
12 ៩ លោក គួច ម៉េងលី ប្រាប់គន្លឹះកសាងជោគជ័យក្នុងជីវិតការងារ
ដោយបានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសនៃពិធីសម្ពោធបើកពិព័រណ៍ការងារលើកទី៤ របស់អង្គការ ភី អិន ស៊ី (PNC) កាលពីថ្ងៃទី៩កញ្ញា កន្លងទៅនេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានចែករំលែកបទពិសោធជីវិតការងារជោគជ័យដល់យុវជនដែលបានចូលរួមក្នុងពិធីនោះថា “គន្លឹះកសាងភាពជោគជ័យអាជីពការងារ គឺអាស្រ័យទៅលើយើងចេះសំលៀងក្ដីស្រមៃ ដែលជាគោលដៅជីវិតពិតប្រាកដ តែអ្វីដែលសំខាន់ គឺត្រូវកសាងគ្រឹះឱ្យរឹងមាំសិន នោះគឺចំណេះដឹង ជំនាញ (ជំនាញរឹងនិងជំនាញទន់) បទពិសោធ… ដែលជាគ្រឹះ និងគន្លឹះកសាងភាពជោគជ័យនិរន្តភាព”។
វិស័យអប់រំ គឺជាវិស័យមួយដែលលោកវេជ្ជបណ្ឌិត គួច ម៉េងលី តែងតែចាត់ទុកជាដង្ហើមអភិវឌ្ឍធនធានមនុស្ស និងគន្លឹះកសាងភាពជោគជ័យក្នុងជីវិតការងារផងដែរ។ ដូច្នេះហើយ យុវជនខ្មែរត្រូវខិតខំរៀន ចាប់ជំនាញឱ្យបានច្បាស់លាស់ ហើយធ្វើការឱ្យគេទៅតាមចំណង់ចំណូលចិត្ត ដើម្បីដកពិសោធន៍ការងារឱ្យជោកជាំ គឺមហាជោគជ័យលើខ្លួនឯង។ ឆ្លងកាត់បទពិសោធការងារយ៉ាងជោកជាំនេះ បានជំរុញយើងទៅរកជោគជ័យក្នុងអាជីពការងារ ក្លាយទៅជាអ្នកដឹងនាំគេ។
លោក គួច ម៉េងលី ថ្លែងបន្តចំពោះមុខយុវជនប្រមាណជាង១រយនាក់ថា ដល់ពេលយើងចេញរកស៊ីអ្វីដែលជាគោលដៅជីវិត យើងបានកំណត់ទុកនោះ យើងប្រាកដជាជោគជ័យ។ ជោគជ័យដោយសារតែយើងដឹងសព្វកន្លុកកន្លៀត ក្នុងរយៈពេលដែលយើងធ្វើការដកពិសោធន៍ការងារយ៉ាងច្រើនឆ្នាំកន្លងមកនោះ យើងនឹងជោគជ័យជាមិនខាន។ ដូច្នេះ យើងត្រូវវិនិយោគទុនទៅលើចំណេះដឹង ជំនាញ បទពិសោធទៅតាមចំណង់ចំណូលចិត្តតាមរយៈខិតខំរៀនសូត្រ និងធ្វើការដកពិសិធន៍ការងារឱ្យគេនេះឯង៕
អត្ថបទដកស្រង់សារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ
No Comments