លក្ខណៈពិសេសនៃការញុំាម្រេច ទោះបីញុំាតិចតែអាចជំនួយដល់សុខភាពសរីរាង្គកាយជាច្រើនផ្នែក

លក្ខណៈពិសេសនៃការញុំាម្រេច ទោះបីញុំាតិចតែអាចជំនួយដល់សុខភាពសរីរាង្គកាយជាច្រើនផ្នែក

អត្ថបទព័ត៌មានស្តីពីសុខភាព និងសុខុមាលភាពក្រោមប្រធានបទ ”លក្ខណៈពិសេសនៃការញុំាម្រេច ទោះបីញុំាតិចតែអាចជំនួយដល់សុខភាពសរីរាង្គកាយជាច្រើនផ្នែក”អត្ថបទដកស្រង់ដោយ : សោម ចាន់ណា
#MJQE#AmericanInterconSchool

ម្រេចខ្មៅ គឺជាប្រភេទគ្រឿងទេសផ្ទះបាយមួយប្រភេទដែលគេនិយមប្រើបំផុតនៅទូទាំងពិភពលោក ខណៈម្រេចក៏ត្រូវបានចាត់ឈ្មោះជាស្តេចនៃគ្រឿងទេស ដោយមានការប្រើប្រាស់ក្នុងជួរឱសថបុរាណប្រចាំប្រទេសឥណ្ឌា (Ayurvedic) អស់រយៈកាលរាប់ពាន់ឆ្នាំ ជាមួយនឹងអត្ថប្រយោជន៍ចំពោះអ្នកទទួលទាន បើទោះបីក្នុងបរិមាណតិចតួចក្តី។​ ផ្អែកទៅតាមប្រភពចេញផ្សាយរបស់គេហទំព័រ Healthline បានលើកឡើងពីគុណសម្បត្តិខ្លឹមៗដែលអាចធ្វើឱ្យមនុស្សនៅបន្តប្រើម្រេច និងជឿលើអត្ថប្រយោជន៍តជំនាន់សម្រាប់បន្ថែមរសអាហារផង និងញុំាក្នុងគោលបំណងបំប៉នសុខភាពបន្ថែមទៀត៖

១. ជំនួយខួរក្បាល :
នៅក្នុងម្រេចខ្មៅ ត្រូវបានគេរកឃើញនូវកម្រិតប្រឆាំងអុកស៊ីតកម្មដ៏សម្បូរបែបជាមួយនឹងប្រភេទវីតាមីនដ៏មានសក្តានុពលសម្រាប់បង្ការរោគសញ្ញាទាក់ទងនឹងស្ថានភាពខួរក្បាលដែលរងការខូចខាតកើតចេញជាជំងឺដូចជាជំងឺវង្វេង និងជំងឺ Parkinson។ ជាឧទាហរណ៍ជាក់ស្តែង បើយោងទៅតាមការសិក្សាលើសត្វកណ្តុរដែលមានជំងឺវង្វេងបានរកឃើញថា កម្រិតសារធាតុដែលមាននៅក្នុងម្រេចអាចធ្វើឱ្យប្រព័ន្ធប្រសាទមានលក្ខណៈប្រសើរឡើង។ ជាងនេះទៀតសោត នៅក្នុងការសិក្សាដោយធ្វើតេស្តទៅសត្វកកេរមួយផ្សេងទៀត គេក៏បានសង្កេតឃើញថា ហាក់ដូចជាមានការកាត់បន្ថយការបង្កើតបន្ទះអាមីឡូអ៊ីដ ដែលជាបណ្តុំក្រាស់នៃបំណែកប្រូតេអ៊ីនដែលបំផ្លាញនៅក្នុងខួរក្បាល ហើយបញ្ហានេះគឺត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺភ្លេចភ្លាំងនេះឯង។

២. កាត់បន្ថយកម្រិតកូឡេស្តេរ៉ុល :
កូឡេស្តេរ៉ុលក្នុងឈាមខ្ពស់ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យនៃជំងឺបេះដូង ដែលជាមូលហេតុនាំមុខគេនៃការស្លាប់របស់មនុស្សទូទាំងពិភពលោក។ កត្តានេះហើយទើបបានជាមានការសិក្សាស្រាវជ្រាវជាច្រើនទៅលើរបបអាហារទទួលទានប្រចាំថ្ងៃ ដើម្បីជួយដោះស្រាយនូវការកើនឡើងនៃកម្រិតកូឡេស្តេរ៉ុលក្នុងខ្លួនមនុស្ស។ ពាក់ព័ន្ធទៅនឹងបញ្ហានៃរបបអាហារនេះ ម្រេចត្រូវបានគេជ្រើសយកជាគ្រឿងទេសដែលជំនួយបន្ថែមនៅក្នុងមុខម្ហូបជាច្រើន ពីព្រោះថានៅក្នុងម្រេចក៏មានសក្តានុពលធំក្នុងការកាត់បន្ថយកម្រិត កូឡេស្តេរ៉ុលដែរ។ នៅក្នុងការសិក្សាមួយរយៈពេល៤២ថ្ងៃ ទៅលើសត្វកណ្ដុរបានចិញ្ចឹមដោយរបបអាហារដែលមានជាតិខ្លាញ់ខ្ពស់ បន្ទាប់មកគេក៏បានកែប្រែរបបអាហារសត្វកណ្តុរនោះដោយមានបន្ថែមនូវម្រេចខ្មៅចូលទៅ មួយរយៈក្រោយកម្រិតកូឡេស្តេរ៉ុលក្នុងឈាម រួមទាំងកូឡេស្តេរ៉ុលអាក្រក់ (LDL) ផងនៅក្នុងខ្លួននោះ គឺត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់។

៣. គ្រប់គ្រងជាតិស្ករក្នុងឈាមប្រសើរឡើង :
ជាការសិក្សាបន្ថែមពីកម្រិតសមត្ថភាពពិសេសនៃម្រេច បង្ហាញឱ្យឃើញបន្តទៀតថា សត្វកណ្ដុរដែលផ្តល់ចំណីចម្រាញ់ពីម្រេចខ្មៅមានការកើនឡើងតិចតួចនៃកម្រិតជាតិស្ករក្នុងឈាម បន្ទាប់ពីស៊ីចំណីដែលមានជាតិស្ករ បើប្រៀបធៀបទៅនឹងសត្វកណ្តុរដែលមិនមានចំណីលាយជាមួយនឹងម្រេច។ ទន្ទឹមនឹងនេះផងដែរ ប្រសិនបើក្រឡេកទៅមើលពីការសិក្សាទៅលើរបបអាហាររបស់មនុស្សវិញ ក៏ត្រូវបានគេសង្កេតឃើញថា ក្នុងចំណោមមនុស្សលើសទម្ងន់ចំនួន៨៦នាក់ ដែលទទួលទានអាហារបំប៉នដែលមានបន្ថែមនូវសារធាតុម្រេច និងសារធាតុផ្សំផ្សេងទៀតសម្រាប់រយៈពេល៨សប្តាហ៍ បានជួបប្រទះនឹងភាពប្រសើរឡើងគួរឱ្យកត់សម្គាល់នៅក្នុងភាពប្រែប្រួលអាំងស៊ុយលីន ដែលជារង្វាស់នៃរបៀបដែលអរម៉ូនអាំងស៊ុយលីនដកជាតិស្ករចេញពីចរន្តឈាមបានល្អ។

គូសបញ្ជាក់បន្ថែមទៀតថា ម្រេចក៏មានគុណប្រយោជន៍ដទៃទៀតក្នុងការជួយសម្រួលដល់សរីរាង្គកាយទាំង មូលរបស់អ្នកទទួលទានផងដែរ ដោយវានឹងរួមចំណែកក្នុងការជួយលើកកម្ពស់សុខភាពពោះវៀន បង្កើនការស្រូបយកជីវជាតិពីរបបអាហារទៅបំពេញសរីរាង្គកាយផ្សេង ពង្រឹងប្រព័ន្ធភាពស៊ាំ ទប់ស្កាត់ការកកើតនូវជំងឺមហារីកទៅថ្ងៃអនាគត៕

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖
http://healthy-cambodia.com/article/benefit-of-eating-black-pepper

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង