វិធីសាស្រ្តសំខាន់ៗ៣យ៉ាងដើម្បីមានសុខភាពល្អ ថែរក្សារាងបានស្អាត និងដើម្បីឱ្យមាន ភាពទាក់ទាញ

វិធីសាស្រ្តសំខាន់ៗ៣យ៉ាងដើម្បីមានសុខភាពល្អ ថែរក្សារាងបានស្អាត និងដើម្បីឱ្យមាន ភាពទាក់ទាញ

អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “វិធីសាស្រ្តសំខាន់ៗ៣យ៉ាងដើម្បីមានសុខភាពល្អ ថែរក្សារាងបានស្អាត និងដើម្បីឱ្យមាន ភាពទាក់ទាញ” អត្ថបទដកស្រង់ដោយ : ឃី គីមស្រៀ
#MJQE#AmericanInterconSchool

សុខភាព គឺជាស្ថានភាពនៃសុខុមាលភាពផ្លូវកាយ ផ្លូវចិត្ត និងសង្គម ហើយការមានសុខភាពល្អគឺជារឿងសំខាន់ និងចាំបាច់បំផុតសម្រាប់មនុស្សគ្រប់រូប ព្រោះថាបើយើងមិនថែរក្សាសុខភាពឱ្យបានល្អទេ ពួកយើងក៌មិនអាចបំពេញកិច្ចការងារប្រចាំថ្ងៃបានល្អដែរ។ មនុស្សទូទៅ ភាគច្រើនផ្តោតទៅលើការងារ ឬមុខរបរប្រចាំថ្ងៃជារឿងសំខាន់ ដោយមានការធ្វេសប្រហែសមិនបានក្រឡេកមកមើលសុខភាពរបស់ខ្លួន ហើយមានពេលខ្លះទៀត ពួកគាត់ជាប់រវល់ការងាររហូតដល់ ភ្លេចគិតពីពេលវេលាទទួលទានអាហារ រីឯមនុស្សមួយចំនួនទៀត ទទួលទានអាហារលើសកម្រិត ឬបរិភោគអាហារដែលមានផ្ទុកជាតិកាឡូរី និងកូលេស្តេរ៉ុលខ្ពស់ រឺប្រភេទអាហារដែលមានជាតិខ្លាញ់ច្រើន ដែលអាចបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពខាងក្នុង និងរូបរាងកាយខាងក្រៅ។

ដូច្នេះដើម្បីឱ្យមានសុខភាពល្អ និងថែរក្សារាងឱ្យបានស្អាត យើងគួរអនុវត្តនូវវិធីសាស្រ្តសំខាន់ៗ៣យ៉ាងដូចខាងក្រោម៖
១. ការធ្វើលំហាត់ប្រាណជាប្រចាំ :
អ្នកគួរធ្វើលំហាត់ប្រាណប្រចាំថ្ងៃ ឬចំណាយពេលហាត់ប្រាណយ៉ាងហោចណាស់ឱ្យបានកន្លះម៉ោង ទៅ៤៥នាទីក្នុង១ថ្ងៃ ពីព្រោះការធ្វើលំហាត់ប្រាណអាចជួយឱ្យរាងកាយរបស់អ្នក បញ្ចេញនូវជាតិពុលនៅក្នុងខ្លួន ហើយជាពិសេសសម្រាប់អ្នកដែលប្រាថ្នាចង់បានរាងស្អាត ការអនុវត្តនូវការធ្វើលំហាត់ប្រាណជាប្រចាំបែបនេះគឺអាចជួយឱ្យអ្នកសម្រេចនូវបំណងនោះបាន។ ការធ្វើលំហាត់ប្រាណជាប្រចាំ មិនត្រឹមតែជួយឱ្យអ្នកមានសុខភាពល្អតែប៉ុណ្ណោះទេ វាថែមទាំងជួយឱ្យរូបរាងកាយរបស់អ្នកកាន់តែមានភាពទាក់ទាញផងដែរ។

២. ការគេង និងសម្រាក់ឱ្យបានគ្រប់គ្រាន់ :
ការគេង និងសម្រាកគ្រប់គ្រាន់អាចជួយឱ្យអ្នកមានសុខភាពល្អ ហើយក៏ជួយឱ្យរាងកាយមាំមួន និងចៀសផុតពីជំងឺផ្សេងៗផងដែរ។ បើអ្នកគេង និងសម្រាកមិនគ្រប់គ្រាន់ ការបំពេញការងារជាប្រចាំថ្ងៃរបស់អ្នកក៏មិនសូវបានល្អ ហើយវាក៏អាចប៉ះពាល់ដល់សុខភាពរបស់អ្នកផងដែរ។ ដូច្នេះការគេង និងសម្រាក់ឱ្យបានគ្រប់គ្រាន់ពិតជាសំខាន់ណាស់សម្រាប់សុខភាពរបស់អ្នក ហើយការគេង និងសម្រាកគ្រប់គ្រាន់ មិនត្រឹមតែជួយឱ្យអ្នកមានសុខភាពល្អតែប៉ុណ្ណោះទេ វាថែមទាំងជួយឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ មុខស្រស់ថ្លា និងកាន់តែមានភាពទាក់ទាញផងដែរ។

៣. ការបរិភោគបន្លែ ផ្លែឈើឱ្យបានច្រើន និងទទួលទានទឹកឱ្យបានគ្រប់គ្រាន់ :
ការបរិភោគអាហារដែលសម្បូរទៅដោយបន្លែ និងផ្លែឈើឱ្យបានច្រើនអាចជួយកាត់បន្ថយនូវហានិភ័យនៃការកើតជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ការពារប្រភេទជំងឺមហារីកមួយចំនួន កាត់បន្ថយការឡើងនូវសម្ពាធឈាម បន្ថយហានិភ័យនៃបញ្ហាភ្នែក និងប្រព័ន្ធរំលាយអាហារជាដើម។ ចំណែកឯការទទួលបានទឹកគ្រប់គ្រាន់ជាប្រចាំក៏មានសារៈសំខាន់សម្រាប់សុខភាពរបស់អ្នកដែរ។ ការទទួលទានទឹកបានគ្រប់គ្រាន់ អាចការពារពីការបាត់បង់ ឬខ្សោះនូវជាតិទឹកនៅក្នុងខ្លួន ការពារទប់ស្កាត់រាងកាយរបស់អ្នកមិនឱ្យឡើងកម្តៅខ្លាំង និងជួយកាត់បន្ថយមិនឱ្យកើតមានជំងឺគ្រួសក្នុងតម្រងនោមជាដើម។ លើសពីនេះទៅទៀត ការបរិភោគបន្លែផ្លែឈើ និងការទទួលទានទឹកបានច្រើន មិនត្រឹមតែជួយឱ្យអ្នកមានសុខភាពល្អតែមួយមុខប៉ុណ្ណោះទេ វាថែមទាំងជួយឱ្យអ្នកមានស្បែកភ្លឺស្រស់ថ្លា និងរក្សាតុល្យភាពរាងកាយដ៏ស្រស់ស្អាតរបស់អ្នក ហើយជាពិសេសនោះគឺជួយឱ្យចៀសផុតពីជំងឺផ្សេងៗផងដែរ។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង