របបអាហារចាំបាច់៣ក្រុមដែលអ្នកម្តាយត្រូវតែចាំ

របបអាហារចាំបាច់៣ក្រុមដែលអ្នកម្តាយត្រូវតែចាំ

អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “របបអាហារចាំបាច់៣ក្រុមដែលអ្នកម្តាយត្រូវតែចាំ”
អត្ថបទដោយ : គង់ កង
#MJQE#AmericanInterconSchool

អ្នកម្តាយគ្រប់រូប គឺជាអ្នកដែលផ្តល់កំណើតដល់បុត្រា បុត្រីដែលជាទីស្រលាញ់របស់ពួកគាត់។ ដូច្នេះពួកគាត់គប្បីត្រូវយល់ដឹងពីរបៀបថែទាំ និងការចិញ្ចឹមបីបាច់តាមរបៀបត្រឹមត្រូវណាមួយ ដើម្បីឱ្យកូនៗរបស់ពួកគាត់មានការរីកលូតលាស់ធំធាត់បានល្អ។ ស្របពេលជាមួយគ្នានេះដែរ ពួកគាត់ត្រូវចងចាំពីក្រុមអាហារដែលចាំបាច់មួយចំនួន។ នៅពេលកូនអាយុបាន៦ខែ អ្នកម្តាយត្រូវផ្តល់អាហារបន្ថែមឱ្យកូននោះគឺបបរខាប់គ្រប់គ្រឿង ហើយក្នុងរយៈពេលនេះទោះជាក្មេងត្រូវការអាហារបន្ថែមមែន តែទឹកដោះ ម្តាយនៅតែមានសារៈសំខាន់សម្រាប់ជួយដល់ការលូតលាស់របស់កុមារ និងការពារប្រឆាំងទប់ទល់នឹងជំងឺផ្សេងៗ។ នៅក្នុងឯកសារ “ការចិញ្ចឹម និងគាំពារទារក និងកុមារដើម្បីសុខភាពរាងកាយមាំមួន ប្រាជ្ញាឈ្លាសវៃ” ចងក្រងដោយកម្មវិធីជាតិអាហារូបត្ថម្ភ នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា របបអាហារកូន ត្រូវតែមានអាហារ៣ក្រុមដូចខាងក្រោម៖

១. ក្រុមអាហារថាមពល :
អាហារប្រភេទនេះផ្ដល់ទាំងថាមពល និងកម្ដៅចំពោះរាងកាយ ដែលសម្បូរទៅដោយជាតិកាបូអ៊ីដ្រាត ក្នុងនោះមានដូចជា បាយ គុយទាវ នំប៉័ង ប្រេងឆា និងពពួកបន្លែមានជាតិម្សៅដូចជា ពោត ត្រាវ ដំឡូងជ្វា ជាដើម។

២. ក្រុមអាហារស្ថាបនារាងកាយ :
ចំណែកក្រុមអាហារស្ថាបនា ឬសាងសង់រាងកាយនេះវិញមានជាតិប្រូតេអ៊ីន ហើយផ្ដល់ឱ្យនូវការជួសជុល សាងសង់កោសិកា និងជាលិកាក្នុងរាងកាយ និងធ្វើឱ្យលូតលាស់បានល្អ។ ក្នុងនោះមានដូចជាសាច់គោ ទឹកដោះគោ សាច់ជ្រូក ត្រី មាន់ និងស៊ុត។ ចំណែកបន្លែមានសណ្ដែកដី តៅហ៊ូ និងផលិតផលធ្វើពីសណ្ដែកដទៃទៀត។

៣. ក្រុមអាហារការពាររាងកាយ :
ក្រុមអាហារប្រភេទនេះ អាចការពារក្មេងពីជំងឺផ្សេងៗ ព្រោះសម្បូរជាតិខនិជ និងវីតាមីន ហើយមាននៅក្នុងបន្លែ និងផ្លែឈើ។ នៅក្នុងរបបអាហារកូនយើងគួរតែមានស្លឹកបាស ស្ពៃចង្កឹះ ត្រកួន ឬល្ពៅជាដើម ហើយផ្លែឈើគួរតែមានចេក ក្រូច ល្ហុង និងល្មុត។ ចំពោះផ្លែឈើបើកូននៅតូច យើងត្រូវចម្អិន និងកោសពាតឱ្យម៉ដ្ត និងទន់ល្អ។

ចំពោះរបៀបចម្អិនបបរខាប់គ្រប់គ្រឿងឱ្យកូនវិញ បន្ទាប់ពីដាំបបរឱ្យរីកអង្ករល្អ ដាក់ត្រីសាច់ និងបន្លែចូលគ្នាឆ្អិនល្អហើយ យើងត្រូវដាក់ប្រេងឆា ឬខ្លាញ់បន្តិចក្នុងបបរ។ ឪពុកម្តាយត្រូវចាំថា បបរខាប់គ្រប់គ្រឿងសម្រាប់ទារកតូចមិនត្រូវដាក់អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ ប៊ីចេង ម្សៅស៊ុប ឬដុំស៊ុបខ្នរចូលឡើយ។ ម្យ៉ាងវិញទៀតឪពុកម្តាយត្រូវលាងសម្អាតដៃឱ្យបានស្អាត មុនពេលចម្អិនអាហារ និងរៀបចំអាហារឱ្យកូន។ ចំណែកឯកូនវិញ យើងត្រូវលាងសម្អាតដៃរបស់ពួកគេជាមួយសាប៊ូ និងទឹកស្អាតមុនពេលបញ្ចុកបបរ។
ដកស្រង់ចេញពីគេហទំព័រ៖
 https://hellokrupet.com/
 https://www.unicef.org/cambodia/km/

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង