សិស្ស​និទ្ទេស​ A​ ​១៦នាក់​ ​ចូល​ជួប​សំណេះសំណាល​គណៈគ្រប់គ្រង​សាលា​

សិស្ស​និទ្ទេស​ A​ ​១៦នាក់​ ​ចូល​ជួប​សំណេះសំណាល​គណៈគ្រប់គ្រង​សាលា​

បីថ្ងៃបន្ទាប់​ពីបានដឹង​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ​សិស្សានុសិស្ស​នៃសាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​១៦រូប​ ​ដែលទទួល​បាន​និទ្ទេស A​ ​បាន​ចូល​ជួប​សំណេះសំណាល​ជាមួយ​នឹង​ក្រុម​គណៈគ្រប់គ្រង​សាលារៀន​មួយនេះ​ ​នៅសាលសន្និសីទ បៀល​​លី សូវ​ ​នៃសាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​កាលពីរសៀលថ្ងៃទី១៣កញ្ញា​ ​ម្សិលមិញ។​ ​នៅក្នុង​ជំនួប​សំណេះសំណាល​រវាង​គណៈគ្រប់គ្រង​សាលា​និងសិស្សឆ្នើម​ប្រចាំ​ឆ្នាំសិក្​សារបស់​ខ្លួន​នា​ពេល​នេះ​ ​គឺ​ធ្វើ​ឡើង​ក្នុង​ចេតនា​យកចិត្ត​ទុកដាក់​ជំរុញ​លើកទឹកចិត្ត​លើការ​សិក្សា​របស់សិស្ស​ ​និងផ្តល់​គំនិត​ប្រឹក្សា​ក្នុងការ​ជ្រើសរើស​មុខជំនាញ​សិក្សា​បន្ត​នៅ​ថ្នាក់​ឧត្តមសិក្សា​ជាដើម។​

ថ្លែងនៅចំពោះមុខសិស្ស​និទ្ទេស​ទាំង១៦រូប​ ​លោកស្រី​ ​រស់ យ៉ាណា​ ​អនុប្រធាន​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​បានលើកឡើងថា​ ​គណៈគ្រប់គ្រង​ទាំងអស់​ពិតជា​មាន​មោទនភាព​ចំពោះ​លទ្ធផល​ដែល​មិន​អាច​កាត់ថ្លៃ​បាន។​ ​សមិទ្ធផល​នេះ​ ​បាន​បញ្ជាក់​ពី​សមត្ថភាព​សិក្សា​ពោរពេញ​ទៅ​ដោយ​សក្ដានុពល។​ ​លោកស្រី​បន្តថា​ ​សក្ដានុពល​ដែល​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​ ​ព្យាយាម​ ​តស៊ូ​ ​ស្រវាស្រទេញ​សិក្សា​រៀនសូត្រ​លុះ​ក្នុង​អំណាច​នៃសេចក្ដី​ចង់​ចេះ​ចង់ដឹង​ ​បូក​រួម​នឹងចូលរួម​ការយក​ចិត្តទុកដាក់​ពីសាលារៀន​ ​លោកគ្រូ​ ​អ្នកគ្រូ ​ឬបុគ្គលិក​សិក្សា​យ៉ាងពេញទំហឹង​ ​ហើយ​ជា​លទ្ធផល​សិស្ស​ដែល​ជាប់​និទ្ទេស A​ ​បាន​កើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយឆ្នាំ។

ប្រធាន​ចាងហ្វាងសាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​មានលោក​ ​ជាង​ ​ប៊ុនលី​ ​និងលោកស្រី​ ​សាឯម កម្រង​ ​បាន​បន្ថែម​ពីលើនេះថា​ ​លទ្ធផល​នេះ​ ​គឺមិនមែន​កើត​ចេញ​ពីការរៀនគួរ​ ​ឬកើតចេញ​ពីការ​បន់ស្រន់ឡើយ​ ​តែកើតចេញ​ ​ពីការខិតខំ​ដោយខ្លួនឯង​ ​គួបផ្សំ​ជាមួយ​នឹង​សាលារៀន។​ ​ទោះជាយ៉ាងណា​ក៏ដោយ​ ​មុននឹងបន្ត​ ​ឬឈានជើងចូល​ ​មហាវិទ្យាល័យ​ ​សិស្សពិតជា​ត្រូវការ​ ​តម្រង់ទិស​ក្នុងទិសដៅ​ឈ្វេងយល់​ពីការ​ជ្រើសរើស​មុខជំនាញ​សិក្សាទៅ​ ​តាមទេពកោសល្យ​ ​និងចំណង់​ចំណូលចិត្ត​ ​ដើម្បី​ចៀសវាង​ការ​ខាត​ពេលវេលា​ ​ខាតលុយ​ ​ខូច​ទាំង​ប្រយោជន៍​ ​និងជាហេតុ​ធ្វើ​ឱ្យ​មាន​វិប្បសារី​ក្នុងជីវិត។​

គួរជម្រាប​ជូនថា​ ​សិស្ស​ឆ្នើម​ដែល​ទទួលបាន​ ​A​ ​ទាំង១៦នាក់នោះ​ ​រួមមានយុវសិស្ស​ ​សុង​ ​សុខាវុឌ្ឍិ,​ ​យុវតីលូ យូអ៊ី,​ ​លីម តេងហ៊ុយ,​ ​យុវជន​ ភោគ ឧត្តមកិត្យា,​ ​ញ៉ឹក ធីរ៉ានិកឧត្តម,​ ​តេង គីមស័ង,​ ​ឆាយ ឈុនលី,​ ​លាង ប៉ូលីនណា,​ ​លី ឌីនីកា,​ ​អេង លីបណ្ឌិត,​ ​លីម ឈីវហ៊ុង,​ សុខ ហ្ស៊ុយអេង,​ ​ហេង គីមហុង,​ ​ឈូក ច័ន្ទធីតា,​ ​ទូច បញ្ញា​ ​និងយុវតី​ ហួរ គឹម ស៊ីន។​

គួរបញ្ជាក់ថា​ ​ក្រៅ​តែពីសិស្ស​ទទួលបាននិទ្ទេស​ ​A​ ​ចំនួន១៦នាក់នោះ​ ​ក៏មាន​ដែរ​សិស្ស​ទទួលបាន​និទ្ទេស B​ ​ចំនួន៨៤នាក់,​ ​និទ្ទេស C​ ចំនួន១១៣នាក់,​ ​និទ្ទេស D​ ​ចំនួន១០០នាក់​ ​និងនិទ្ទេស​ E ​មានចំនួន២០៣នាក់។​ ​យោងតាមលទ្ធផលនេះ​ ​បើធៀប​ទៅនឹង​ឆ្នាំសិក្សា​កន្លងទៅ​នោះ​ ​សាលារៀន​ឯកជន​កូនកាត់​ដ៏ល្បីឈ្មោះ​មួយនេះ​ ​មានសិស្សនិទ្ទេស​ ​A​ ​កើនឡើង​ចំនួន​៩នាក់​ផងដែរ៕​
អត្ថបទដកស្រង់សារព័ត៌មាន ឌិ អ៊ីនធ័រខន​ រ៉ូស្ទ័រ

No Comments

Post A Comment

Back to Top