វិធីសាស្រ្ត៥យ៉ាង ដែលត្រូវធ្វើនៅថ្ងៃនេះ ដើម្បីសុខភាពល្អនៅថ្ងៃស្អែក

វិធីសាស្រ្ត៥យ៉ាង ដែលត្រូវធ្វើនៅថ្ងៃនេះ ដើម្បីសុខភាពល្អនៅថ្ងៃស្អែក

អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “វិធីសាស្រ្ត៥យ៉ាង ដែលត្រូវធ្វើនៅថ្ងៃនេះ ដើម្បីសុខភាពល្អនៅថ្ងៃស្អែក”
អត្ថបទដោយ : សៀង ម៉េងលី
#MJQE#AmericanInterconSchool

សុខភាពជាទ្រព្យសំខាន់បំផុតដែលមិនអាចកាត់ថ្លៃបានទេសម្រាប់ជីវិត។ ការវិនិយោគលើបញ្ហាសុខភាពរបស់អ្នក ប្រៀបដូចជាការវិនិយោគទុនផ្នែកហិរញ្ញវត្ថុក្នុងដំណាក់កាលដំបូង។ អ្នកត្រូវចាប់ផ្ដើមដើម្បីសម្រេចឱ្យបានគោលដៅរបស់ខ្លួន ហើយលទ្ធផលនឹងកើតមាននៅពេលអនាគត។ ទាំងនេះជាវិធីសាស្រ្តប្រាំយ៉ាង ដែលអ្នកអាចធ្វើនៅថ្ងៃនេះដើម្បីសុខភាពល្អទៅថ្ងៃខាងមុខ៖

១. ជ្រើសរើសម្ហូបអាហារដែលផ្ដល់ផលល្អដល់សុខភាព :
ដើម្បីធានាថាថ្ងៃស្អែកសុខភាពរបស់អ្នកនឹងល្អប្រសើរនោះ ត្រូវប្រយ័ត្នប្រយែងទៅនឹងរបបអាហាររបស់អ្នក។ សូមទទួលទានបន្លែ និងផ្លែឈើស្រស់ៗឱ្យបានច្រើនរួចកាត់បន្ថយសាច់ ស្ករ និងអាហារចៀន។ ប្រសិនបើអ្នកមានបំណងបង្កើនអាហារប្រឆាំងអុកស៊ីតកម្ម អ្នកត្រូវទទួលទានផ្លែឈើ និងបន្លែចម្រុះឱ្យបានច្រើន (ពី៧ ទៅ១០មុខ) ជារៀងរាល់ថ្ងៃជាជាងការពឹងផ្អែកលើសារជាតិបន្ថែមសម្រាប់អាហារតែមួយនោះ។

២. ជ្រើសរើសការហាត់ប្រាណ ឬ ការធ្វើចលនារាង្គកាយបែបណាមួយ :
វិធីសាស្រ្តតែមួយគត់ក្នុងការបង្កើនល្បឿននៃការរំលាយអាហារ គឺការហាត់ប្រាណ។ ដំណើរការរំលាយអាហារឡើងដល់កម្រិតកំពូលនៅពេលអ្នកមានអាយុប្រហែល២៥ឆ្នាំ បន្ទាប់មកវាក៏ចាប់ផ្ដើមធ្លាក់ចុះបន្តិចម្ដងៗ។ មិនថាអ្នកស្ថិតក្នុងវ័យណាទេ ការធ្វើលំហាត់ប្រាណដ៏ទៀងទាត់មួយ (៣០នាទីជារៀងរាល់ថ្ងៃ ឬ២-៣ដងក្នុងមួយសប្ដាហ៍) នឹងផ្ដល់អត្ថប្រយោជន៍ដល់អ្នកក្នុងរយៈពេលខ្លី និងវែងផងដែរ។

៣. ការត្រួតពិនិត្យសុខភាពរាង្គកាយមួយឆ្នាំម្ដង :
ការត្រួតពិនិត្យមួយតួខ្លួន ដែលត្រូវធ្វើឡើងយ៉ាងហោចណាស់មួយឆ្នាំម្ដងមានសារៈសំខាន់ជាចាំបាច់ ដើម្បីថែទាំសុខភាពរបស់អ្នកឱ្យស្ថិតក្នុងស្ថានភាពល្អប្រសើរ ថែមទាំងជួយបង្ការជំងឺនានានៅពេលអនាគតផងដែរ។ ការត្រួតពិនិត្យពេញមួយតួខ្លួននឹងធ្វើតេស្តរាង្គកាយរបស់អ្នក។ សូមទៅជួបគ្រូពេទ្យមួយឆ្នាំម្ដងក្នុងវ័យពី២០ ឬ៣០ឆ្នាំឡើងទៅ។

៤. អនុវត្តវិធីសាស្រ្តការពារស្បែក :
មហារីកស្បែកកើតចេញពីការខូច DNA នៅក្នុងកោសិកាស្បែក ដូចនេះអ្នកត្រូវធ្វើការការពារឱ្យបានត្រឹមត្រូវ។ ប្រសិនបើអ្នកធ្វើការនៅក្រោមកម្ដៅថ្ងៃញឹកញាប់ ឬធាតុអាកាសដែលពេញដោយកម្ដៅថ្ងៃ។ បន្ថយការខូចកោសិកាស្បែករបស់អ្នកដោយការពារស្បែកដោយប្រើឡេការពារកម្ដៅថ្ងៃ ពាក់មួក ឬបាំងឆ័ត្រ។ អនាម័យជាមូលដ្ឋាននៃការថែទាំស្បែក វាក៏មានសារៈសំខាន់ផងដែរ ដើម្បីបញ្ចៀសការវិវឌ្ឍ
របស់មេរោគស្បែក។

៥. គេងគ្រប់គ្រាន់ :
ការគេងគិតជាមធ្យមភាគចំនួន៦ ទៅ៨ម៉ោងក្នុងមួយថ្ងៃតាមការណែនាំ។ សារៈសំខាន់នៃការទទួល ទានដំណេកដ៏ទៀងទាត់មួយមិនអាចបង្កើតឱ្យមានភាពធុញថប់ច្រើនឡើយ។ រាង្គកាយដែលបានសម្រាកជួយជួសជុល និងព្យាបាលជាលិកា និងកោសិកានានា។

ជំហានជាមូលដ្ឋានទាំងនេះ ហាក់ដូចជាតិចតួចណាស់នៅថ្ងៃនេះ ប៉ុន្តែការអនុវត្តតាមជំហានទាំងនេះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក នឹងបង្ហាញឱ្យឃើញពីប្រសិទ្ធភាពក្នុងរយៈពេលវែង។

អត្ថបទដកស្រង់ពីគេហទំព័រ៖ https://www.aia.com.kh/kh/what-matters/health-wellness/5-Things-to-do-Today-for-a-Healthier-Tomorrow.html

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង