វិធីសាស្ត្រដែលមានប្រសិទ្ធភាពធ្វើឱ្យអ្នកក្លាយជាអ្នកគ្រប់គ្រងល្អម្នាក់

វិធីសាស្ត្រដែលមានប្រសិទ្ធភាពធ្វើឱ្យអ្នកក្លាយជាអ្នកគ្រប់គ្រងល្អម្នាក់

អត្ថបទព័ត៌មានស្តីពីការងារ និងអាជីព
ក្រោមប្រធានបទ “វិធីសាស្ត្រដែលមានប្រសិទ្ធភាពធ្វើឱ្យអ្នកក្លាយជាអ្នកគ្រប់គ្រងល្អម្នាក់”
អត្ថបទដកស្រង់ដោយ : តុង ភក្តិ
#MJQE#AmericanInterconSchool

ដើម្បីក្លាយជាគ្រប់គ្រងល្អម្នាក់ វាមិនងាយស្រួលនេះទេ ពោលគឺអ្នកត្រូវមានការសិក្សាឆ្វេងយល់ និងត្រូវឆ្លងកាត់បទពិសោធន៍ជាច្រើននៅក្នុងតួនាទីមួយនេះ។ ថ្ងៃនេះ ខ្ញុំសូមចែករំលែកបទពិសោធន៍ខ្លះរបស់ខ្ញុំផ្ទាល់ ក្នុងនាមជាអ្នកដឹកនាំម្នាក់នៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន អស់រយៈប្រាំពីរឆ្នាំ៖

1. អ្នកត្រូវដឹងច្បាស់អំពីគោលការណ៍របស់ផ្នែក និងក្រុមហ៊ុន
ជាអ្នកគ្រប់គ្រងម្នាក់ អ្នកត្រូវដឹងច្បាស់អំពីគោលការណ៍របស់ផ្នែក និងក្រុមហ៊ុន ដូច្នេះហើយទើបអ្នកអាចដឹងថា បុគ្គលិករបស់អ្នកធ្វើអ្វីត្រឹមត្រូវ និងធ្វើអ្វីមិនត្រឹមត្រូវ ពេលនោះហើយទើបអ្នកអាចសសើរ ណែនាំ ឬដាក់ពិន័យពួកគេបាន។

2. អ្នកត្រូវដឹងច្បាស់អំពីចរិតរបស់បុគ្គលិកទាំងអស់
ការដឹងច្បាស់ពីចរិតរបស់បុគ្គលិកម្នាក់ៗ ធ្វើឱ្យអ្នកងាយស្រួលក្នុងការធ្វើការ និងដោះស្រាយបញ្ហាជាមួយពួកគេបានដោយជោគជ័យ ពេលនោះហើយដែលអ្នកត្រូវបែងចែកថាតើ ត្រូវយកវិធីសាស្ត្របែបណាដើម្បីដោះស្រាយឱ្យត្រូវតាមប្រភេទចរិតរបស់បុគ្គលិក។

3. ត្រូវធ្វើខ្លួនជាមនុស្សដែលបុគ្គលិកងាយស្រួលជួប
ជាអ្នកគ្រប់គ្រងម្នាក់ អ្នកត្រូវចេះដាក់ខ្លួន និងចេះសម្របខ្លួនដោយមិនត្រូវធ្វើឫកក្រអឺតក្រទម ដែលធ្វើឱ្យបុគ្គលិកខ្លាចមិនហ៊ានមកជួបពេលពួកគាត់ត្រូវការជំនួយពីអ្នក។

4. ត្រូវឆ្លើយជានិច្ចនូវសំណួរ សំណូមពរ និងការស្នើសុំរបស់បុគ្គលិក
ការឆ្លើយតបទាន់ពេលវេលានូវសំណួរ សំណូមពរ និង ការស្នើសុំរបស់បុគ្គលិក គឺពិតជាធ្វើឱ្យពួកគេ មានទំនុកចិត្តកាន់តែខ្ពស់មកលើការដឹកនាំរបស់អ្នក។ អ្នកត្រូវចាំថា ពាក្យថាចម្លើយ មិនមែនមានន័យថា ទាល់តែអ្នកផ្តល់នូវអ្វីដែលពួកគេចង់បាននោះទេ ពោលគឺ “Yes” ក៏ជាចម្លើយ “No” ក៏ជាចម្លើយ សំខាន់គឺអ្នកបានបកស្រាយច្បាស់លាស់អំពីចម្លើយនោះ។

5. ត្រូវចេះទទួល និងសរសើរនូវមតិយោបល់ និងគំនិតរបស់បុគ្គលិក
នៅពេលដែលអ្នកទទួលយកនូវមតិយោបល់ និងគំនិតរបស់បុគ្គលិក ពួកគេពិតជាមានអារម្មណ៍ថា ពួកគេត្រូវបានផ្តល់តម្លៃដែលធ្វើឱ្យពួកគេកាន់តែចូលរួមផ្តល់មតិយោបល់កាន់តែច្រើនដើម្បីភាពរីកចម្រើនរបស់ក្រុមហ៊ុន។

6. ត្រូវធ្វើខ្លួនជាអ្នកផ្តល់ប្រឹក្សាយោបល់ និងអ្នកសម្របសម្រួលសម្រាប់បុគ្គលិក
នៅពេលអ្នកដឹងថា បុគ្គលិករបស់អ្នកមានបញ្ហាការងារ ឬបញ្ហាក្នុងគ្រួសារ អ្នកត្រូវតែរកវិធីសាស្ត្រ ដោះស្រាយតាមរយៈជួបគាត់ផ្ទាល់ ដើម្បីផ្តល់ប្រឹក្សាយោបល់ និងជួយសម្របសម្រួល។

7. មិនត្រូវប្រើពាក្យសម្តីអសុរសទៅលើបុគ្គលិកទោះក្នុងស្ថានភាពណាក៏ដោយ
ការប្រើប្រាស់ពាក្យសម្តីមិនសមរម្យទៅលើបុគ្គលិកដូចជា ការប្រមាថ ការជេរ និងការគំរាមគំហែង គឺមិនមែនជាវិធីសាស្រ្តល្អសម្រាប់គ្រប់គ្រងបុគ្គលិកនោះទេ តែផ្ទុយទៅវិញអ្នកនឹងទទួលបានមកវិញនូវការមិនសម្បាយចិត្តពីបុគ្គលិក និងធ្វើឱ្យបុគ្គលិកស្អប់អ្នកទៅវិញទេ។

8. ត្រូវចូលរួមធ្វើជាមួយបុគ្គលិក កុំឈរបញ្ជា
បើអ្នកចង់បានការគោរព និងការស្រឡាញ់ពីបុគ្គលិក អ្នកត្រូវចំណាយពេលវេលាខ្លះ ដើម្បីចូលធ្វើការផ្ទាល់ជាមួយពួកគាត់ ពេលនោះហើយដែលកាន់តែដឹងពីសុខទុក្ខបុគ្គលិក។

9. ត្រូវធ្វើជាមនុស្សគោរពពាក្យសម្តីរបស់អ្នក កុំគ្រាន់តែសន្យាចោល
អ្នកត្រូវចាំថា ការសន្យារបស់អ្នកទៅកាន់បុគ្គលិក គឺជាចំណុចសំខាន់មួយក្នុងចំណោមចំណុចសំខាន់ផ្សេងទៀតដែលបុគ្គលិកគិតថា អ្នកមានឥទ្ធិពលមកលើពួកគាត់ តែផ្ទុយទៅវិញ បើអ្នកគ្រាន់តែសន្យាចោល នោះសម្តីរបស់អ្នកដែលនិយាយទៅនាក់ពួកគាត់ គឺសាបដូចទឹកទន្លេ។

10. បើបុគ្គលិកធ្វើខុស ត្រូវអនុវត្តគោលការណ៍១០០%
បើបុគ្គលិកធ្វើខុស ត្រូវអនុវត្តគោលការណ៍១០០% ទៅតាមទម្ងន់ទោសកំហុសរបស់បុគ្គលិក បើមិនដូច្នុះ វានឹងមានភាពអាណាធិបតេយ្យ
បើអ្នករកឃើញថា បុគ្គលិករបស់អ្នកបានប្រព្រឹត្តកំហុសអ្វីមួយ អ្នកត្រូវតែជួបគាត់ ដើម្បីដាក់ពិន័យតាមទម្ងន់ទោសកំហុសរបស់គាត់ បើយ៉ាងហោចណាស់ក៏អ្នកត្រូវណែនាំធ្ងន់ៗ ឬព្រមានផ្ទាល់មាត់ដោយមិនត្រូវឱ្យគាត់បន្តប្រព្រឹត្តកំហុសដដែលៗដោយគ្មានវិធានការអ្វីសោះ។

11. កុំធ្វើជាមនុស្សត្រចៀកស
បើមានការរបាយការណ៍ល្អ ឬមិនល្អអំពីបុគ្គលិក អ្នកត្រូវប្រមូលព័ត៌មានឱ្យគ្រប់ជ្រុងជ្រោយសិន មុននឹងជួបគាត់
មុននឹងអ្នកជួបបុគ្គលិកដើម្បីសសើរ ឬដាក់ពិន័យ អ្នកត្រូវប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រោយជាមុនសិន បើមិនដូចនេះទេ អ្នកអាចនឹងសម្រេចចិត្តខុស ដែលពេលនោះហើយ ពួកគាត់នឹងបាត់បង់ទំនុកចិត្តមកលើការគ្រប់គ្រងរបស់អ្នក។

12. ត្រូវធ្វើជាគំរូល្អដល់បុគ្គលិក
អ្នកគ្រប់គ្រងដែលមានឥទ្ធិពល គឺត្រូវធ្វើជាគំរូល្អសម្រាប់បុគ្គលិក។ បើអ្នកហាមពួកគាត់មិនឱ្យអ្នកអ្វីមួយ អ្នកក៏រឹតតែកុំធ្វើរឿងនោះ។ ឧទាហរណ៍៖ អ្នកប្រាប់បុគ្គលិកកុំឱ្យមកធ្វើការងារយឺត តែអ្នកខ្លួនឯង បែរជាមកយឺតជារឿយៗ។ បើដូចនេះ នៅពេលមានបុគ្គលិកមកយឺត ថាតើអ្នកត្រូវនិយាយជាមួយពួកគាត់ដូចម្តេច។

13. ត្រូវរៀបចំកាលវិភាគត្រួតពិនិត្យការងារបុគ្គលិកដោយមិនប្រាប់មុន
ការចុះត្រួតពិនិត្យការងារបុគ្គលិកដោយមិនប្រាប់មុន ធ្វើឱ្យបុគ្គលិកមានការប្រុងប្រយ័ត្ន ជានិច្ច ក្នុងការ បំពេញការងារ និងធ្វើឱ្យពួកគេគិតថា អ្នកជាមេដឹកនាំមានការតាមដានការងារបុគ្គលិកដោយមិនបណ្តោយឱ្យបុគ្គលិកលួចខ្ជិលបាន។

14. ត្រូវមានភាពអត់ធ្មត់ខ្ពស់តាមដែលអាចធ្វើបានជាមួយបុគ្គលិក
ភាពអត់ធ្មត់គឺជាអំណាចដ៏អស្ចារ្យដែលធ្វើឱ្យបុគ្គលិកគោរពអ្នកដោយមិនដឹងខ្លួន។ ផ្ទុយទៅវិញភាពឆេវឆាយ ធ្វើឱ្យបែកបាក់ផ្ទៃក្នុង ធ្វើឱ្យមានជម្លោះ និងជាពិសេសធ្វើឱ្យបុគ្គលិកមើលឃើញពីចំណុចខ្សោយរបស់អ្នក។

15. មិនត្រូវយកគុណសម្បត្តិពីបុគ្គលិក
នៅពេលបុគ្គលិកធ្វើបានល្អ អ្នកត្រូវសរសើរគាត់ និងលើកគុណសម្បត្តិរបស់គាត់ឱ្យអ្នកដទៃដឹង នោះ ហើយដែលធ្វើឱ្យពួកគាត់កាន់តែមានទឹកចិត្តបំពេញការងារ។

16. ពេលជួបបញ្ហា សូមកុំស្លន់ស្លោ តែត្រូវរឹងមាំដើម្បីរកដំណោះស្រាយ
ជាអ្នកគ្របគ្រង អ្នកត្រូវបង្ហាញជំហររឹងមាំគ្រប់កាលៈទេសៈ មិនស្លន់ស្លោពេលជួបបញ្ហា បើពុំដូច្នុះទេ បញ្ហាកាន់តែមិនអាចគ្រប់គ្រងបានដែលពេលនោះហើយ បុគ្គលិកមើលឃើញថាអ្នកជាអ្នកគ្រប់គ្រងរឹងមាំ ឬទន់ជ្រាយ។

17. ត្រូវចេះរៀបចំផែនការការងារ និងអនុវត្តតាមប្រាំចំណុច (អនុសាសន៍របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី)
ការចេះរៀបចំផែនការងារសម្រាប់បុគ្គលិក គឺជារឿងសំខាន់សម្រាប់អ្នកគ្រប់គ្រង តែការរឿងកាន់តែសំខាន់នោះគឺ ការយកប្រាំចំណុចរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មកអនុវត្ត៖ រៀបចំផែនការ អនុវត្តផែនការ តាមដានការអនុវត្តផែនការ កែតម្រូវចំណុចខ្វះខាត និងអនុវត្តឡើងវិញ។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង