សិស្ស​ និង​គ្រូ​មក​ពី​ Aii​ និង​ AIS​ នាំគ្នា​ដើរ​រើស​សំរាម​ ក្នុង​រាជធានី​ភ្នំពេញ​

សិស្ស​ និង​គ្រូ​មក​ពី​ Aii​ និង​ AIS​ នាំគ្នា​ដើរ​រើស​សំរាម​ ក្នុង​រាជធានី​ភ្នំពេញ​

ដូច​ការ​គ្រោងទុក​ នៅ​​ថ្ងៃទី៦​ ខែកញ្ញា ឆ្នាំ២០១៩​ សិស្សានុសិស្ស​ រួម​ទាំង​បុគ្គលិក​សិក្សា​ ប្រមាណ ៦០០​នាក់​ មក​ពី​គ្រឹះស្ថាន​អប់រំ​របស់​ឧកញ៉ា គួច​ ម៉េ​ងលី​ បាន​រៀបចំ​ទិវា​បរិស្ថាន​ ដោយ​នាំគ្នា​ដើរ​រើស​សំរាម​ នៅ​តាម​ទីតាំង​ចំនួន៦​ ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​រួមចំណែក​ផ្សព្វផ្សាយ​ចំណេះដឹង​ ស្ដីពី​បរិស្ថាន​រស់នៅ​ អនាម័យ​សុខភាព​ សោ​ភណ្ឌ​ភាព​រាជធានី​ និង​ចូលរួម​យុទ្ធនាការ​លើកកម្ពស់​បរិស្ថាន​បៃតង​ដល់​សាធារណជន​ ជាពិសេស​ផ្ដល់​គំរូ​ល្អ​ក្នុង​ការ​ថែរក្សា​អនាម័យ​បរិស្ថាន​។

លោក​ឧកញ៉ា​ គួច​ ម៉េ​ងលី​ បានឱ្យ​ដឹង​ថា​ ការ​ប្រារព្ធ​ទិ​វា​បរិស្ថានេះ​ គឺ​ចង់​ដាស់តឿន​ស្មារតី​ដល់​សិស្ស​ ដើម្បី​ឱ្យ​ពួកគេ​បន្ត​ដាស់តឿន​ស្មារតី​ដល់​ក្រុម​គ្រួសារ​ពួកគេ​ក្នុង​ការ​ថែរក្សា​អនាម័យ​បរិស្ថាន​។ ជាពិសេស​ គឺ​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ចេះ​ទុកដាក់​ និង​ចេះ​ចោលសំរាម​ឱ្យ​បាន​ត្រឹមត្រូវ​។

លោក​ឧកញ៉ា​ បន្ត​ថា​ ការ​បោះ​សំរាម​ពាសវាលពាសកាល​ ពេល​ភ្លៀងមក​ម្តង​ៗធ្វើ​ឱ្យ​សំរាម​ទាំ​ងនះ​ហូរ​ចូល​លូ​បណ្តាល​ឱ្យ​ស្ទះលូ​ ព្រមទាំង​នាំ​ឱ្យ​ប៉ះពាល់​ការរស់នៅ​របស់​​ប្រជាពលរដ្ឋ​។

ជាមួយនឹងគ្នានេះ លោក​ រឿង​ សុភាព​ នាយក​ចាងហ្វាង​ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សាខា​ចោមចៅ បានឱ្យ​ដឹង​ថា​ ទីតាំង​ចំនួន៦​ ដែល​ត្រូវ​យុទ្ធនាការ​សម្អាត​នោះ ​ចាប់ពីអគារ​ Aii​ និង​ AIS​ សាខា​ចោមចៅ​ដល់​រង្វង់​មូល​ចោមចៅ​(ផ្លូវ​វេ​ងស្រេង​) ពីរង្វង់​មូល​ចោមចៅ​ដល់​វិទ្យាល័យ​ជម្ពូ​វ័ន​ (ផ្លូវជាតិ​លេខ៤​) ពី​ស្តុ​បកប់​ស្រូវ​ដល់​វិទ្យាល័យ​ជម្ពូ​វ័ន​ (ផ្លូវជាតិ​លេខ៤​) ពី​សណ្ឋាគារ​យូ​អេង​ដល់​រង្វង់​ចោមចៅ​ (មហាវិថី​សហព័ន្ធ​រុស្ស៊ី​) ពី​រង្វង់​មូល​ចោមចៅ​ដល់​កា​រ៉ា​សសាំង​ PTT​ (ផ្លូវជាតិ​លេខ៣​) និង​ពី​ក្រុមហ៊ុន​ ISUZU​ ដល់​ Aii​ និង​ AIS​ (ផ្លូវ​វេ​ងស្រេង​)។

លោក​ រឿង​ សុភាព​ បញ្ជាក់​ថា​ យុទ្ធនាការ​នេះ​ ធ្វើឡើង​ក្នុង​គោលបំណង​ឱ្យ​សិស្សានុសិស្ស​ លោកគ្រូ​ អ្នកគ្រូ​ បាន​ចូលរួម​ចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ​អប់រំ​ចំណេះ​ដឹង​ ស្ដីពី​បរិស្ថាន​រស់នៅ​ អនាម័យ​សុខភាព​ សោ​ភណ្ឌ​ភាព​រាជធានី​ឱ្យ​កាន់តែ​ប្រសើរ​ ហើយ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅទៀត​នោះ​ គឺ​ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន​បៃតង​ ដល់​សង្គម​ ឬប្រជាពលរដ្ឋ​ទូទៅ​ ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ឱ្យ​កាត់បន្ថយ​ការប្រើ​ប្រាស់​ថង់​ប្លា​សស្ទី​ក។

លោក​បាន​លើកឡើង​ថា​ «ទីណា​មាន​ Aii​ និង​ AIS​ ទីនោះ​ជា​គំរូ​ដ៏​ល្អ​មួយ​ក្នុង​ការចូលរួម​ចំណែកការពារ​បរិស្ថាន​ក្នុង​ទីក្រុង​ ជាពិសេស​សិស្សានុសិស្ស​ជា​គំរូ​ល្អ​ក្នុង​សង្គម​ ធ្វើជា​ពលរដ្ឋ​ល្អ​ក្នុង​ការចូលរួម​សហ​ការណ៍​ និង​ថែរក្សា​អនាម័យ​សុខភាព​ក្នុង​ទីក្រុង​»

ក្នុង​ឱកាស​នេះ​ដែរ​ យុវ​សិស្ស​ ពិដោរ​ និរន្តរ៍​សិរី​ បាន​លើ​ឡើង​ថា​ ការ​ចួល​រួម​យុទ្ធនាការ​ការ​សម្អាត​បរិស្ថាន​ ដើម្បី​ដើរ​រើស​សំរាម​ សម្អាត​បរិស្ថាន​នៅ​តាម​ដងផ្លូវ​ គឺ​ចង់​ទីក្រុង​ភ្នំពេញ​ស្អាត​ មាន​ខ្យល់​ធម្មជាតិ​ និង​ប្រជា​ពរ​ដ្ឋ​មាន​សុខភាព​ល្អ​។

សិស្ស​ស្រី​ម្នាក់​នេះ​ បញ្ជាក់​ថា​ ទោះ​ការ​ដើរ​រើស​សំរាម​មិន​អស់​ តែ​វា​ជាសកម្ម​មួយ​បង្ហាញ​ឱ្យ​ប្រជាពលរដ្ឋ​បានឃើញ​ ហើយ​ប្ដូរ​ឥរិយាបថ​ដោយ​ចេះ​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​។

សូម​បញ្ជាក់​ថា​ នេះ​មិនមែន​ជា​លើក​ទី១ទេ​ ដែល​មជ្ឈមណ្ឌល​ភាសា​ អេ​ អាយ​ អាយ​ និង​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​ ប្រារព្ធ​យុទ្ធនាការ​សម្អាត​បរិស្ថាន​ ដើម្បី​រាជធានី​គ្មាន​សំរាម​៕

ប្រភពពី The Interconrooster, MJQE

រូបភាពនៃកម្មវិធីដើររើសសំរាម

No Comments

Sorry, the comment form is closed at this time.

Back to Top