ស្វែងយល់ពីគុណសម្បត្តិ និងគុណវិបត្តិ នៃការភ្ជាប់ប្រព័ន្ធ GPS នៅលើយានយន្

ស្វែងយល់ពីគុណសម្បត្តិ និងគុណវិបត្តិ នៃការភ្ជាប់ប្រព័ន្ធ GPS នៅលើយានយន្

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “ស្វែងយល់ពីគុណសម្បត្តិ និងគុណវិបត្តិ នៃការភ្ជាប់ប្រព័ន្ធ GPS នៅលើយានយន្ត”
អត្ថបទដកស្រង់ដោយ : ប៉ែន ពន្លឺ
#MJQE#AmericanInterconSchool

ប្រព័ន្ធ GPS គឺជាឧបករណ៍រុករកភ្ជាប់ទៅលើយានចល័តដោយប្រើប្រព័ន្ធកំណត់ទីតាំងសកល Global Positioning System ដើម្បីតាមដានចលនារបស់ឧបករណ៍ និងកំណត់ទីតាំងរបស់វា។ វាជា
បច្ចេកវិទ្យាថ្មីដែលមានប្រជាប្រិយភាពខ្លាំងនៅលើទីផ្សារយានយន្តបច្ចុប្បន្ន ដែលជំនួយដល់ម្ចាស់យានជំនិះក្នុងករណីបាត់បង់ទ្រព្យសម្បត្តិជាយថាហេតុ។

វាអាចបញ្ជូនទិន្នន័យបានយ៉ាងងាយស្រួល និងរហ័សមកកាន់ទូរសព្ទដៃ កុំព្យូទ័រ និងបណ្តាញទំនាក់ទំនងជាច្រើនទៀត។ ការគ្រប់គ្រង Software អាចធ្វើឱ្យម្ចាស់យានជំនិះគ្រប់គ្រងបានយ៉ាងងាយ មិនតែប៉ុណ្ណោះ បង្ហាញផ្លូវទៅកាន់គោលដៅដែលអ្នកចង់ទៅ វាអាចបង្ហាញផ្លូវដែលមិនមានការកកស្ទះចរាចរណ៍ បង្ហាញផ្លូវកាត់ដែលអាចទៅដល់ទីតាំងបានទាន់ពេល។ ហេតុផលនេះវាជួយដល់ការចំណាយលុយទៅលើថ្លៃប្រេងឥន្ធនៈលើយានយន្តបានមួយកម្រិត។ ប្រព័ន្ធនេះអនុលោមឱ្យការបើកបរពោរពេញទៅដោយសុវត្ថិភាព និងស្ថិតក្រោមលក្ខខណ្ឌដាស់តឿនផ្តល់សញ្ញាឱ្យគោរពច្បាប់ចរាចរណ៍ ឱ្យបានត្រឹមត្រូវតាមការកំណត់។ ក្នុងករណីមានចោរកម្មទៅលើយានយន្តរបស់អ្នក វាអាចផ្តល់សញ្ញា និងបង្ហាញពីទិសដៅដើម្បីជាគន្លឹះនៅក្នុងការចាប់ជនល្មើស និងការពារទ្រព្យសម្បត្តិត្រឡប់មកវិញ។

បើនិយាយពីគុណវិបត្តិវិញ ប្រព័ន្ធ GPS មិនប្រាកដថានឹងបង្ហាញពីទិសដៅច្បាស់លាស់ទាំងស្រុងឡើយ ព្រោះថាសេវាអាចរាំងស្ទះព្រោះតែអគារខ្ពស់ៗ ដើមឈើធំៗនៅតាមផ្លូវជាដើម ដែលជាហេតុមិនអាចឱ្យប្រព័ន្ធ GPS ចាប់ទីតាំងឱ្យបានជាក់ច្បាស់។ មួយវិញទៀត ការដាក់ភ្ជាប់ប្រព័ន្ធកំណត់ទីតាំងសកលនេះ អាចជាការឈ្លានពានភាពឯកជនរបស់មនុស្សមួយចំនួន ជាពិសេសអ្នកដែលស្ថិតនៅក្រោមការគ្រប់គ្រងពីអាណាព្យាបាល ហើយពួកគាត់យល់ឃើញថាវាជាការបំពានរឿងឯកជនរបស់ពួកគាត់។

ម្យ៉ាងទៀតការបំពាក់ប្រព័ន្ធនេះ អាចធ្វើឱ្យមនុស្សខ្លះចាំតែពឹងផ្អែកលើវា ដោយមិនបារម្ភ ឬថែរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ធ្វេសប្រហែស និងធ្វើឱ្យពួកគេមិនចំណាំផ្លូវទិសដៅដែលត្រូវធ្វើដំណើរ ដែលផ្អែកតែលើ GPS តែមួយមុខ។ រឿងសំខាន់ដែលមិនអាចភ្លេចបាននោះគឺតម្លៃ។ ថ្វីបើបច្ចេកវិទ្យានេះថ្មីទំនើបយ៉ាងណាក៏ដោយ ប៉ុន្តែការចំណាយអាចមានលទ្ធភាពខ្ពស់ ដោយសារតែពេលខ្លះវាអាចគាំង មិនដំណើរការដោយសារបញ្ហាណាមួយ តម្រូវការ Update ប្រតិបត្តិការផ្សេងៗជាច្រើនទៀត។
សម្រាប់ចោរដែលចង់លួចឡានវិញ ពួកគេអាចប្រើប្រាស់វិធីស្មោគគ្រោកដូចជា ការបិទសញ្ញាតាមដាន ឬអាចប្រើឧបករណ៍ចាប់វិទ្យុឌីជីថលអេឡិចត្រូនិកដើម្បីរកឧបករណ៍តាមដាន GPS ដូច្នេះពួកគេអាចដកវាចេញបាន។ សូម្បីតែចោរដែលមិនសូវមានបច្ចេកវិទ្យាក៏អាចដឹងថាប្រសិនបើពួកគេលាក់យានយន្តដែលត្រូវបានគេលួចនៅក្នុងយានដ្ឋានក្រោមដី ឬនៅខាងក្នុងកុងតឺន័រនោះសញ្ញាតាមដាននឹងទៅជាងងឹត៕

អត្ថបទដកស្រង់ និងកេសម្រួលចេញពីគេហទំព័រ៖https://sbm.news/articles/60094ff9037b7a0540ec5c16

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង