សេវារថយន្តដឹកអ្នកដំណើរពេលយប់

សេវារថយន្តដឹកអ្នកដំណើរពេលយប់

អត្ថបទព័ត៌មានស្តីពីការងារ និងអាជីព
ក្រោមប្រធានបទ “សេវារថយន្តដឹកអ្នកដំណើរពេលយប់”
អត្ថបទដោយ : សាត សុផៃរិទ្ធ
#MJQE #American Intercon School

បច្ចុប្បន្ននេះ សេវារថយន្តដឹកអ្នកដំណើរពេលយប់ ហាក់មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកធ្វើដំណើរ ជាពិសេសអ្នកធ្វើការ សិស្សនិសិ្សត ឬអ្នកទេសចរជាដើម។

តើអ្វីទៅជាប្រភេទរថយន្តដឹកអ្នកដំណើរពេលយប់ ហើយមានភាពខុសប្លែកគ្នាអ្វីខ្លះពីរថយន្តដឹកអ្នកដំណើរពេលថ្ងៃ?

រថយន្តដឹកអ្នកដំណើរពេលយប់ ជាប្រភេទរថយន្តក្រុងចេញដំណើរនៅពេលយប់ ដែលអាចឱ្យអ្នកដំណើរបានទៅដល់គោលដៅរបស់ខ្លួននៅពេលព្រលឹមទៀបភ្លឺ។ ជាទូទៅក្រុមហ៊ុន បានយកប្រភេទរថយន្ត45កៅអី មករៀបចំកែច្នៃទៅជាគ្រែគេង ប្រកបដោយស្តង់ដាសុវត្ថិភាព និងមានផាសុកភាពខ្ពស់បំផុត។ គ្រែនីមួយៗបំពាក់នូវម៉ាស៊ីនត្រជាក់ និងមានពូក ភួយ ខ្នើយស្រស់ស្អាត ហើយត្រូវបានបោកសម្អាតផ្លាស់ប្តូរជាប្រចាំ។ រថយន្តដឹកអ្នកដំណើរពេលយប់ ទាមទារឱ្យមានអ្នកបើកបរចំនួន2នាក់ សម្រាប់ប្តូរវេនគ្នា បើកម្តងម្នាក់ ដើម្បីធានាសុវត្ថិភាពខ្ពស់ជូនដល់អ្នកដំណើរ។ អ្វីដែលប្លែកទៀតនោះគឺ រថយន្តរៀបចំឱ្យមានបន្ទប់ទឹកដ៏ប្រណីត និងអនាម័យនៅផ្នែកខាងក្រោយនៃរថយន្តផងដែរ។

តើមានកត្តាអ្វីខ្លះ ដែលជំរុញឱ្យអ្នកធ្វើដំណើរងាកមកប្រើប្រាស់សេវារថយន្តពេលយប់យ៉ាងច្រើននាពេលបច្ចុប្បន្ននេះ? តាមរយៈបទពិសោធន៍ និងទស្សនៈរបស់ខ្ញុំ ខ្ញុំយល់ថា មានកក្តាចូលរួមច្រើនដូចខាងក្រោម៖
– ផ្លូវជាតិជាច្រើន ត្រូវបានជួសជុលពង្រីក និងមានភាពស្អាតជាងមុន។
– សុវត្ថិភាពអ្នកធ្វើដំណើរ ត្រូវបានគាំពារយ៉ាងខ្លាំងពីក្រុមហ៊ុនដឹកជញ្ជូន និងអាជ្ញាធរពាក់ព័ន្ធ។
– មានផាសុកភាពក្នុងការគេងសម្រាកនៅលើពូកដ៏ទន់ល្មើយ ជាមួយម៉ាស៊ីនត្រជាក់ត្រជាក់ស្រួលខ្លួននាពេលរាត្រី។
– ចំណេញពេលវេលាក្នុងការធ្វើដំណើរ ដោយមិនខាតពេលធ្វើដំណើរមួយថ្ងៃពេញ។
– ចំណេញថវិកា ព្រោះមិនចាំបាច់ចំណាយការស្នាក់នៅសណ្ឋាគារ។
– មិនមានភាពគ្មានសណ្តាប់ធ្នាប់ ព្រោះអ្នកធ្វើដំណើរភាគច្រើនត្រូវការសម្រាក ដើម្បីការងារនៅថ្ងៃបន្ទាប់។
– តាមផ្លូវធ្វើដំណើរមិនកកស្ទះ មិនរំខានដោយសារសំឡេងរថយន្ត ឬស៊ីផ្លេ ដូចពេលថ្ងៃឡើយ។

ក្រៅពីអ្វីដែលបានរៀបរាប់ខាងលើ ក្រុមហ៊ុនដឹកជញ្ជូន បានផ្តល់នូវសេវាកម្មបន្ថែមទៀតដូចជា អាហារសម្រន់ សេវាអ៊ីធឺណែត ការសង្គ្រោះបឋម ទស្សនាវិដេអូ និងសេវាកម្មច្រើនទៀត ទៅតាមកម្រិតស្តង់ដានៃក្រុមហ៊ុនដឹកជញ្ជូននីមួយៗ។

 

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង