របាំរាំវង់ រាំក្បាច់

របាំរាំវង់ រាំក្បាច់

អត្ថបទព័ត៌មានស្តីពីការកម្សាន្ត
ក្រោមប្រធានបទ “របាំរាំវង់ រាំក្បាច់”
អត្ថបទដោយ : ហ៊ិន ស្រីពៅ
#MJQE#AmericanInterconSchool

រាំវង់ រាំក្បាច់ ជារបាំប្រពៃណីខ្មែរ មានប្រវត្តិរាប់រយឆ្នាំមកហើយ ដោយនៅតាមជាយដែន មានអ្នកស្រុក និយមហៅភាសារាំវង់ថា ជាឡាំថូនៗ ហើយមនុស្សជំនាន់មុនមានជំនឿថា ការរាំវង់ជាគូ នាំមកនូវសេចក្តីសុខចម្រើនទៀតផង។ មិនខុសអ្វីពីល្បែងប្រជាប្រិយ ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង បោះអង្គញ់ ស្តេចចង់ ឬល្បែងឯទៀតដែលខ្មែរនិយមនាំគ្នាលេងកម្សាន្តក្នុងពិធីបុណ្យនានា ពិសេសគឺបុណ្យចូលឆ្នាំប្រពៃណីជាតិយើងតែម្តង។

របាំប្រជាប្រិយ រាំវង់ រាំក្បាច់ គឺជាប្រភេទរបាំដែលមានការនិយមជាទូទៅនៅក្នុងទូទាំងប្រទេស ទោះនៅទីក្រុង ក៏ដូចជាជនបទ នៅតំបន់ភ្នំ ក៏ដូចជាវាលទំនាប ឬក៏តំបន់មាត់សមុទ្រ។ របាំប្រជាប្រិយខ្មែរនេះ ជាប្រភេទរបាំដែលងាយចាំ ងាយចេះ ហើយងាយក្នុងការរៀបចំសម្ដែងទៀតផង។ អាស្រ័យហេតុនេះ ទើបគេសង្កេតឃើញថា ប្រជាជនខ្មែរតាំងពីព្រះរាជា នាម៉ឺនសព្វមុខមន្ត្រី រហូតដល់ប្រជារាស្ត្រ ទាំងក្មេង ទាំងចាស់ ប្រុសស្រីចេះរាំរបាំនេះគ្រប់ៗគ្នា។ ឯពាក្យថារាំវង់ គឺជាលក្ខណៈពិសេសម្រាប់សម្គាល់រូបភាព នៃរបាំនេះ ពោលគឺពេលរាំ គេនាំគ្នារាំបន្តគ្នាជារង្វង់មូល ហើយជារបាំសម្រាប់រាំលេងកម្សាន្ដ ឬក៏រាំដើម្បីបំបាត់ការនឿយហត់ ក្រោយពីការបំពេញពលកម្មនានារួច។

ចំពោះប្រវត្តិកំណើត នៃរបាំរាំវង់នេះវិញ បើយើងពឹងផ្អែកលើឯកសារសរសេរដែលមានបន្តិចបន្តួច នឹងផ្អែកលើភាពជាក់ស្តែងក្នុងជីវិតដែលបានប្រព្រឹត្តដល់យើងសព្វថ្ងៃនេះ យើងជឿថា សិល្បៈរាំវង់នេះមានអាយុច្រើនសតវត្សរ៍ណាស់មកហើយនៅលើទឹកដីនៃមាតុភូមិកម្ពុជានេះ។ ព្រោះតាំងពីបុព្វេដ៍យូរលង់ ទាំងជនជាតិខ្មែរ និងជនជាតិឯទៀត ដែលស្ថិតក្នុងអំបូរជាមួយគ្នាដូចជាព្នង គ្រឹង កំពូន ព្រៅ…. មានការទាក់ទងនឹងការរាំវង់ ឬជារង្វង់មូលនេះជាច្រើន។ បងប្អូនជនជាតិខ្មែរលើភូមិភាគឦសាននៃប្រទេស ឬតំបន់ព្រៃភ្នំនៃភូមិភាគដទៃទៀត និយមរាំលេងកម្សាន្ដនៅជុំវិញភ្នក់ភ្លើងនាពេលរាត្រី។ ទម្លាប់រាំវង់ជុំវិញភ្នក់ភ្លើងនេះ មានអាយុច្រើនពាន់ឆ្នាំហើយ ក៏នៅមានសេសសល់រហូតដល់សព្វថ្ងៃនេះ។ ក្នុងពិធីលៀងអារក្ខ ឬឡើងអ្នកតា (ជំនឿខ្មែរដើមមានតាំងពីយូរលង់ មុនសម័យដែលព្រាហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាហូរចូលមកក្នុងតំបន់ជ្រោយសុវណ្ណភូមិ ពោលគឺតាំងពីមុន៣០៩ឆ្នាំមុនគ.ស. ជនជាតិខ្មែរតែងតែនាំគ្នាសង់រោងតូចមួយ ដោយធ្វើរាជវត្តិព័ទជុំវិញ ហើយរូបមេមត់ (អ្នកចូលរូប) តែងតែរាំជារង្វង់មូលជុំវិញរោងនោះក្នុងពេលប្រារព្ធពិធីលៀងអារក្ខនេះ។

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖
https://kronglungvek.com.kh/
https://km.wikipedia.org/wiki/

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង