សុជីវធម៌ សីលធម៌ និងគុណធម៌ ពាក្យសាមញ្ញតែមានអត្ថន័យនៅក្នុងការរស់នៅ

សុជីវធម៌ សីលធម៌ និងគុណធម៌ ពាក្យសាមញ្ញតែមានអត្ថន័យនៅក្នុងការរស់នៅ

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “សុជីវធម៌ សីលធម៌ និងគុណធម៌ ពាក្យសាមញ្ញតែមានអត្ថន័យនៅក្នុងការរស់នៅ”
អត្ថបទដកស្រង់ដោយ : អ៊ិន ចាន់ដេត
#MJQE#AmericanInterconSchool

ពាក្យថា “សុជីវធម៌ សីលធម៌ និងគុណធម៌” ជាបញ្ញត្តិអប់រំតម្លៃផ្ទាល់ខ្លួនកើតចេញពីចិត្ត និងទង្វើរបស់មនុស្សគ្រប់រូបនៅក្នុងសង្គម។ នៅក្នុងសង្គមខ្មែរធម៌ទាំងបីនេះមានគុណតម្លៃប្រហាក់ប្រហែលគ្នា ហើយត្រូវបានចាត់ទុកជាសេចក្តីល្អក្នុងដំណើរជីវិត ប្រសិនបើបុគ្គលប្រព្រឹត្ត ឬប្រកាន់ខ្ជាប់ខ្ជួនតាមអត្ថន័យពិតប្រាកដ។ សុជីវធម៌ សីលធម៌ និងគុណធម៌ កើតចេញពីមូលដ្ឋាននៃបញ្ញត្តិសុភាវធម៌។ សុភាវធម៌ ជាក្រឹត្យក្រមអប់រំមនុស្សឱ្យមានដំណើរជីវិតរស់នៅល្អប្រពៃ។

នៅក្នុងវចនានុក្រមខ្មែរ បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានពន្យល់ពាក្យទាំងនេះថា សុជីវធម៌សំដៅដល់ការរស់នៅដោយល្អ គឺចំណេះ មានសណ្ដាប់ធ្នាប់ ការដឹងប្រមាណគួរសមក្នុងកិច្ចការប្រាស្រ័យជាមួយនឹងអ្នកដទៃ។ សុជីវធម៌ សំដៅលើឥរិយាបថសុភាពរាបសា កាយវិការសមរម្យ ស្គាល់កាលវេលា ចេះគួរសមឱនលំទោនគោរពចាស់ទុំ មានវាចាផ្អែមពិរោះ រស់នៅសង្គមទទួលស្គាល់និងផ្តល់តម្លៃ ព្រមទាំងមានឥរិយាបថគាប់ភ្នែកអ្នកផង មិនប្រើសម្តីគំរោះគំរើយ ឬស្តាប់ទៅមិនស្រួលត្រចៀក។ នៅពេលយុវជនម្នាក់ជួបមនុស្សដែលមានអាយុច្រើនជាងខ្លួន ឬមានវ័យចំណាស់ចាស់ជាង ឬជាព្រឹទ្ធាចារ្យ ហើយយុវជននោះលើកដៃសំពះ លំឱនកាយ និងពោលពាក្យជម្រាបសួរ នេះគឺហៅថា សុជីវធម៌។

សីលធម៌ ឬសីលធម្ម មានន័យថា កិរិយាមារយាទ សណ្ដាប់ធ្នាប់ ដំបូន្មានដែលនាំឱ្យចៀសវាងអំពើអាក្រក់ ប្រព្រឹត្តតែអំពើល្អប្រកបដោយសីលធម៌។ សីលធម៌ សំដៅទៅលើភាពត្រឹមត្រូវរបស់មនុស្សដែលប្រកាន់ខ្ជាប់ក្នុងចិត្ត ទោះជាមានអ្នកដទៃដឹង ឬមិនដឹងក៏ដោយ។ ជាក់ស្តែងដូចជាការតាំងចិត្តមិនធ្វើអំពើអាក្រក់ ឬមិនប្រព្រឹត្តទង្វើមិនគប្បីណាមួយទាំងកាយ វាចា និងចិត្ត ដែលបង្កការឈឺចាប់ដល់អ្នកដទៃ ។ ការមិនសម្លាប់ ការមិនបៀតបៀន ការមិនកុហក ការមិនប្រព្រឹត្តអាក្រក់លើកូន ប្រពន្ធ និងប្តីរបស់អ្នកដទៃ គឺសុទ្ធសឹងតែជាសីលធម៌ទាំងអស់ ដែលក្នុងភាសាព្រះពុទ្ធសាសនា ហៅថាសីល។ ពេលខ្លះសីលធម៌ ឬអសីលធម៌ ក៏អាចបង្ហាញចេញតាមរយៈកាយវិការ និងសម្ដីវាចាដែរ។

គុណធម៌ ផ្តោតលើអំពើល្អ អំពើបុណ្យដែលបុគ្គលប្រព្រឹត្ត។ គុណធម៌ជាសេចក្ដីល្អ សេចក្ដីបរិសុទ្ធ សេចក្ដីអាណិត សណ្តោសប្រណី។ អាចនិយាយបានម្យ៉ាងទៀតថា គុណធម៌មានដូចជា ការជួយយកអាសាគ្នាដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន មិនប្រកាន់រើសអើងវណ្ណៈ ពណ៌សម្បុរ ឬពូជសាសន៍អ្វីទាំងអស់ ។ បុគ្គលមានគុណធម៌ រមែងមានការគោរពដោយសន្ដោសអត់ឱន មិនច្រណែន មិនព្យាបាទ មិនគុំកួន មិនធ្វើបាប ចេះយោគយល់អធ្យាស្រ័យដោយសេចក្តីមេត្តាចេះលះបង់ និងចេះជួយគ្នាក្នុងគ្រាក្រលំបាក។ បើអ្នកមានទ្រព្យច្រើន ហើយលះបង់ទ្រព្យខ្លះ ដើម្បីជួយអ្នកក្រខ្សត់ នោះហើយគុណធម៌។ បើអ្នកមានចំណេះដឹង ហើយចែករំលែកចំណេះដឹងទៅឱ្យអ្នកដទៃ ព្រោះចង់ឱ្យអ្នកដទៃមានចំណេះដឹងដូចខ្លួនដែរនោះ ហ្នឹងហើយគុណធម៌។ ឃើញអ្នកដទៃមានទុក្ខសោក ហើយមានអ្នកទៅជួយរកមធ្យោបាយ ដើម្បីដោះស្រាយ ឬរំសាយទុក្ខសោកនោះ ហ្នឹងហើយដែលគេហៅថាគុណធម៌។ បុគ្គលណាម្នាក់ ធ្វើខុសចំពោះអ្នក ហើយអ្នកលើកលែងទោសគេ ហ្នឹងដែលហៅថាគុណធម៌។ ការមានក្តីសន្តោសប្រណី ការអត់ឱន និងមានចេតនាចង់ជួយអ្នកដទៃ គឺជាធាតុល្អខាងក្នុងចិត្តរបស់បុគ្គលដែលមានគុណធម៌។ ការមិនច្រណែន ការមិនគុំកួន ការមិនព្យាបាទ ការមិនធ្វើបាបអ្នកដទៃ ក៏ជាធាតុល្អខាងក្នុងរបស់បុគ្គលដែលមានគុណធម៌ដែរ។

គួរបញ្ជាក់ថា ពាក្យសុភាវធម៌ សុជីវធម៌ សីលធម៌ និងគុណធម៌ តែងតែឮញឹកញាប់នៅក្នុងការរស់នៅប្រចាំថ្ងៃ ក៏ប៉ុន្តែយុវជនខ្មែរមួយចំនួនមិនទាន់យល់ច្បាស់ពីអត្ថន័យ និងចែកឱ្យដាច់រវាងពាក្យទាំងអស់នេះនៅឡើយទេ។ សុជីវធម៌ សីលធម៌ និងគុណធម៌ ត្រូវបានសង្គមចាត់ទុកថាជាបណ្ដុំនៃគុណតម្លៃដែលមនុស្សម្នាក់ៗមិនអាចខ្វះបានឡើយ គ្រាន់តែថាធម៌ទាំងបីនេះមានគុណតម្លៃផ្សេងៗពីគ្នាប៉ុណ្ណោះ។ សុជីវធម៌ មិនអាចកំណត់បានថា ជាមនុស្សល្អ ឬអាក្រក់បានឡើយ។ អ្នកខ្លះ មើលទៅដូចជាមានសុជីវធម៌ល្អដែរ ដូចជាបង្ហាញឥរិយាបថសុភាពរាបសា ទន់ភ្លន់ ចេះគួរសម ហើយត្រឹមត្រូវសម្បើមណាស់ ប៉ុន្តែបែរជាមានចិត្តច្រណែនឈ្នានីស និងរុកកួនរំខានអ្នកដទៃទៅវិញក៏មានដែរ។ សុជីវធម៌ គ្រាន់តែរូបភាព ឬជាទង្វើខាងក្រៅរបស់មនុស្សប៉ុណ្ណោះ មិនអាចកំណត់បានទាំងស្រុងថា មនុស្សនោះជាមនុស្សល្អ មានសីលធម៌ ឬគុណធម៌ឡើយ។ មានសុជីវធម៌ តែមិនមានសីលធម៌ និងខ្វះគុណធម៌ ក៏មិនទាន់គ្រប់គ្រាន់ដែរ។ ទាល់តែមានសីលធម៌ផង ទើបអាចកំណត់បានថា ជាមនុស្សល្អ។ សីលធម៌ មានតម្លៃខ្ពស់ជាងសុជីវធម៌។ អ្នកដែលមិនធ្វើអំពើអាក្រក់ដាក់អ្នកដទៃ គឺជាអ្នកដែលមានសីលធម៌ ឬហៅថាសីល។ ក្នុងចំណោមធម៌ទាំងបី គុណធម៌ ហាក់មានតម្លៃខ្ពស់ជាងគេ។ បុគ្គលណាដែលមានគុណធម៌ តែងមានលក្ខណៈពីរយ៉ាងគឺ ទីមួយ តាំងចិត្តធ្វើទង្វើល្អត្រឹមត្រូវជានិច្ច ដោយមិនធ្វើអំពើទុច្ចរិតជាដាច់ខាត ហើយទីពីរផ្តល់ប្រយោជន៍ដល់អ្នកដទៃ។ បុគ្គលណាមិនធ្វើអាក្រក់ដាក់អ្នកដទៃចាត់ទុកថា មានសីលធម៌ ហើយបើចេះជួយអ្នកដទៃទៀតផងនោះ គឺនឹងឈានដល់កម្រិតមួយទៀត គឺគុណធម៌ហ្នឹងឯង៕

 

 

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង