សម្លៀកបំពាក់ប្រពៃណីខ្មែរ

សម្លៀកបំពាក់ប្រពៃណីខ្មែរ

អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “សម្លៀកបំពាក់ប្រពៃណីខ្មែរ”
អត្ថបទដោយ : ឃៀង វាសនា
#MJQE #American Intercon School

ប្រទេសនីមួយៗនៅលើសាកលលោករមែងមានទំនៀមទម្លាប់ប្រពៃណី វប្បធម៌ផ្សេងៗពីគ្នា អាស្រ័យលើជំនឿ ឬការគោរពរបស់គេរៀងៗខ្លួន ដោយសារតែវប្បធម៌ ទំនៀមទម្លាប់នេះហើយដែលជាអត្តសញ្ញាណសម្រាប់សម្គាល់ប្រទេស
ជាតិដែលប្រទេសផ្សេងៗអាចស្គាល់បានយ៉ាងច្បាស់លាស់ ហើយវប្បធម៌ ឬទំនៀមទម្លាប់ទាំងនោះស្តែងចេញតាមរយៈចម្រៀង របាំ រចនាបថនៃស្ថាបត្យកម្ម សិល្បៈ សម្លៀកបំពាក់ជាដើម។

យ៉ាងណាមិញប្រទេសកម្ពុជាយើង ក៏ជាប្រទេសដ៏ចំណាស់មួយហើយសម្បូរទៅដោយវប្បធម៌ អរិយធម៌។ ក្នុងនោះយើងសង្កេតឃើញថា សម្លៀកបំពាក់ប្រពៃណីជាផ្នែកមួយដ៏សំខាន់ ដែលជាគ្រឿងសម្គាល់អត្តសញ្ញាណរបស់ជាតិខ្មែរនាគ្រប់សម័យកាលពីជំនាន់មួយទៅជំនាន់មួយ។ សម្លៀកបំពាក់ប្រពៃណីខ្មែរដែលផ្តោតលើម៉ូតសម្លៀកបំពាក់ដែលបែងចែក
ទៅលើវណ្ណៈនៃក្រឹត្យក្រមទៅតាមកម្មវិធីផ្សេងៗដូចជា សម្លៀកបំពាក់មង្គលការ សម្លៀកបំពាក់ទៅវត្តអារាម សម្លៀកបំពាក់ទៅពិធីបុណ្យសព និងសម្លៀកបំពាក់រាំរបាំផ្សេងៗ ដែលប្រើប្រាស់ទៅតាមពេលវេលា និងកម្មវិធីច្បាស់លស់។

តាមរយៈការស្លៀកពាក់នេះដែលធ្វើឱ្យជាតិសាសាន៍ដទៃទទួលស្គាល់ថា ជាជនជាតិខ្មែរដែលមិនអាចប្រកែកបាន។ ប៉ុន្តែ ដោយបច្ចុប្បន្នយើងសង្កេតឃើញថា យុវវ័យមួយចំនួនតូចបានបោះបង់វប្បធម៌ខ្មែរ ហើយចម្លងវប្បធម៌បរទេសមកទាំងស្រុង។ ដោយមើលឃើញពីគុណតម្លៃដ៏ថ្លៃថ្លា និងដើម្បីរក្សានូវអត្តសញ្ញាណជាតិ នៃសម្លៀកបំពាក់បែបប្រពៃណីខ្មែរនេះ បុគ្គលិក លោកគ្រូ អ្នកគ្រូនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ក៏បានចូលរួមចំណែកថែរក្សានូវវប្បធម៌ដ៏ថ្លៃថ្លានេះដែរ ដោយការស្លៀកសម្លៀកបំពាក់ប្រពៃណីមកបំពេញការងារនៅរៀងរាល់ថ្ងៃចន្ទ និងថ្ងៃព្រហស្បតិ៍ក្នុងន័យអភិរក្ស ក៏ដូចជាបន្តតួនាទីផ្សព្វផ្សាយឱ្យសិស្សានុសិស្ស ក៏ដូចជាឱ្យមហាជនទូទៅបានដឹង និងចូលរួមថែរក្សាទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ជាតិទាំងអស់គ្នា។

ដូចនេះ យើងត្រូវតែរួមគ្នាបន្ត និងចូលរួមថែរក្សាមរតកវប្បធម៌ជាតិឱ្យបានគង់វង្ស ដោយបន្តការស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរឱ្យបានច្រើនតាមដែលអាចធ្វើបាន៕

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង