សុខភាពល្អដើម្បីការរស់នៅដ៏ប្រសើរ

សុខភាពល្អដើម្បីការរស់នៅដ៏ប្រសើរ

អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “សុខភាពល្អដើម្បីការរស់នៅដ៏ប្រសើរ”
អត្ថបទដោយ : ទ្រី ណូរី
#MJQE #American Intercon School

ការរស់នៅប្រកបដោយសុខភាពល្អ គឺជាបំណងប្រាថ្នាទូទៅរបស់មនុស្សគ្រប់រូប។ មនុស្សដែលមានសុខភាពរឹងមាំតែងតែទទួលបាននូវសុភមង្គលទាំងផ្លូវកាយ ផ្លូវចិត្ត និងរួមរស់ជាមួយអ្នកដទៃប្រកបដោយភាពចុះសម្រុងដែលជាកត្តាធ្វើឱ្យគេទទួលបានជោគជ័យក្នុងជីវិតរស់នៅប្រចាំថ្ងៃ រួមទាំងអាចកាត់បន្ថយបានយ៉ាងច្រើនមហិមាទៅលើការចំណាយផ្នែកថ្នាំសង្កូវ និងការព្យាបាលជំងឺផ្សេងៗ ហើយអាចនិយាយឱ្យខ្លីថា សុខភាពគឺជាមាសប្រាក់។

សុខភាព គឺមានន័យថាភាពសុខ សេចក្តីសុខ។ ក្នុងន័យនេះ គឺសំដៅទៅលើភាពគ្មានជំងឺតម្កាត់នៅក្នុងរាងកាយរបស់មនុស្សម្នាក់ៗ។ បច្ចុប្បន្ននេះ សុខភាពមានន័យទូលំទូលាយជាងន័យពិតប្រាកដរបស់វាទៅទៀត។ សុខភាព មិនត្រឹមតែមានន័យថា ភាពគ្មានជំងឺ ឬគ្មានពិការភាពនោះទេ សុខភាពត្រូវបានកំណត់ថាជាសភាពមានសុខុមាលភាពពេញលេញផ្នែករាងកាយ ផ្លូវចិត្ត និងផ្នែកសង្គម។ យើងអាចនិយាយសរុបបានថា សុខភាពត្រូវបានចែកជាបីផ្នែកគឺ សុខភាពរាងកាយ សុខភាពផ្លូវចិត្ត និងសុខភាពសង្គម។ បុគ្គលដែលមានសុខភាពល្អ គឺត្រូវបានកំណត់ថាជាបុគ្គលដែលមានលក្ខណសម្បត្តិទាំងបីនេះ ដែលជាគុណភាពនៃជីវិត និងសុខុមាលភាពរបស់បុគ្គលនោះនោះគ្របដណ្តប់ទៅលើសុខភាពទាំងបីផ្នែកគឺ សុខភាពរាងកាយ សុខភាពផ្លូវចិត្ត និងសុខភាពសង្គម។

សុខភាពរាងកាយ
សុខភាពរាងកាយ គឺជាការសំដៅទៅលើថា តើរាងកាយរបស់យើងមានលក្ខខណ្ឌល្អប្រសើរយ៉ាងដូចម្តេច។ នៅពេលយើងមានសុខភាពផ្នែករាងកាយល្អ គឺយើងអាចបំពេញការងារប្រចាំថ្ងៃបានល្អដោយគ្មានភាពនឿយហត់។ យើងមានថាមពលគ្រប់គ្រាន់ក្នុងការទៅសាលា ដើម្បីរៀនសូត្រ ឬបំពេញការងារផ្សេងៗ ដើម្បីចិញ្ចឹមជីវិត។ យើងអាចរីករាយ និងពេលទំនេររបស់យើងមើលខុសត្រូវ និងថែទាំគ្រួសារក្នុងផ្ទះរបស់យើង។ មនុស្សដែលមានសុខភាពរាយកាយល្អ គឺជាអ្នកដែលចេះប៉ាន់ប្រមាណក្នុងការបរិភោគបានសមស្រប ហាត់ប្រាណ ឬបញ្ចេញពលកម្មបានទៀងទាត់ទទួលទានដំណេកបានគ្រប់គ្រាន់ ថែរក្សាសុខភាពមាត់ធ្មេញ និងសុខភាពរាងកាយទាំងមូលបានល្អប្រសើរ។

សុខភាពផ្លូវចិត្ត
សុខភាពផ្លូវចិត្ត គឺជាការនិយាយសំដៅទៅដល់ថា តើយើងមានអារម្មណ៍ល្អប្រសើរយ៉ាងដូចម្តេចចំពោះខ្លួនយើង ហើយថាតើយើងត្រូវប្រឈមមុខដោះស្រាយនឹងបញ្ហាផ្សេងៗ ដែលជាសំណូមពរនៃជីវិភាពរស់នៅប្រចាំថ្ងៃរបស់យើងបានល្អកម្រិតណា។ នៅពេលដែលយើងមានសុខភាពផ្លូវចិត្តល្អ យើងពេញចិត្តនឹងខ្លួនរបស់យើងស្គាល់ខ្លួនឯងថាជានរណា យើងទទួលស្គាល់សមិទ្ធផលដែលយើងធ្វើបាន និងរីករាយក្នុងការរៀនសូត្រអំពីកំហុសដែលយើងបានធ្វើ ដើម្បីជាមេរៀនសម្រាប់តម្រង់ទិសជីវិតយើងទៅថ្ងៃក្រោយ យើងអាចប្រើប្រាស់ពេលវេលាក្នុងការសម្រាក មានអធ្យាស្រ័យល្អ ព្រមទាំងចែករំលែកអារម្មណ៍របស់យើងជាមួយនឹងអ្នកដទៃ រួមទាំងសាកល្បងនូវបទពិសោធន៍សំខាន់ផ្សេងៗដែលយើងទទួលបាន ដើម្បីជាផលប្រយោជន៍ចំពោះសុខភាពផ្លូវចិត្តរបស់យើង។

សុខភាពសង្គម
សុខភាពសង្គម គឺជាការនិយាយដែលសំដៅទៅដល់ភាពចុះសម្រុងរបស់ខ្លួនយើងជាមួយអ្នកដទៃ ដែលនៅជុំវិញខ្លួនយើង។ នៅពេលយើងមានសុខភាពសង្គមល្អ យើងមានអារម្មណ៍ស្រឡាញ់មិត្តភាព និងរក្សានូវទំនាក់ទំនងជាមួយអ្នកនៅជុំវិញខ្លួនយើងបានល្អប្រសើរ យើងចេះគោរពសិទ្ធិអ្នកដទៃ និងចេះជួយយកអាសាអ្នកដទៃដោយពុំគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន។ ការកសាងនូវទំនាក់ទំនងមួយដ៏ល្អប្រសើរជាមួយនឹងសមាជិកគ្រួសារ ការបង្កើត និងការរក្សាបាននូវមិត្តភាពជាមួយនឹងមិត្តភក្តិរបស់ខ្លួនទាំងអស់នេះឯង គឺមានសារៈសំខាន់យ៉ាងខ្លាំងចំពោះសុខភាពផ្នែកសង្គម។

សរុបមក យើងគប្បីខិតខំថែទាំសុខភាពទាំងបីផ្នែកនេះឱ្យបានល្អប្រសើរ ដោយចៀសវាងនូវរាល់ទង្វើ ឬទម្លាប់ទាំងឡាយបែបអវិជ្ជមាន ដែលអាចធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាពទាំងបីនេះ។ នៅពេលដែលយើងមានសុខភាពល្អ សុខភាពនេះឯងជាមាសប្រាក់ និងជាទ្រព្យសម្បត្តិដ៏មហាសាលដែលខ្លួនយើងមាន៕

 

 

 

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង