគវិនិច្ឆ័យប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបណ្ដាលឱ្យមនុស្សចាស់មានបញ្ហាធ្ងន់ធ្ងរ តាមរយៈការវង្វេងវង្វាន់ ឬអត់ចាំអីទាំងអស់ដូចជា មិនស្គាល់សមាជិកគ្រួសារ ឬអ្នកនៅជុំវិញខ្លួន មិនស្គាល់កន្លែងកំពុងនៅ ឬរបស់របរផ្សេងៗក៏មិនអាចចំណាំ ឬស្គាល់។

៦. បញ្ហាមើល ឬស្ដាប់ :
មនុស្សចាស់ភាគច្រើនមានបញ្ហាក្នុងការមើល និងស្ដាប់ តែទោះជាយ៉ាងនេះក្ដី ក៏បញ្ហាទាំងអស់នេះមិនសូវប៉ះពាល់ខ្លាំងលើជីវិតរស់នៅប្រចាំថ្ងៃទៀតឡើយ ព្រោះតែមានជំនួយពីវ៉ែនតា និងឧបករណ៍ជំនួយការស្ដាប់ដែលងាយនឹងរកទិញបាន។

៧. បញ្ហាមាត់ធ្មេញ :
សុខភាពមាត់ធ្មេញ គឺជាចំណែកដ៏សំខាន់នៃសុខភាពរបស់មនុស្សវ័យចំណាស់ ប៉ុន្តែតែងតែត្រូវបានគេមើលរំលងជានិច្ច ដោយសារវាអាចនឹងបង្កនូវការឱ្យតម្លៃខ្លួនឯងទាប ការពិបាកនឹងគោរពធ្វើតាមរបបអាហារដែលផ្ដល់សុខភាពល្អ និងផលវិបាកដទៃផ្សេងទៀត។ ដើម្បីចៀសវាងប្រហោង ឬការពុកធ្មេញ មនុស្សចាស់គួរធ្វើការពិនិត្យសុខភាពធ្មេញឱ្យបានទៀងទាត់ជាប្រចាំ។

៨. បញ្ហាអាហារូបត្ថម្ភ :
កង្វះអាហារូបត្ថម្ភ ជារឿយៗត្រូវបានធ្វើរោគវិនិច្ឆ័យមិនអស់គ្រប់គ្រាន់ បើទោះបីជាវាអាចនាំទៅដល់ប្រព័ន្ធភាពស៊ាំងាយរងគ្រោះ និងសន្លាក់ ឬសាច់ដុំខ្សោយក៏ដោយ។ មូលហេតុដែលនាំឱ្យមានបញ្ហានេះកើតឡើងអាចបណ្ដាលមកពីជំងឺភ្លេចភ្លាំង។ ប្រការនេះបានពន្យល់ថា ហេតុអ្វីបានជាមនុស្សវ័យចំណាស់ភ្លេចបរិភោគ ជំងឺធ្លាក់ទឹកចិត្តរហូតដល់ការថយចុះនូវការទាក់ទងក្នុងសង្គម និងមានច្រើនបែបនេះទៀតជាដើម។ បើមិនចង់ឱ្យចាស់ៗនៅក្នុងផ្ទះកើតមានបញ្ហានេះ យើងជាសមាជិកគ្រួសារ គួរគិតគូ ហើយរៀបចំឱ្យបានទៀងទាត់ លើកត្តាហូបចុកប្រចាំថ្ងៃរបស់ពួកគាត់។

៩. ស្រាបារី :
ការប្រើសារធាតុញៀនដូចជា សុរា ថ្នាំជក់ ឬកញ្ឆាក្នុងរយៈពេលយូរ អាចនឹងនាំទៅដល់ការពុល និងទ្រុឌទ្រោមសុខភាពទាំងមូល ហើយនឹងត្រូវប្រើឱសថដែលត្រូវការវេជ្ជបញ្ជា។ សារធាតុញៀនទាំងនេះ អាចបង្កជាជំងឺជាច្រើនផ្សេងទៀត បើប្រើ ឬញ៉ាំច្រើន។

១០. ធាត់ស្អៀច :
ភាពធាត់ស្អៀច គឺជាកត្តាហានិភ័យសុខភាពរបស់មនុស្សវ័យចំណាស់សម្រាប់ជំងឺបេះដូង ជំងឺទឹកនោមផ្អែម មហារីក និងបញ្ហាសុខភាពរ៉ាំរ៉ៃទាំងអស់ដែលប៉ះទង្គិចដល់ជីវិតបាន។ មនុស្សចាស់ដែលមិនមានសកម្មភាពដូចមុន ក៏អាចជាសញ្ញាមួយទៀតដែរ។

១១. ធ្លាក់ទឹកចិត្ត :
ជំងឺធ្លាក់ទឹកចិត្តមានគ្រោះថ្នាក់ ព្រោះវាអាចធ្វើឱ្យភាពស៊ាំធ្លាក់ថយចុះ ហើយធ្វើឱ្យខ្សោយដល់សមត្ថភាពរបស់មនុស្សម្នាក់ក្នុងការប្រយុទ្ធនឹងការបង្ករោគ។ លើសពីនេះ វារំខានដល់របបអាហារ និងបែបផែនជីវិតរស់នៅ ដោយបង្កនូវអាហារូបត្ថម្ភមិនប្រក្រតី និងហានិភ័យសុខភាពដទៃទៀត។

១២. ជំងឺពុកឆ្អឹង :
ជំងឺពុកឆ្អឹងបណ្ដាលឱ្យម៉ាសឆ្អឹងមានកម្រិតទាប។ វាធ្វើឱ្យមនុស្សចាស់ប្រឈមនឹងហានិភ័យនៃការបាក់ឬប្រេះឆ្អឹង ដែលអាចនាំឱ្យសុខភាពមិនល្អ និងបន្ថយគុណភាពនៃជីវិត។

១៣. ទល់លាមក :
មិនអាចបន្ទោបង់ និងទល់លាមក ជាធម្មតាច្រើនកើតទៅលើមនុស្សចាស់។ មនុស្សចាស់គួរតែញ៉ាំអាហារដែលផ្ដល់សុខភាពល្អ និងហាត់ប្រាណឱ្យបានទៀតទាត់ និងកុំខ្មាសអៀនក្នុងការចែករំលែកព័ត៌មានទាំងនេះទៅសមាជិកគ្រួសារ និងគ្រូពេទ្យ។

១៤. ជំងឺឆ្លង :
សមត្ថភាពផ្លូវភេទអាចនឹងប្រែប្រួលនៅពេលអាយុកាន់តែច្រើន ប៉ុន្តែចំណង់ (ផ្លូវភេទ) នៅតែមាន។ មនុស្សចាស់មិនប្រើស្រោមអនាម័យ រាល់ការរួមភេទជាមួយដៃគូខាងក្រៅ ខណៈប្រព័ន្ធភាពស៊ាំខ្សោយផង អាចឆ្លងជំងឺ ទាំងកាមរោគ ជំងឺអេដស៍ និងប្រភេទជំងឺឆ្លងជាច្រើនទៀតបាន។

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://hellokrupet.com

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង