ស្ថាបនិក

ស្ថាបនិក

យើងម្នាក់ៗសុទ្ធតែដឹងជឿជាក់និងទទួលស្គាល់ថាការអប់រំគឺជាគន្លឹះដ៏សំខាន់ដើម្បី ដឹកនាំបុគ្គលម្នាក់ៗ ឆ្ពោះទៅរកជោគជ័យនៅក្នុងជីវិត។ លើសពីនេះការអប់រំក៏មានតួនាទី យ៉ាងសំខាន់ ក្នុងការជំរុញឱ្យមានការរីកចម្រើនលូតលាស់ និងអភិវឌ្ឍន៍នៅក្នុងសង្គមជាតិ ព្រមទាំងអាចដឹកនាំជីវិតយើង ឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់ ដែលជាសេចក្តីប៉ងប្រាថ្នា របស់ជនានុជនទូទៅ។

សិស្សានុសិស្សរបស់យើងទាំងអស់គ្នា ក្នុងរយៈពេលនៃវ័យវឌ្ឍនាការ ការអប់រំ និងដកស្រង់បទពិសោធនៅក្នុងជីវិត គឺរមែងប្រព្រឹត្តទៅតាមបែបផែន ឬមធ្យោបាយផ្សេងៗគ្នា។

ពួកគេម្នាក់ៗ តែងតែយល់ឃើញចំពោះរឿងរ៉ាវនានា ដែលកើតឡើងនៅក្នុងសង្គម និងជីវិតក្នុងវដ្តសង្សារ តាមនិស្ស័យរៀងៗខ្លួន។ ហេតុដូច្នេះ ទើបយើងអាចនិយាយបានថា ពួកគេម្នាក់ៗ សុទ្ធតែមានលក្ខណៈពិសេសអស្ចារ្យ ដែលយើងពិបាកនឹងប៉ាន់ស្មានបាន។ ពួកគេទាំងអស់គ្នា គឺពោរពេញទៅដោយសក្តានុពល និងជាចលករដ៏សំខាន់បំផុត ក្នុងការអភិវឌ្ឍសង្គមជាតិ។

យើងទាំងអស់គ្នា នៅក្នុងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានយល់យ៉ាងច្បាស់ ពីបញ្ហាប្រឈមទាក់ទងនឹងវិស័យអប់រំ ក្នុងឋានៈជាប្រទេសមួយ ក្នុងចំណោមប្រទេសនានាជាច្រើនលើសាកលលោក ដែលកំពុងតែខិតខំពង្រឹងស្តារ និងអភិវឌ្ឍគុណ ភាពអប់រំខណៈវិស័យអប់រំនៅប្រទេសជាច្រើនផ្សេងទៀត កំពុងតែមានភាពជឿនលឿន រីកចម្រើនលូតលាស់។ យើងជឿជាក់យ៉ាងមុតមាំថា ប្រសិនបើ យើងអាចផ្តល់ឱកាស ឱ្យសិស្សានុសិស្សរបស់យើង បានសិក្សារៀនសូត្រ បានត្រិះរិះ ពិចារណារិះរក និងដក ស្រង់បទពិសោធនានានោះពួកគេក៏នឹងអាចក្លាយទៅជា បុគ្គលជោគជ័យនៅក្នុងវិស័យ ដែលគេកំពុង ជ្រើសរើសសិក្សា ដើម្បីសម្រួចទៅរកគោលដៅ របស់ពួកគេបានផងដែរ។

ខ្ញុំមានសេចក្តីសោមនស្សជាអតិបរមា ហើយសូមឆ្លៀតយកឱកាសនេះ សម្តែងនូវការកោតសរសើរដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលបាននឹងកំពុងជួយជ្រោមជ្រែង AIS យ៉ាងសស្រាក់សស្រាំ បន្ថែមពីលើការលះបង់ និងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីដឹកនាំ តម្រែតម្រង់ផ្លូវសិស្សានុសិស្សយើង ឱ្យឆ្ពោះទៅសម្រេចបាននូវលទ្ធផល គួរជាទីគាប់ចិត្តក្នុងអាជីពការងារទាំងពួង មិនថាជា ក្នុងវិស័យអប់រំ កីឡា វប្បធម៌ និងសកម្មភាពសិក្សារៀនសូត្រ បន្ថែមដទៃៗទៀត។

ម្យ៉ាងទៀត AIS តាំងពីដើមរហូតមកទល់ពេលនេះ គឺបានក្លាយមកជាមហាគ្រួសារដ៏ធំមួយ ក្នុងនោះយើងម្នាក់ៗ សុទ្ធតែជាកោសិការមួយដ៏សំខាន់ មិនអាចខ្វះបាន មិនថាតែអ្នកកំពុងសិក្សា ឬ បំពេញការងារនៅ AIS ឬជាអតីតបុគ្គលិកឬសិស្សក៏ដោយ។ យើងមានសុទិដ្ឋិនិយមថា AIS បានវិវត្តខ្លួនទៅជាផ្នែកធំដ៏សំខាន់មួយ នៃសង្គមជាតិយើង។ យើងគ្រប់គ្នានៅទីនេះបានប្រកាន់ ខ្ជាប់នូវគោលការណ៍មួយដ៏មានសារៈសំខាន់ និងមិនអាចខ្វះបាន នោះគឺការស្រឡាញ់រាប់អាន និងគោរពសិទ្ធិគ្នាទៅវិញទៅមក ដោយមិនលម្អៀងទៅលើបក្សពួក ឬផលប្រយោជន៍និយមឡើយ។

មុននឹងបញ្ចប់ ខ្ញុំសូមផ្តាំផ្ញើដល់សហការីទាំងអស់ឱ្យបានជ្រាបថា ស្របពេលដែលយើងកំពុងខិតខំប្រឹងប្រែងបំពេញការងារ ចូរអ្នកចងចាំថា អ្នកត្រូវតែមានសេចក្តីស្មោះត្រង់ ទន់ភ្លន់តែមិនទន់ជ្រាយ និងផ្តោតការយកចិត្តទុកដាក់ ឱ្យបានខ្ពស់បំផុតចំពោះ ការងារ នៅពេលនោះ អ្នកនឹងទទួលបានលទ្ធផល នាពេលអនាគតដ៏ត្រចះ ត្រចង់ជាក់ជាមិនខាន។

សូមជូនពរឱ្យអ្នកទាំងអស់គ្នាបានជួបប្រទះតែនឹងសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។

ដោយសេចក្តីគោរព ស្រឡាញ់ និងរាប់អានពីខ្ញុំ!
ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ស្ថាបនិក និងប្រធានចាងហ្វាងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង

Back to Top