របាំគោះអង្រែ

របាំគោះអង្រែ

អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “របាំគោះអង្រែ”
អត្ថបទដោយ : ជុំ ស៊ីធាន់
#MJQE#AmericanInterconSchool

គោះអង្រែ ជារបាំប្រពៃណីមួយប្រភេទ ដែលប្រទះឃើញមានលេងនៅស្ទើរគ្រប់ស្រុកនៅទូទាំងប្រទេស ។ ពលរដ្ឋខ្មែរនិយមលេងនៅក្រោយពេលប្រមូលផលដំណាំ និងក្នុងពិធីបុណ្យប្រពៃណីចូលឆ្នាំខ្មែរ។

តើរបាំគោះអង្រែនេះមានប្រវត្តិយ៉ាងណា?
ខេត្តឧត្តរមានជ័យ ស្រុកសំរោងចុងកាល់ និងជាំក្សាន្ត ត្រូវបានអ្នកស្រាវជ្រាវអះអាងថា ជាដែនដីដើមនៃ របាំចំណាស់នេះ។ ជនជាតិដើមភាគតិចកួយជាអ្នកបង្កបង្កើតឱ្យមានជារបាំនេះឡើង។
គោះអង្រែ សម្ដៅដល់អង្រែ និងត្បាល់ “អង្រែសម្រាប់បុកស្រូវនិងត្បាល់” ជានិមិត្តរូបនៃសេចក្ដីរីករាយ និងការកម្សាន្តរបស់ប្រជាកសិករក្រោយការប្រមែប្រមូលភោជផលកសិកម្ម។

ក្រៅពីនៅកម្ពុជា គេក៌ប្រទះឃើញរបាំនេះមានលេងក្នុងប្រទេសហ្វីលីពីន “គោះឫស្សី” និងនៅប្រទេសជាប់ភូមិផងរបងជាមួយខ្មែរ គឺប្រទេសថៃ ក្នុងខេត្តសុរិន្ទ។ បើទោះជាយ៉ាងណាក្ដី ក្រុមអ្នកស្រាវជ្រាវសន្និដ្ឋានថា របាំនេះមានប្រភពពីបណ្ដាជនជាតិក្នុងអារ្យធម៌អូស្ត្រូអាស៊ី (Austro Asiatiques) ទើបមានពលរដ្ឋតាមតំបន់មួយចំនួន និងនៅតាមកោះមួយចំនួនក្នុងអាស៊ី ដែលស្ថិតក្នុងមែកធាងអារ្យធម៌នេះ មានភាសា ភ្លេង ចម្រៀង និងទំនៀមទម្លាប់ ដែលមានឫសគល់ជាមួយគ្នា។

របាំប្រជាប្រិយខ្មែរគោះអង្រែ ពេលលេង គេតែងច្រៀង និងទះដៃបន្ទរឱ្យអ្នករាំលោតលេងតាមចង្វាក់។ ចម្រៀងនោះ ជារបៀបឌឺដងស្នេហារវាងបុរស និងនារី ប៉ុន្តែចម្រៀងទាំងនោះស្ទើរបាត់បង់ទៅហើយ គឺពុំឃើញគេច្រៀងនៅពេលរាំគោះអង្រែទៀតទេ នៅសល់តែពាក្យស្រែកបន្ទរមួយម៉ាត់ពីរ ហើយទះដៃ រំពង។ បទចម្រៀងដែលគេនិយមច្រៀង គឺបទ “យើងខ្ញុំជាក្រុមកសិករច្រៀងរាំអង្រែ”។

ពេលរាំរបាំនេះ ទាមទារឱ្យអ្នករាំត្រូវមានភាពរហ័សរហួនខ្លាំង ត្រូវលោតចុះឡើងបណ្ដើរ រាំពត់ពេនបណ្ដើរ តាមចង្វាក់នៃអ្នកគោះអង្រែ ដោយលោតចូលក្នុងចន្លោះតាមអង្រែ។ ចំណែកអ្នកគោះអង្រែវិញ ក៏ត្រូវគោះឱ្យមានចង្វាក់ មានរបៀបដែលយល់គ្នារវាងអ្នកគោះ និងអ្នករាំ។ ចង្វាក់ក៏អាចផ្លាស់ប្ដូរពី យឺតៗនៅពេលចាប់ផ្ដើម ទៅញាប់រន្ថាន់នៅពេលបញ្ចប់។

បច្ចុប្បន្ន របាំប្រជាប្រិយគោះអង្រែ មិនសូវមានការនិយមលេងទេ គឺឃើញមានតែក្នុងទស្សនីយភាពសម្ដែងដោយក្រុមសិល្បៈនៃក្រសួងវប្បធម៌ និងនិស្សិតសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ តែប៉ុណ្ណោះ ត្បិតអ្នកលេងត្រូវមានភាពរហ័សរហួន និងស្ទាត់ជំនាញ ទើបអាចលេងបាន ពុំដូច្នោះទេ វាអាចបង្កគ្រោះថ្នាក់ចៃដន្យជាយថាហេតុបាន។

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://www.rfa.org/khmer/news/culture/Stick-Jumping-dance-04182016042906.html

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង