វិធីសាស្រ្ត៤យ៉ាងដើម្បីគេចចេញពីបញ្ហាសម្ពាធផ្លូវចិត្ត

វិធីសាស្រ្ត៤យ៉ាងដើម្បីគេចចេញពីបញ្ហាសម្ពាធផ្លូវចិត្ត

អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “វិធីសាស្រ្ត៤យ៉ាងដើម្បីគេចចេញពីបញ្ហាសម្ពាធផ្លូវចិត្ត”
អត្ថបទដកស្រង់ដោយ : រឿង សុភាព
#MJQE#AmericanInterconSchool

ជាទូទៅការរងនូវទំនួលខុសត្រូវ និងសម្ពាធការងារច្រើន អាចទាញអ្នកឱ្យធ្លាក់ចូលក្នុងអន្លង់ជំងឺបាក់ទឹកចិត្ត។ ជីវិតរបស់មនុស្សយើងម្នាក់ៗតែងតែជួបរឿងផ្សេងៗពីគ្នា ភាពរីករាយ ភាពសោកសៅ ការលំបាក សម្ពាធ ទំនួលខុសត្រូវ បានធ្វើឱ្យប៉ះទង្គិចដល់សុខភាពផ្លូវចិត្តរបស់មនុស្សជាច្រើន។ សុខភាពផ្លូវចិត្តសំខាន់ខ្លាំងណាស់ ព្រោះមនុស្សដែលមានសុខភាពផ្លូវចិត្តចុះខ្សោយ ងាយនឹងធ្វើឱ្យពួកគាត់ប្រឈមនឹងជំងឺផ្លូវកាយជាច្រើនទាំងស្រាល និងធ្ងន់។

មនុស្សម្នាក់ធ្លាប់តែសប្បាយរីករាយ ប្រែក្លាយជាស្ងៀមស្ងាត់ លែងចង់ចេញទៅណាមកណា ចូលចិត្តនៅម្នាក់ឯង មានអារម្មណ៍ថាឯកា អស់សង្ឃឹម ជីវិតគ្មានន័យ បន្ទោសខ្លួនឯង គិតថាខ្លួនឯងធ្វើអ្វីក៏មិនកើតគ្មាននរណាគាំទ្រ រហូតធ្វើឱ្យអ្នកខ្លះលែងចង់ធ្វើអ្វីទាំងអស់ សូម្បីតែញ៉ាំអាហារ ខ្លះទៀតញ៉ាំអាហារប៉ុន្តែញ៉ាំច្រើនខុសប្រក្រតី ទាំងអស់នេះសុទ្ធតែជារោគសញ្ញានៃជំងឺបាក់ទឹកចិត្ត បើផ្អែកតាមការចែករំលែករបស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។

ជំងឺនេះទាមទារឱ្យសាមីខ្លួន និងមនុស្សដែលនៅជុំវិញខ្លួនយកចិត្តទុកដាក់ជាចាំបាច់ដើម្បីសង្គ្រោះខ្លួនឯង និងសមាជិកគ្រួសាររបស់អ្នកឱ្យរួចផុតពីឃាតករលាក់មុខនេះ។ ប្រសិនបើអ្នកកំពុងតែជួបបញ្ហាដូចការរៀបរាប់ខាងលើ សូមកុំអាលបារម្ភ ត្រូវអនុវត្តវិធីខាងក្រោមនេះ ហើយនាំខ្លួនឯងដើរចេញពីជំងឺបាក់ទឹកចិត្តនេះឱ្យបាន។

១. អនុញ្ញាតឱ្យខ្លួនឯងសោកសៅ : អ្នកជាមនុស្សមិនមែនសិលា ហើយក៏គ្មានមនុស្សណារឹងមាំរហូតបានឡើយ។ តាមការចែករំលែករបស់គេហទំព័រ psychologytoday បាននិយាយថា ប្រសិនបើអ្នកជួបរឿងមិនសប្បាយចិត្ត រងសម្ពាធ បញ្ហាច្រើនដែលគិតថាវាពិតជាប៉ះពាល់ដល់ផ្លូវចិត្តរបស់អ្នក កុំខំប្រឹងទប់វាធ្វើអ្វី បើចង់យំចូរយំចេញមក បន្ធូរអារម្មណ៍សោកសៅឈឺចាប់ទាំងនោះចេញមក ហើយអ្នកនឹងបានធូរឡើងវិញមួយកម្រិត។

២. រំសាយសម្ពាធ : អាងផ្ទុកទឹកធំយ៉ាងណា នៅពេលដែលទឹកច្រើនពេកវាគង់នឹងពេញថ្ងៃណាមួយ មនុស្សយើងក៏ដូចគ្នាបើអ្នករងនូវសម្ពាធជាច្រើនហើយទប់លែងជាប់គួរតែនិយាយចេញមក ប្រាប់អ្នកជុំវិញខ្លួន ឬនរណាម្នាក់ដែលអ្នកទុកចិត្តបាន។ និយាយពាក្យក្នុងចិត្ត ភាពតានតឹងរបស់អ្នកចេញមកខ្លះ ជាផ្នែកមួយជួយបន្ធូរអារម្មណ៍តានតឹងរបស់អ្នកបាន។ ពេលខ្លះនៅពេលអ្នកនិយាយចេញមកហើយ អ្នកក៏អាចទទួលបានដំណោះស្រាយ និងការលើកទឹកចិត្ត ជាភ្លើងបំភ្លឺផ្លូវដែលកំពុងស្ថិតក្នុងភាពងងឹតរបស់អ្នកក៏ថាបាន។

៣. ទទួលយកភាពពិត : សម្ពាធផ្លូវចិត្តអាចកើតមកពីការបាត់បង់សមាជិកគ្រួសារណាម្នាក់ ការសាងកំហុសអ្វីមួយ ឬឆ្លងកាត់ការឈឺចាប់ពីអតីតកាល និងបញ្ហាជីវិតដែលត្រូវដោះស្រាយ។ ក្រោយពីយល់ព្រមឱ្យខ្លួនឯងសោកសៅ រំសាយអារម្មណ៍បើកចិត្តទទួលយកការលើកទឹកចិត្តពីអ្នកដទៃហើយ អ្នកត្រូវតែទទួលស្គាល់ថាជីវិតរមែងមានបញ្ហា មានការបាត់បង់ជាវដ្តនៃធម្មជាតិ។ សូមចងចាំថាមិនមែនមានតែយើងទេដែលតែងជួបព្យុះជីវិត មានមនុស្សច្រើនណាស់ក៏ជួបដូចយើងដែរ ហើយក៏អាចជួបធ្ងន់ធ្ងរជាងយើងទៅទៀត។ មិនតែប៉ុណ្ណោះទេក៏អាចកំពុងតែប្រាថ្នាចង់បានជីវិតដូចជាយើង ហេតុនេះកាត់ចិត្ត រំសាយអារម្មណ៍ ហើយរីករាយក្នុងរឿងតូចៗ សមិទ្ធិផលតូចៗដែលយើងធ្វើបាន ប្រើវាជាកូនសោដោះច្រវ៉ាក់នៃបញ្ហាម្ដងមួយៗ បន្តជីវិតដោយភាពរីករាយ។

៤. ស្វែងរកជំនួយពីក្រុមគ្រួសារ : មនុស្សដែលមានជំងឺបាក់ទឹកចិត្ត គាត់នឹងគិតអ្វីមិនចេញលែងចង់ធ្វើអ្វីទាំងអស់ ហេតុនេះទាមទារឱ្យមនុស្សជុំវិញខ្លួន ឬគ្រួសារជួយលើកទឹកចិត្ត ព្យាយាមស្វែងយល់ និងនាំគាត់ទៅជួបជាមួយគ្រូពេទ្យជំនាញ។ ជាមួយគ្នានេះតាមប្រសាសន៍របស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានលើកឡើងពាក់ព័ន្ធបុគ្គលដែលនៅក្បែរអ្នកដែលមានបញ្ហាផ្លូវចិត្តថា កុំបោះបង់អ្នកជំងឺ ឬគិតថាគាត់ឆ្កួត គាត់គ្រាន់តែជាជនរងគ្រោះសម្ពាធផ្លូវចិត្តម្នាក់ ហើយជំងឺនេះក៏អាចព្យាបាលជាបាន ប្រសិន បើនាំគាត់មកព្យាបាលទាន់ពេល និងត្រឹមត្រូវ ដើម្បីចៀសវាងការប្រើប្រាស់ថ្នាំផ្តេសផ្ដាស និងសេពគ្រឿងញៀន ឬគ្រឿងស្រវឹងដើម្បីបន្ធូរអារម្មណ៍៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ http://healthy-cambodia.com/article/strategies-to-soothe-anxious-uncertainty

 

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង