សាលារៀន អន្តរទ្វីប អាមេរិកាំង ទទួល​បណ្ណសរសើរ​ពីក្រសួង​អប់រំ យុវជន និងកីឡា

សាលារៀន អន្តរទ្វីប អាមេរិកាំង ទទួល​បណ្ណសរសើរ​ពីក្រសួង​អប់រំ យុវជន និងកីឡា

គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានទទួលបណ្ណសរសើរពីក្រសួងអប់រំ យុវជន ​និង​កីឡា​ចំនួន​ពីរ​ក្នុង​ឱកាស​ដែល​សិស្ស​ចំនួន​១៦នាក់ ទទួល​បាន​និទ្ទេស A ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះទូទៅ ​នៅសម័យ​ប្រឡង​ឆ្នាំ​សិក្សា​២០១៦-២០១៧នេះ ដោយ៤នាក់មកពីសាខាទួលគោក និង១២នាក់មកពីសាខាម៉ៅសេទុង។ ​គួរ​ជម្រាប​ជូន​ថា ការ​ទទួល​បណ្ណ​សរសើរ​ពីក្រសួង​អប់រំ​នាពេល​នេះ ​គឺធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​ឆ្នាំ២០១៧​ ដែល​​ស្ថិតនៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ នាព្រឹក​ថ្ងៃទី៥ ​ខែតុលា​នេះ ​ក្រោម​ប្រធាន​បទ “គ្រូ​បង្រៀន​ជាវិស្វករព្រលឹង ​នៃយុវជន​ជំនាន់​ក្រោយ”។ ​

ទាក់ទងនឹងការទទួលបានបណ្ណសរសើរនេះ លោកស្រី សាឯម កម្រង ប្រធានចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ​សាខា​ទួល​គោក ​បានឱ្យ​ដឹង​ថា ​នេះជា​លើក​ទី១​ហើយ ​ដែល​ក្រសួង​អប់រំ​ផ្តល់​បណ្ណ​សរសើរ​ដល់​សាលា​រៀន អន្តរទ្វីប អាមេរិកាំង​ ទាក់​ទង​នឹង​សិស្ស​ប្រឡង​ជាប់​និទ្ទេស A ឆ្នាំ​នេះ ដើម្បី​លើក​ទឹក​ចិត្ត​ដល់ គណៈគ្រប់គ្រង និង​បុគ្គលិក​អប់រំ​នៃ​សាលារៀន​កូន​កាត់​មួយ​នេះ ​ដែល​បាន​ខិតខំ​បំពេញ​ការងារ​ដឹកនាំ ​គ្រប់​គ្រង​អង្គភាព​ បង្ហាត់​បង្រៀន​សិស្សានុសិស្ស​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ និងមនសិការវិជ្ជាជីវៈខ្ពស់។ ​ប្រធាន​ចាង​ហ្វាង​រូប​នេះបន្ត​ថា​ បណ្ណសរសើរ​ដែល​ទទួល​បាន​ពីក្រសួង​អប់រំនេះ ​គឺជាមោទនភាព​មួយ​បញ្ជាក់ពី​ការ​រីក​ចម្រើន​​នៃគុណភាព​អប់រំ​របស់​សាលា​រៀន អន្តរទ្វីប អាមេរិកាំង ដែល​មាន​សិស្ស​ប្រឡង​ជាប់​និទ្ទេស A ​កើន​ពី​មួយ​ឆ្នាំ​ទៅ​មួយឆ្នាំ​ជា​ឧទាហរណ៍​ស្រាប់។​

ឆ្លៀតឱកាសនេះ លោកស្រី សាឯម កម្រង ក៏បានថ្លែង​អំណរ​គុណយ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ក្រសួង​អប់រំ​មក​លើ​សាលារៀន អន្តរទ្វីប អាមេរិកាំង ដែល​បាន​ផ្តល់​ជូន​បណ្ណ​សរសើរ ដើម្បី​លើក​ទឹក​ចិត្ត​ និង​ផ្តល់​ឱកាស​ពង្រឹង​គុណភាព​វិស័យ​អប់រំ​ដល់​កូន​ខ្មែរ​គ្រប់​រូប​ប្រកប​ដោយ​ចំណេះដឹង​ពិត​ប្រាកដ​ ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​បាន​រីកចម្រើនឡើង៕
អត្ថបទដកស្រង់សារព័ត៌មាន ឌិ អ៊ីនធ័រខន​ រ៉ូស្ទ័រ

No Comments

Post A Comment

Back to Top