
25 ៧ សិស្សថ្នាក់មត្តេយ្យ នៅសាលា AIS ៣៣៩នាក់ ទទួលវិញ្ញាបនបត្របញ្ចប់កម្រិតសិក្សា
ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់ សិស្សថ្នាក់មត្តេយ្យ នៅថ្ងៃទី២៤ កក្កដានេះ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក លោកស្រី រស់ យ៉ាណា ប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង បានលើកឡើងថា សិស្សថ្នាក់មត្តេយ្យ សាលារៀន អន្តរទ្វីប អាមេរិកាំង ចំនួន៣៣៩នាក់ ដែលបញ្ចប់មួយកម្រិតសិក្សា គឺសុទ្ធតែជាគ្រាប់ពូជដ៏ល្អនៅក្នុងរង្វង់គ្រួសារ សង្គម និងប្រទេសជាតិទាំងមូល។
លោកស្រីបញ្ជាក់ថា កត្តាដែលជំរុញឱ្យសិស្សានុសិស្សទទួលបានជោគជ័យនេះ កើតឡើងចេញពីទឹកចិត្ត នៃការខ្នះខ្នែង និងចូលរួមយ៉ាងសកម្មពីសំណាកបុគ្គលិកសិក្សា ជាពិសេសការចូលរួម និងការគាំទ្រយ៉ាងមុតមាំ ពីបណ្ដាអ្នកអាណាព្យាបាលសិស្ស។
ជាមួយនឹងគ្នានេះ អ្នកអាណាព្យាបាលកុមារា កាយ គង់ចន្ទវិជ្ជា គឺអ្នកស្រី គង់ បូរ៉ា។ លោកស្រី បានសម្ដែងពីភាពរីករាយ បន្ទាប់ពីឃើញកូនទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាពីសាលា។
អ្នកស្រីបានមានប្រសាសន៍លើកឡើងថា៖ «ថ្ងៃនេះគ្មានពាក្យអ្វី ក្រៅអារម្មណ៍រំភើប និងសប្បាយរីករាយឥតឧបមា ដែលឃើញកូនទទួលបានជោគជ័យក្នុងការសិក្សានេះ បើទោះកូនរបស់ខ្ញុំនៅថ្នាក់តូចក៏ពិតមែន តែអ្វីដែលគាត់ទទួលបាននៅថ្ងៃនេះ គឺជាអនុស្សាវវីយ៍មួយ ដែលបានបញ្ជាក់ពីកុមារភាពរបស់គាត់ ទាំងអស់ហើយនេះដែលជំរុញ នឹងលើកទឹកចិត្តដ៏ល្អមួយ សម្រាប់ទាក់ទាញចិត្តកូនខ្ញុំឱ្យចង់មកសាលារៀន។»
អ្នកស្រី គង់ បូរ៉ា បានលើកឡើងដែរថា ទោះជាមមាញឹកនឹងការងារយ៉ាងណាក្តី ក៏លោកស្រីតែងតែសហការជាមួយនឹងសាលាក្នុងការអប់រំកូន។ ពិសេសដើម្បីចូលរួមលើកទឹកចិត្តកូនៗ នៅក្នុងកម្មវិធីផ្សេងៗ ដែលរៀបចំដោយសាលា។
អ្នកស្រីបន្តថា «សាលារៀនមួយនេះ ខ្ញុំជឿជាក់ទាំងគុណភាព វិន័យ និងសេវាកម្ម ដែលអាចទទួលយកបាន ព្រមទាំងលោកគ្រូ អ្នកគ្រូ តែងបង្ហាត់កូនខ្ញុំកន្លងមក នឹងសូមអរគុណលោកឧកញ៉ាគួច ម៉េងលី ដែលបានបង្កើតគ្រឹះស្ថានអប់រំនេះឡើង ដែលអាចធ្វើឱ្យកូនខ្ញុំទទួលបានចំណេះដឹងពិតប្រាកដ។»
លោកស្រី អ៊ាវ ណារី ចាងហ្វាងរង ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា សាខាទួលគោក បានឱ្យដឹងថា កម្មវិធីនេះប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីជាភស្តុតាងមួយ បញ្ជាក់នូវការបញ្ចប់ថ្នាក់សិក្សា ក៏ដូចជាបង្កើតនូវកម្រងអានុស្សាវរីយ៍រវាងសិស្សនិងសិស្ស ជាមួយអាណាព្យាបាល និងលោកគ្រូ អ្នកគ្រូ។ លោកស្រីរំពឹងថា សិស្សទាំងអស់នឹងក្លាយខ្លួនជាបុគ្គលល្អ ដែលសង្គមត្រូវការ ទៅថ្ងៃមុខ នឹងអាចរួមចំណែកកសាងប្រទេសជាតិបានទៅថ្ងៃអនាគត។
សូមជម្រាបថា ក្នុងពិធីចែកវិញ្ញាបនបត្រលើកទី១២នេះ មានការចូលរួមពីលោកស្រី រស់ យ៉ាណា ប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង នាយកចាងហ្វាង ចាងហ្វាង រួមទាំងលោកគ្រូអ្នកគ្រូ និងអ្នកអាណាព្យបាលយ៉ាងច្រើនកុះករ។ ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សានេះ ក៏មានការសម្ដែងរបាំប្រពៃណី បង្ហាញក្បាច់រាំ និងសម្ដែងរឿងខ្លីៗបែបអប់រំ ពីសិស្សានុសិស្សផងដែរ៕
Sorry, the comment form is closed at this time.