វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ បេ

វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ បេ

អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ បេ”
អត្ថបទដោយ : ហុង សុង
#MJQE#AmericanInterconSchool

ហេតុអ្វីយើងត្រូវចាក់វ៉ាក់សាំងការពាររលាកថ្លើមប្រភេទ បេ?
ជំងឺរលាកថ្លើមប្រភេទ បេ គឺជាជំងឺដែលប៉ះពាល់ធ្ងន់ធ្ងរដល់ថ្លើមរបស់យើង។ ជំងឺនេះបង្កឡើងដោយមេរោគវីរុសជំងឺរលាកថ្លើមប្រភេទ បេ។ ជំងឺរលាកថ្លើមប្រភេទ បេនេះ ក្នុងដំណាក់កាលដំបូងអាចជាជំងឺស្រាលក្នុងរយៈពេលប៉ុន្មានសប្តាហ៍ដំបូង បន្ទាប់មកអាចបណ្តាលឱ្យទៅជាជំងឺរលាកថ្លើមរ៉ាំរ៉ៃ ធ្ងន់ធ្ងរខ្លាំងឈានដល់ការក្រិនថ្លើម និងបាត់បង់ជីវិតទៀតផង។

ការឆ្លងមេរោគរលាកថ្លើមប្រភេទ បេ ធ្ងន់ធ្ងរ គឺជាការឈឺរយៈពេលខ្លី ដែលកើតឡើងក្នុងរយៈពេល៦ខែដំបូង បន្ទាប់ពីអ្នកណាម្នាក់ឆ្លងមេរោគជំងឺរលាកថ្លើមប្រភេទ បេ។ ជំងឺនេះអាចបណ្តាលឱ្យអាការៈ៖
• គ្រុនក្តៅ អស់កម្លាំង ហេវហត់ អត់ចង់ញ៉ាំអាហារ ចង់ក្អួត ឬមានអាការៈឈឺពោះ រាករូសជាដើម។
• រោគលឿង (ស្បែក ឬភ្នែកលឿង ទឹកនោមពណ៌ខ្មៅ លាមកពណ៌ប្រផេះ)
• ឈឺចុកចាប់សាច់ដុំ សន្លាក់ និងក្រពះ។

ការឆ្លងមេរោគរលាកថ្លើមប្រភេទ បេ រ៉ាំរ៉ៃំ គឺជាការឈឺរយៈពេលយូរដែលកើតឡើងនៅពេលមេរោគជំងឺរលាកថ្លើមប្រភេទ បេ បន្តស្ថិតនៅក្នុងរាងកាយមនុស្ស ភាគច្រើនអ្នកដែលកើតជំងឺរលាកថ្លើមប្រភេទ បេ រ៉ាំរ៉ៃមិនមានរោគសញ្ញាទេ ប៉ុន្តែវានៅតែជាករណីធ្ងន់ធ្ងរ ហើយអាចបណ្តាលឱ្យ៖
• ខូចថ្លើម (ជំងឺក្រិនថ្លើម)
• ជំងឺមហារីកថ្លើម
• ការបាត់បង់ជីវិត

មនុស្សដែលមានជំងឺរលាកថ្លើមប្រភេទ បេ រ៉ាំរ៉ៃអាចចម្លងមេរោគរលាកថ្លើមប្រភេទ បេ ទៅអ្នកដទៃទៀត ទោះបីជាពួកគេមិនដឹងខ្លួនថាឈឺ ឬគ្មានរោគសញ្ញាអ្វីក៏ដោយ។ មនុស្សដល់ទៅ១.៤លាននាក់ នៅសហរដ្ឋអាមេរិកមានជំងឺរលាកថ្លើមប្រភេទ បេ រ៉ាំរ៉ៃ។ កុមារប្រហែល៩០% ដែលកើតជំងឺរលាកថ្លើមប្រភេទ បេ ហើយក្លាយជាអ្នកជំងឺរលាកថ្លើម ប្រភេទ បេ រ៉ាំរ៉ៃ និងមនុស្សប្រហែល១ ក្នុងចំណោម៤នាក់ ស្លាប់បាត់បង់ជីវិត។ ជំងឺរលាកថ្លើមប្រភេទ បេ ឆ្លងតាមឈាម ទឹកកាម ឬវត្ថុរាវពីរាង្គកាយអ្នកជំងឺ មេរោគនេះអាចឆ្លងតាមរយះ៖
• ការសម្រាលកូន (ម្តាយដែលកើតជំងឺរលាកថ្លើមប្រភេទ បេ នេះអាចចម្លងទៅកូន នៅពេលសម្រាល ប្រសិនបើគ្រូពេទ្យឆ្មបមិនមានការប្រុងប្រយ័ត្នខ្ពស់ និងមិនមានអនាម័យត្រឹមត្រួវ)។
• ការប្រើប្រាស់កាំបិតកោរ ឬច្រាសដុសធ្មេញរួមគ្នាជាមួយអ្នកជំងឺ
• ការប៉ះពាល់ឈាម ឬដំបៅរបស់អ្នកជំងឺ
• មនុស្សដែលមានដៃគូរួមភេទច្រើន និងជាមួយអ្នកកើតជំងឺរលាកថ្លើមប្រភេទ បេ
• បុរសដែលរួមភេទជាមួយបុរសដទៃទៀត
• ការរួមភេទជាមួយអ្នកជំងឺរលាកថ្លើមប្រភេទ បេ ដោយមិនបានការពារប្រើស្រោមអនាម័យ
• ការប៉ះពាល់ឈាម ឬឧបករណ៍មុតស្រួចដទៃទៀត
• អ្នកដែលបានប៉ះពាល់ និងសមាជិកគ្រួសារដែលឆ្លងមេរោគជំងឺរលាកថ្លើមប្រភេទ បេ
• បុគ្គលិកថែទាំសុខភាព និងសុវត្ថិភាពសាធារណៈ ដែលមានហានិភ័យប៉ះពាល់ឈាម ឬវត្ថុរាវនៃរាង្គកាយ
• អ្នកធ្វើដំណើទៅតំបន់ដែលមានអត្រាកើតជំងឺរលាកថ្លើមប្រភេទ បេ ខ្ពស់ក្នុងមួយឆ្នាំៗ មនុស្សប្រហែល២០០០នាក់នៅសហរដ្ឋអាមេរិក បានបាត់បង់ជីវិតដោយសារជំងឺថ្លើមប្រភេទ បេនេះ។ វ៉ាក់សាំងរលាកថ្លើមប្រភេទ បេ អាចបង្ការជម្ងឺរលាកថ្លើមប្រភេទ បេ នេះបានរាប់បញ្ចូលទាំងជំងឺមហារីក និងជំងឺក្រិនថ្លើមផងដែរ។

វ៉ាក់សាំងរលាកថ្លើមប្រភេទ បេ :
វ៉ាក់សាំងរលាកថ្លើមប្រភេទ បេ ត្រូវបានផលិតចេញពីធាតុផ្សំនៃមេរោគវីរុសរលាកថ្លើមប្រភេទ បេ។ ជាធម្មតាវ៉ាក់សាំងនេះត្រូវចាក់៣ដង ក្នុង រយៈពេលពី១ ទៅ៦ខែ ។

ទារក គួរទទួលវ៉ាក់សាំងដូសទីមួយនៅពេលកើត ហើយជាធម្មតានឹងទទួលដូសគ្រប់ចំនួននៅអាយុ៦ ខែ ។

កុមារ ក្មេងជំទង់ មនុស្សពេញវ័យ ទាំងអស់ដែលមិនទាន់ទទួលបានវ៉ាក់សាំងក៏ត្រូវទៅចាក់ឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង