វប្បធម៌និងរបៀបរស់នៅក្នុងការអប់រំកូនដែលឪពុកម្តាយគ្រប់រូបគួរយល់ដឹង

វប្បធម៌និងរបៀបរស់នៅក្នុងការអប់រំកូនដែលឪពុកម្តាយគ្រប់រូបគួរយល់ដឹង

អត្ថបទព័ត៌មានស្តីពីរបៀបរស់នៅ និងការអប់រំ
ក្រោមប្រធានបទ “វប្បធម៌ និងរបៀបរស់នៅក្នុងការអប់រំកូនដែលឪពុកម្តាយគ្រប់រូបគួរយល់ដឹង”
អត្ថបទដកស្រង់ដោយ : គង កង
#MJQE#AmericanInterconSchool

ឪពុកម្តាយគ្រប់រូបតែងតែចង់ឱ្យគ្រួសាររបស់ខ្លួនមានភាពរីករាយ និងមានសុខភាពល្អ។ ប៉ុន្តែគ្រួសារនីមួយៗមានរបៀបរស់នៅ និងវប្បធម៌មិនដូចគ្នាទេ ដោយផ្អែកទៅលើស្ថានភាពសេដ្ឋកិច្ចគ្រួសារ និងមជ្ឈដ្ឋានដែលពួកគេរស់នៅ។ ដោយផ្អែកទៅលើវប្បធម៌ និងរបៀបរស់នៅតាមបែបប្រទេសជប៉ុន ឪពុកម្តាយគ្រប់រូបគួរតែធ្វើការផ្លាស់ប្តូរដោយសារតែជប៉ុនបានក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ លើសាកលលោកស្តីអំពីការអប់រំកូនបានល្អ កុមារមានសុខភាពល្អ និងមានសុជីវធម៌ល្អ។ ជនជាតិជប៉ុនបានអប់រំកូនពីរបៀបរស់នៅ បំណិនជីវិត ការសិក្សា សុជីវធម៌ និងផ្ដល់ឯករាជ្យដល់កូនតាំងពីកុមារភាព។ ខាងក្រោមនេះគឺជាវប្បធម៌ និងរបៀបរស់នៅដែលឪពុកម្ដាយបង្រៀន ឬអប់រំកូនរបស់ប្រជាជនជប៉ុន៖

១. ភាពស្និតស្នាលរវាងម្ដាយឪពុក និងកូនៗ : ពួកគេតែងតែយកចិត្តទុកដាក់ និងផ្ដល់ដំបូន្មានល្អៗដល់ កូន។ ឪពុកម្តាយមិនប្រើអំពើហិង្សានៅពេលកូនធ្វើខុស ឬមានកំហុសដោយចេតនាណាមួយ។ ពួកគេតែងពន្យល់ពីហេតុផល និងប្រាប់ពីលទ្ធផលដែលកូនបានធ្វើ។ មុនកូនមានអាយុប្រាំឆ្នាំ ឪពុកម្តាយតែងផ្ដល់ ឱកាសឱ្យកូនធ្វើអ្វីដែលពួកគេចង់ធ្វើ។ ទន្ទឹមគ្នានេះ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ ភាពកក់ក្ដៅដល់កូន ឪពុកម្តាយតែងគេងឱបកូនៗជារៀងរាល់យប់ដោយក្ដីស្រឡាញ់។

២. កុមារត្រូវបានបញ្ជូនទៅសាលារៀននៅអាយុប្រាំមួយឆ្នាំ : ឪពុកម្តាយត្រូវបញ្ជូនកូនទៅសាលារៀនចាប់ពីអាយុប្រាំមួយឆ្នាំនៅសាលារដ្ឋ។ ប្រព័ន្ធអប់រំជប៉ុនបង្រៀនឱ្យកុមារធ្វើការដោយភាពស្មើគ្នា ពួកគេបង្រៀនពីរបៀបរស់នៅប្រកបដោយសុជីវធម៌ សីលធម៌ អាកប្បកិរិយា និងវិន័យ ដើម្បីឱ្យកុមារចេះលត់ដំខ្លួនតាំងពីតូច។ នៅក្នុងសាលារៀនកុមារធ្វើការងារសម្អាត ឬអនាម័យដោយខ្លួនឯងរៀងៗខ្លួន ទាំងនៅក្នុងបន្ទប់រៀននិងក្នុងបន្ទប់ទឹក ដើម្បីជាការឆ្លុះបញ្ចាំងពីទំនួលខុសត្រូវរបស់កុមារ។

៣. ឪពុកម្ដាយយកចិត្តទុកដាក់ខ្លាំងលើអារម្មណ៍កូនៗ : ដើម្បីរស់នៅប្រកបដោយសមូហភាពវាជារឿងសំខាន់សម្រាប់កុមារដែរ ឪពុកម្ដាយត្រូវបង្រៀនឱ្យចេះគោរព និងចេះយោគយល់ពីអារម្មណ៍អ្នកដទៃ សូម្បីតែវត្ថុមានជីវិត។ ឪពុកម្ដាយជនជាតិជប៉ុនលើកទឹកចិត្ត និងមិនជម្រុះឱ្យកូនៗអៀនខ្មាស់ឡើយ។

៤. ឪពុកម្ដាយធ្វើជាគំរូល្អដល់កូន : ឪពុកម្ដាយតែងតែគោរព និងផ្ដល់តម្លៃដល់កូនជានិច្ច។ គ្រប់សកម្មភាពទាំងអស់ ឪពុកម្តាយបង្រៀនកូនដោយវិធីសាស្រ្តងាយៗ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់។ ឧទាហរណ៍៖ បង្រៀនឱ្យកូនចេះរៀបចំវត្ថុលេងឱ្យមានរបៀប និងបង្រៀនកូនឱ្យប្រើភាសាទន់ភ្លន់ជានិច្ច។ ការធ្វើបែបនេះគឺបង្ហាញពីគំរូភាព អត់ធ្មត់ ព្យាយាម និងកម្លាំងចិត្ត។

៥. វិធីចម្អិនអាហារប្លែកៗឱ្យកូនៗ : ឪពុកម្ដាយមិនបង្ខំឱ្យកូនៗពួកគេញ៉ាំអាហារច្រើនទេ តែពួកគេទម្លាប់ចម្អិនអាហារនិងតុបតែងចេញជារូបភាពផ្សេងៗដែលទាក់ចិត្តកូនឱ្យចង់ញ៉ាំអាហារ។ រឿងដែលសំខាន់មួយទៀត គឺពួកគេបង្រៀនឱ្យកូនៗទម្លាប់ញ៉ាំត្រីច្រើនជាងសាច់ផ្សេងៗ ពីព្រោះត្រីមានប្រូតេអ៊ីននិងធ្វើឱ្យពួកគេមានសុខភាពល្អ។

៦. បង្រៀនកូនៗឱ្យចេះចម្អិនអាហារដោយខ្លួនឯង : កុមារទាំងអស់អាចរៀនពីវិធីចម្អិនអាហារដោយខ្លួនឯង មានភាពច្នៃប្រឌិតខ្ពស់ និងស្គាល់ពីតម្លៃនៃអាហារ។ ជាក់ស្ដែងនៅសាលារៀនកុមារក៏តម្រូវឱ្យមានការរៀនចម្អិនម្ហូប ដើម្បីឱ្យពួកគេចេះពីវិធីរក្សាអនាម័យក្នុងការចម្អិនម្ហូបផងដែរ។ គួរបញ្ជាក់ផងដែរថា ប្រទេសជប៉ុនបានឈរនៅលំដាប់កំពូលដែលប្រជាជនមានសុខភាពល្អជាងគេនៅលើពិភពលោក រួមទាំងកុមារផងដែរ៕

 

 

 

 

 

 

 

 

 

 

 

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://education.ams.com.kh/
https://www.miraicambodia.com/kh/blog/topic/56

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង