វិធីងាយៗ៨យ៉ាងជួយការពារស្បែកកុំឱ្យចាស់ជាងវ័យ

វិធីងាយៗ៨យ៉ាងជួយការពារស្បែកកុំឱ្យចាស់ជាងវ័យ

អត្ថបទព័ត៌មានស្តីពីសុខភាព និងរបៀបរបបនៃការរស់នៅ
ក្រោមប្រធានបទ “វិធីងាយៗ៨យ៉ាងជួយការពារស្បែកកុំឱ្យចាស់ជាងវ័យ”
អត្ថបទដកស្រង់ដោយ : ភី ភារីន
#MJQE#AmericanInterconSchool

ទោះបីជាយើងមិនអាចបញ្ឈប់រាងកាយមិនឱ្យវិវឌ្ឍទៅរកវ័យចំណាស់ក៏ដោយ ប៉ុន្តែយើងអាចពន្យារភាពចាស់បានដោយអនុវត្តវិធីតាមបែបធម្មជាតិមួយចំនួនបានដែរ។ អត្ថបទនេះនឹងបង្ហាញពីវិធីងាយៗដើម្បីពន្យារភាពចាស់នៃរាងកាយរបស់យើង។ ខាងក្រោមនេះគឺជាវិធីងាយៗ៨យ៉ាងជួយការពារស្បែកកុំឱ្យចាស់ជាងវ័យ៖

១. បញ្ចូលផ្លែប៊្លូបឺរីក្នុងរបបអាហារប្រចាំថ្ងៃ :
នៅពេលយើងឈានចូលវ័យចំណាស់ ស្បែករបស់យើងនឹងយារដែលបង្កដោយការខូចខាត DNA ដោយសារអុកស៊ីតកម្ម។ ការខូចខាតនេះ គឺមិនអាចចៀសបានទេ ប៉ុន្តែយើងអាចពន្យឺតដំណើរការនេះបានដោយការញ៉ាំផ្លែប៊្លូបឺរី។ ផ្លែនេះសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងជួយប្រឆាំងនឹងសញ្ញានៃភាពចាស់ទៀតផង។

២. កំណត់ការញ៉ាំជាតិស្ករ :
ការសិក្សាថ្មីៗនេះបានរកឃើញថាការញ៉ាំជាតិស្ករអាចពន្លឿនភាពចាស់ និងបង្កឱ្យមានស្នាមខ្មៅក្រោមភ្នែក បាត់បង់ជាតិទឹក និងស្នាមជ្រួញ។ ដើម្បីប្រឆាំងនឹងភាពចាស់ អ្នកជំនាញណែនាំឱ្យកំណត់ការញ៉ាំជាតិស្ករ និងចៀសវាងអាហារ និងភេសជ្ជៈដែលផ្អែម ហើយងាកមកញាំទឹកឱ្យបានច្រើនវិញ។

៣. ចៀសវាងគេងផ្អឹបមុខនឹងខ្នើយ :
មនុស្សចំនួនចូលចិត្តគេងផ្កាប់មុខនឹងខ្នើយ យកល្អគួរកែទម្លាប់នេះចេញ។ តាមការសិក្សា និងអ្នកជំនាញជាច្រើនបានលើកឡើងថាការគេងយកមុខផ្អឹបនឹងខ្នើយអាចបង្កស្នាមជ្រួញលើមុខជារៀងរហូត។ វិធីដែលល្អគឺបង្ការដោយទម្លាប់ខ្លួនឱ្យគេងផ្ងារវិញ។

៤. ត្រួតពិនិត្យកម្រិតជាតិកាល់ស្យូម :
យើងគ្រប់គ្នាសុទ្ធតែដឹងហើយថា កាល់ស្យូមគឺល្អសម្រាប់ឆ្អឹង ប៉ុន្តែមានមនុស្សតិចនាក់ណាស់ដែលដឹងថាកាល់ស្យូមសំខាន់ក្នុងការការពារយើងពីការចាស់មុនអាយុ។ នៅពេលរាងកាយទទួលបានជាតិកាល់ស្យូមគ្រប់គ្រាន់អាចនឹងកាត់បន្ថយសញ្ញា នៃភាពចាស់ និងជួយឱ្យឆ្អឹងរឹងមាំផងដែរ។

៥. ញាំតែបៃតង :
តែបៃតងអាចជួយរាងកាយទាំងផ្នែកខាងក្នុង និងខាងក្រៅ។ តែបៃតងសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយជួយជួសជុលកោសិកាស្បែក និងធ្វើឱ្យយើងក្មេងជាងវ័យ។ មិនត្រឹមតែប៉ុណ្ណោះ តែបៃតងជួយបន្ថយភាពក្រហម និងការរលាកនៅលើស្បែក ព្រោះតែបៃតងក៏មានសារធាតុប្រឆាំងការរលាកដែរ។ ការញាំតែបៃតងជាប្រចាំអាចជួយឱ្យស្បែកតឹង និងមានសុខភាពល្អ។ យើងក៏អាចដាក់កញ្ចប់តែបៃតងដែលឆុងរួចនៅលើភ្នែករបស់យើងរយៈពេល២ទៅ៣នាទី ដើម្បីចៀសវាងស្នាមខ្មៅក្រោមភ្នែក និងការហើមភ្នែក។

៦. កុំងូតទឹកយូរពេក :
ដើម្បីពន្យារភាពចាស់ យើងមិនគួរងូតទឹកយូរពេកទេ។ មានការសិក្សាឃើញថាការងូតទឹកយូរអាចបំផ្លាញស្បែក និងធ្វើឱ្យស្បែកស្ងួត ហើយអាចបង្កឱ្យមានស្នាមជ្រួញ និងស្បែកយារទៀតផង។ ដូចនេះយកល្អគួរងូតទឹកដោយប្រើពេលតិច ប៉ុន្តែចំណាយពេលច្រើនលើការថែទាំស្បែកវិញ។

៧. ការពារកម្ដៅថ្ងៃ :
កម្ដៅថ្ងៃគឺជាចំណែកធំមួយដែលពន្លឿនភាពចាស់។ បើយើងត្រូវកម្ដៅថ្ងៃកាន់តែច្រើន ហានិភ័យនៃការចាស់មុនអាយុក៏កាន់តែខ្លាំងដែរ។ ដូចនេះយកល្អយើងគួរប្រើឡេការពារកម្ដៅថ្ងៃរាល់ថ្ងៃពេលចេញទៅក្រៅ និងពាក់អាវបិទបាំងខ្លួនឱ្យបានត្រឹមត្រូវដើម្បីការពារខ្លួនពីកាំរស្មី UV។

៨. សមាធិ និងចៀសវាងស្ត្រេសច្រើន :
ស្ត្រេសច្រើនពេកអាចធ្វើឱ្យដំណើរភាពចាស់កាន់តែលឿន ហើយការគិតច្រើន និងថប់បារម្ភក៏បណ្ដាលឱ្យចាស់មុនអាយុដែរ។ ការធ្វើសមាធិអាចជួយបន្ធូរអារម្មណ៍ និងធ្វើឱ្យរាងកាយបញ្ចេញអ័រម៉ូនសប្បាយរីករាយនៅក្នុងរាងកាយ

 

ដែលធ្វើឱ្យយើងមានអារម្មណ៍ល្អជាងមុន។ នេះជាវិធីបង្ការភាពចាស់ដែលមិនចំណាយច្រើន។

 

 

 

 

 

 

 

 

 

 

 

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖https://hellokrupet.com

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង