មូលនិធិ ម៉េងលី ជេ. គួច បរិច្ចាគកង់៧៥គ្រឿង និងសម្ភារៈសិក្សា ដល់សិស្សសាលាបឋម…

មូលនិធិ ម៉េងលី ជេ. គួច បរិច្ចាគកង់៧៥គ្រឿង និងសម្ភារៈសិក្សា ដល់សិស្សសាលាបឋម…

កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ ​ មូ​លនិធិ ម៉េងលី ជេ. គួច ក្រោមការ​ដឹកនាំ​ដោយ​ផ្ទាល់​របស់​លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និង​លោក​ជំទាវ​ បាន​បើក​យុទ្ធនា​ការ “កង់១ជីវិត១ ដើម្បីចូលរួមលើកស្ទួយការ​អប់រំ​កុមារ” លើកទី៤ និងកម្មវិធី​ធនាគារអាហារ​សប្បុរសធម៌ លើកទី១៧១ ​ដោយ​បាន​នាំ​យក​កង់​ចំនួន៧៥​គ្រឿង សម្ភារៈសិក្សា​មួយ​ចំនួន ថវិកា ព្រមទាំងអាហារសប្បុរសធម៌ ចុះចែកដល់សិស្សានុសិស្ស​ លោក​គ្រូ​អ្នកគ្រូ ​និង​អាណាព្យាបាល​សិស្ស នៅសាលា​បឋម​សិក្សា ​អរិយកស្សប ​ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ពោធ៍រ៉ាល់​ ឃុំភ្នំបាត​ ស្រុកពញាឮ ខេត្ត​កណ្ដាល។ទន្ទឹមនឹងការបរិច្ចាគកង់ចំនួន៧៥គ្រឿង ដល់សិស្សានុសិស្ស មូលនិធិក៏បានឧបត្ថម្ភបន្ថែម​នូវសម្ភារៈ​សិក្សា​មួយ​ចំនួន​រួមមាន ​កាតាប​ម្នាក់​មួយ សៀវភៅ​សរសេរ​៤ក្បាល ប៊ិក២ដើម ខ្មៅដៃ២ដើម ជ័រលុប១ ប្រដាប់ខួងខ្មៅដៃ១ បន្ទាត់១ ទឹកដោះគោឆៅ២កញ្ចប់ អាហារ​សម្រន់ និង​ទឹកបរិសុទ្ធ​ផងដែរ។ ក្រៅពី​នោះ មូល​និធិ​ក៏បាន​ឧបត្ថម្ភ​ដល់​សិស្ស​ពូកែចំនួន​៧០នាក់ ​និង​សិស្សពិការ​អវយវៈផង​ដែរ ​ដោយ​ម្នាក់ៗ​ទទួល​បាន សៀវភៅ​សរសេរ​៦ក្បាល ប៊ិក២ដើម ខ្មៅដៃ១ដើម ជ័រលុប១ ប្រដាប់ខួងខ្មៅដៃ១ បន្ទាត់១ ទឹកដោះគោឆៅ​២កញ្ចប់ អាហារ​សម្រន់ ​និង​ទឹក​បរិសុទ្ធ​ដូចគ្នា។ បន្ថែមលើស​ពីនេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងជំទាវ រួមទាំង​ក្រុម​គ្រួសារ ​ក៏បាន​ជូន​ថវិកា​ដល់​ប្រជាជន​ក្នុង​សហគមន៍​ដែល​ជា​អាណាព្យាបាល​សិស្ស​ក្នុងម្នាក់ៗ​ ១ម៉ឺន​រៀល​​ លោកគ្រូអ្នកគ្រូម្នាក់ៗ ២ម៉ឺនរៀល ​គណៈកម្មការ​ទ្រទ្រង់​សាលាម្នាក់ៗ ២ម៉ឺនរៀល នាយក​សាលា ៤ម៉ឺនរៀល សមត្ថកិច្ចម្នាក់ៗ ២ម៉ឺនរៀល និងក្រុមប្រឹក្សា​ឃុំសង្កាត់​ម្នាក់ៗចំនួន ៤ម៉ឺនរៀល ដែលថវិកា​ចំណាយ​ទាំងអស់​ក្នុង​កម្មវិធី​នោះ សរុប​អស់​ចំនួន​ជាង ៧ពាន់​ដុល្លារ​អាមេរិក។ យុទ្ធនាការ “កង់១ជីវិត១ ដើម្បីចូលរួមលើកស្ទួយការ​អប់រំ​កុមារ” បានបង្កើតឡើងដោយគំនិតផ្ដួចផ្ដើម​ផ្ទាល់​របស់​លោក​ឧកញ៉ា ​វេជ្ជបណ្ឌិត​​ គួច ម៉េងលី តាំង​ពីថ្ងៃ​ទី១០ ខែ​វិច្ឆិកា ​ឆ្នាំ២០១៦ មកម្ល៉េះ ក្នុង​បំណង​ជួយដល់​កុមារ​កម្ពុជា​គ្រប់រូប​ ដែល​ខ្វះលទ្ធភាព​ផ្នែក​មធ្យោបាយ​ធ្វើ​ដំណើរ​ ឱ្យ​ទទួល​បាន​ឱកាសសិក្សាទាំងអស់គ្នា។ សូមជម្រាបដែរជូនថា មកទល់ពេលនេះ មូលនិធិ ម៉េងលី ជេ. គួច​ បាន​បរិច្ចាគ​​កង់​ដល់​កុមារ​នៅទូទាំង​ប្រទេស​កម្ពុជា​បាន​ចំនួន​៤លើក​ហើយ ​ដែល​លើកទី១ ធ្វើ​ឡើងនៅ​ឯសាលា​បឋមសិក្សា គួច ម៉េងលី ទួលបេង ក្នុងខេត្តកំពង់ចាម ចំនួន៦៦កង់, លើកទី២​នៅស្រុក​កៀនស្វាយ ខេត្តកណ្ដាល ចំនួន៩២កង់, លើកទី៣​នៅស្រុកកៀនស្វាយ ​ខេត្តកណ្ដាល ចំនួន២កង់ និង​លើកទី៤នេះ ​នៅសាលា​បឋម​សិក្សា អរិយកស្សប ស្រុកពញាឮ ខេត្តកណ្ដាល ចំនួន៧៥កង់។ សរុបទាំង​៤លើក ​មូលនិធិ​នេះបាន​បរិច្ចាគ​កង់​ជូន​ដល់​សិស្សានុសិស្ស​អស់​ចំនួន​២៣៥គ្រឿងហើយ។យ៉ាងណាក៏ដោយ មូលនិធិ ម៉េងលី ជេ. គួច នឹងបន្តស្វែងរក និងបរិច្ចាគកង់​ដល់កុមារ​កម្ពុជា​ដែល​ពុំមាន​មធ្យោបាយ​ធ្វើដំណើរ​ទៅ​សាលា​រៀន នៅ​តំបន់​ដាច់ស្រយាលនានា​បន្ថែមទៀត ដើម្បីឱ្យកុមារ​ទាំងនោះ​អាច​មាន​លទ្ធទទួល​បាន​ការ​សិក្សា​អប់រំដូចកុមារ​ដទៃទៀត​ដែរ។ ​

អត្ថបទដកស្រង់សារព័ត៌មាន ឌិ អ៊ីនធ័រខន​ រ៉ូស្ទ័រ

No Comments

Post A Comment

Back to Top