វិធីសាស្រ្តទាំង៥យ៉ាងក្នុងការថែទាំសុខភាពផ្លូវចិត្តរបស់លោកអ្នក

វិធីសាស្រ្តទាំង៥យ៉ាងក្នុងការថែទាំសុខភាពផ្លូវចិត្តរបស់លោកអ្នក

អត្ថបទព័ត៌មានស្តីពីការអប់រំសុខភាព
ក្រោមប្រធានបទ “វិធីសាស្រ្តទាំង៥យ៉ាងក្នុងការថែទាំសុខភាពផ្លូវចិត្តរបស់លោកអ្នក”
អត្ថបទដកស្រង់ដោយ : អ៊ាវ ណារី
#MJQE#AmericanInterconSchool

បញ្ហាផ្លូវចិត្តភាគច្រើនកើតមានឡើងទៅលើយុវជន ហើយវាបានធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការគិត ការពិចារណា ការតាំងអារម្មណ៍ ពិបាកក្នុងការសិក្សា ឬបំពេញកិច្ចការងារផ្សេងៗ ហើយពេលខ្លះអាចឈានទៅដល់ការធ្វើអត្តឃាតទៀតផង។ បញ្ហាផ្លូវចិត្តកើតឡើងដោយសារកត្តាជាច្រើនរួមមាន កត្តាគ្រួសារ កត្តាការងារ កត្តាហិរញ្ញវត្ថុ បរិស្ថានជុំវិញខ្លួនជាដើម។ ដើម្បីជៀសវាងនូវបញ្ហាដ៏អាក្រក់ទាំងនេះ លោកអ្នកត្រូវមានវីធីសាស្ត្រត្រឹមត្រូវក្នុងការថែទាំសុខភាពផ្លូវចិត្តរបស់លោកអ្នកឱ្យបានល្អ។ ខាងក្រោមនេះគឺជាវីធីសាស្រ្តទាំង៥យ៉ាងក្នុងការថែទាំសុខភាពផ្លូវចិត្តរបស់លោកអ្នក៖

១. បរិភោគអាហារដែលផ្ដល់ជីវជាតិល្អ :
ការបរិភោគអាហារដែលផ្ដល់នូវជីវជាតិល្អមិនត្រឹមតែជួយដល់សុខភាពរាងកាយរបស់លោកអ្នកប៉ុណ្ណោះទេ ប៉ុន្តែវាបានជួយដល់សុខភាពផ្លូវចិត្តរបស់លោកអ្នក កាត់បន្ថយនូវបញ្ហាស្ត្រេស ការថប់អារម្មណ៍ជាដើម។ លោកអ្នកគួរបរិភោគអាហារណាដែលមានផ្ទុកនូវសារធាតុសំខាន់ៗដូចជា វីតាមីនបេ ១២ (Vitamin B12) ជាតិដែកដែលមាននៅក្នុងអាហារដូចជា ស៊ុត បន្លែ ត្រី សាច់ជាដើម ហើយគួរជៀសវាងការបរិភោគភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វេអ៊ីនច្រើនពេក។

២. ការធ្វើលំហាត់ប្រាណ :
ការធ្វើលំហាត់ប្រាណមិនត្រឹមតែជួយសម្រួលដល់សុខភាពរបស់មនុស្សឱ្យមានភាពល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយសម្រួលដល់អារម្មណ៍របស់លោកអ្នកឱ្យមានភាពស្រស់ស្រាយ បាត់បង់នូវទុក្ខកង្វល់បានមួយចំណែក។ ការធ្វើលំហាត់ប្រាណជួយអ្នកដែលមានបញ្ហាគិតច្រើន ពិបាកចិត្តឱ្យមានភាពស្រស់ថ្លាក្នុងផ្លូវអារម្មណ៍ឡើងវិញ ជួយកាត់បន្ថយការគិត និងបញ្ហាថប់អារម្មណ៍បានមួយកម្រិតផងដែរ។

៣. គេងឱ្យបានគ្រប់គ្រាន់ :
ការសម្រាកឱ្យបានគ្រប់គ្រាន់ជួយសម្រួលដល់អារម្មណ៍របស់លោកអ្នកឱ្យនឹងនរ ព្រោះថានៅពេលដែលលោកអ្នកសម្រាក សារធាតុគីមីម្យ៉ាងដែលមានតួនាទីគ្រប់គ្រងអារម្មណ៍របស់លោកអ្នកត្រូវបានសម្រួលនៅក្នុងខួរក្បាល។ ការគេងមិនបានគ្រប់គ្រាន់ធ្វើឱ្យលោកអ្នកឆាប់មួម៉ៅ ធុញថប់នៅក្នុងអារម្មណ៍ដែលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពផ្លូវចិត្តរបស់លោកអ្នក។

៤. ត្រូវពន្លឺថ្ងៃឱ្យបានច្រើន :
នៅក្នុងពន្លឺថ្ងៃមានផ្ទុកនូវវីតាមីនឌី (Vitamin D) ដែលជាសារធាតុដ៏ចាំបាច់មួយសម្រាប់សុខភាពរាងកាយក៏ដូចជាសុខភាពផ្លូវចិត្តរបស់លោកអ្នក ព្រោះវីតាមីនឌី (Vitamin D) បានចូលទៅជម្រុញឱ្យមានការផលិតអរម៉ូនសេរ៉ូតូនីន (Serotonin) នៅក្នុងខួរក្បាលដែលជាអរម៉ូនជំនួយដល់ការគិតពិចារណារបស់លោកអ្នកឱ្យមានភាពរលូនល្អ ព្រមទាំងជួយឱ្យលោកអ្នកមានសុខភាពផ្លួវចិត្តល្អ និងជួយប្រឆាំងនឹងការកើតជំងឺបាក់ទឹកចិត្ត និងជំងឺស្ត្រេស ជាដើម។

៥. ប្រឹក្សាជាមួយនឹងអ្នកជំនាញខាងផ្លូវចិត្ត :
ប្រសិនបើលោកមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ មិនអាចគ្រប់គ្រងបាន លោកអ្នកគួរតែប្រឹក្សាជាមួយនឹងអ្នកជំនាញខាងផ្លូវចិត្តណាមួយ ដើម្បីស្វែងរកដំណោះស្រាយដ៏ត្រឹមត្រូវ និងព្យាបាលបញ្ហានេះឱ្យមានភាពល្អប្រសើរឡើងវិញ។

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://www.peoplefirstinfo.org.uk/

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង