សាស្រ្ត៧យ៉ាង អាចជួយឱ្យយើងមានគំនិតច្នៃប្រតិដ្ឋនៅក្នុងការសិក្សា ឬការងារ

សាស្រ្ត៧យ៉ាង អាចជួយឱ្យយើងមានគំនិតច្នៃប្រតិដ្ឋនៅក្នុងការសិក្សា ឬការងារ

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “វិធីសាស្រ្ត៧យ៉ាង អាចជួយឱ្យយើងមានគំនិតច្នៃប្រតិដ្ឋនៅក្នុងការសិក្សា ឬការងារ”
អត្ថបទដកស្រង់ដោយ : ពៅ ស៊ីថា
#MJQE#AmericanInterconSchool

ការស្វែងរកគំនិតច្នៃប្រតិដ្ឋ ឬគំនិតថ្មីៗ គឺជាផ្នែកមួយដ៏សំខាន់របស់មនុស្សគ្រប់គ្នា ជាពិសេសនោះគឺយុវជន។ ការបង្កើតគំនិតថ្មី នឹងជំរុញឱ្យមនុស្សពង្រឹងការគិត ឬគំនិតច្នៃប្រតិដ្ឋនៅក្នុងការងារ ឬការសិក្សារបស់ខ្លួន។ លោក អេដវ៉ាដ ដឺបូ ណូ (Edward De Bono) អ្នកចិត្តសាស្រ្ត អ្នកនិពន្ធ សៀវភៅ អ្នកទស្សនវិទូ និងជាអ្នកប្រឹក្សាយោបល់ផ្លូវចិត្ត បានបង្ហាញវិធី៧ចំណុច ដែលអាចឱ្យយើងមានគំនិតថ្មីៗ ដែលវិធីសាស្រ្តទាំងនោះមានដូចជា៖

១. បង្កើតជម្រើសថ្មី : ដើម្បីមានគំនិតទៅរកដំណោះស្រាយលើបញ្ហាផ្សេងៗបាន ជាដំបូងអ្នកត្រូវរកមើលផ្លូវជ្រើសរើសឱ្យបានច្រើនសិន។ នៅពេលដែលអ្នកអាចគិតនូវជម្រើសថ្មីៗ វានឹងបើកផ្លូវឱ្យអ្នកនឹកឃើញគំនិតច្នៃប្រតិដ្ឋបានកាន់តែច្រើនផងដែរ។

២. ផ្ដោតការគិតឱ្យបានច្រើនផ្លូវ : ការគិតអំពីរឿងអ្វីមួយ គួរតែមានផ្លូវជ្រើសរើសច្រើន ដើម្បីអ្នកបានពិនិត្យមើលថា តើផ្លូវណាដែលអាចផ្ដល់ប្រយោជន៍បានច្រើនបំផុត? ហើយជាញឹកញាប់បំផុតគឺជម្រើសចុងក្រោយនោះឯង។

៣. វិធីប្រៀបធៀប : យើងគួរពិចារណាទៅលើស្ថានការណ៍នីមួយៗថា វាមានអ្វីដែលដូចគ្នា។ យើងអាចប្រៀបធៀបខ្លួនឯងជាមួយនឹងខ្លួនឯង ដើម្បីពង្រឹងគំនិត សមត្ថភាពខ្លួនបន្ថែមទៀត ដែលវាក៏ជាផ្នែកមួយឱ្យអ្នកមានគំនិតថ្មីផងដែរ។

៤. វិធីគិតបែបផ្ទុយគ្នា : ការគិតពីរឿងអ្វីមួយដោយសម្លឹងមើលទៅផ្លូវផ្ទុយគ្នា ដើម្បីឱ្យអ្នកបានមើលឃើញផ្លូវថ្មីៗ គំនិតថ្មី ដែលអ្នកពុំធ្លាប់ដែលគិតមកពីមុន។ ការគិតផ្ទុយនេះមិនមែនមានន័យថា អ្នកគិតខុសពីគេនោះទេ ប៉ុន្តែធ្វើឱ្យមានគំនិតថ្មីមួយទៀតដែលខុសប្លែកពីគេ។

៥. រិះរកគំនិតដែលមានលក្ខណៈលេចធ្លោជាងគេ : ហ្វឹកហាត់ច្បិចយកចំណុចសំខាន់ៗពេលគេកំពុងសន្ទនា ឬគេលើកមកនិយាយនៅក្នុងអត្ថបទផ្សេងៗ ឬពីក្នុងសៀវភៅអានជាដើម ដើម្បីរកចំណុចណាដែលជាខ្លឹមសារសំខាន់បំផុត។

៦. ប្រមូលផ្ដុំគំនិត : ការប្រមូលផ្ដុំគំនិត គឺជាការផ្លាស់ប្ដូរមតិរបស់សមាជិកក្នុងក្រុម ដោយបើកឱកាសឱ្យសមាជិកបានបញ្ចេញមតិយោបល់របស់ខ្លួនឱ្យអស់ទៅលើរឿងអ្វីមួយ ដើម្បីឱ្យបានគំនិតច្រើន យោបល់ច្រើនយ៉ាងសម្បូរបែប ដែលជាការបើកផ្លូវឱ្យកើតមានគំនិតថ្មីៗ នាំយកទៅឆ្លាក់ច្នៃបន្ថែមបាន ល្អជាជាងអ្នកអង្គុយសញ្ជឹងប្រឹងគិតតែម្នាក់ឯង។

៧. កុំប្រញាប់សម្រេចចិត្តថាត្រូវទទួលយក ឬបដិសេធលឿនពេក : មតិយោបល់ខ្លះអាចនឹងមើលពីដំបូងទៅហាក់ដូចជាមិនសូវទំនង តែអ្នកអាចសាកល្បងមកពិចារណាមើលថា តើវាអាចប្រើបាន ឬមិនបាន? ក្រោយពេលពិនិត្យគ្រប់ជ្រុងជ្រោយ គំនិតខ្លះដែលមើលទៅហាក់ដូចជាសាមញ្ញធម្មតា ឬមិនសូវទំនងពីដំបូងទី ពេលខ្លះវាអាចយកទៅប្រើបានល្អក្នុងផ្លូវណាមួយ ឬយកទៅពង្រីកបានជាបន្តបន្ទាប់ទៀតផងដែរ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រ ៖ https://education.ams.com.kh/life-education/news/7-ways-to-help-us-be-creative-in-study-or-work/

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង