
14 ៩ មូលនិធិ ម៉េងលី ជេ. គួច៖ បបរគ្រឿង២ខ្ទះធំ បានចែកជូនពលរដ្ឋសហគមន៍បាគូរ
ធនាគារអាហារលើកទី១៧២ និងបណ្ណាល័យចល័ត ម៉េងលី ជេ. គួច លើកទី៣៦ កាលពីព្រឹកថ្ងៃទី១៣កញ្ញា នេះ ដែលត្រូវនឹងថ្ងៃឧបោសថសីលផងនោះ បានរួមគ្នាបរិច្ចាគបបរគ្រឿង២ខ្ទះធំ និងដាក់តាំងសៀវភៅអានជូនប្រជាពលរដ្ឋចាស់ក្មេងក្នុងសហគមន៍បាគូរ ស្ថិតនៅភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រធានគម្រោងមូលនិធិ ម៉េងលី ជេ. គួច លោក ពុំ គឹមស៊ បានថ្លែងឱ្យដឹងថា បានជាមូលនិធិ ម៉េងលី ជេ. គួច ស្កាត់យកបបរគ្រឿងទៅចែកជូនប្រជាពលរដ្ឋចាស់ក្មេងក្នុងសហគមន៍បាគូរប្រមាណ២០០នាក់ គឺដោយសារតែមូលនិធិមួយនេះចង់បណ្ដុះទឹកចិត្តប្រជាពលរដ្ឋគ្រប់រូបឱ្យចេះចែករំលែកនូវសេចក្ដីស្រឡាញ់គ្នាទៅវិញទៅមក ក៏ដូចជាចង់ឱ្យប្រជាពលរដ្ឋដែលមានជីវភាពមធ្យមចេះជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ពិសេសនោះគឺចង់ឱ្យពលរដ្ឋក្នុងសហគមន៍នោះបានពិសាបបរគ្រឿងដែលប្រកបដោយអនាម័យនិងឱជារស។ ប្រធានគម្រោងមូលនិធិរូបនេះ បន្តថ្លែងថា នេះពុំមែនជាលើកទីមួយនោះទេ ដែលមូលនិធិ ម៉េងលី ជេ. គួច ធ្វើសកម្មភាពធនាគារអាហារសប្បុរសធម៌ ពោលមូលនិធិនេះតែងតែពាំនាំអាហារ និងគ្រឿងឧបភោគបរិភោគចែកជូនប្រជាពលរដ្ឋដែលខ្វះខាត កុមារកំព្រា ចាស់ជរា និងជនពិការជាដើម ស្ទើរគ្រប់ទីកន្លែង។
អ្នកស្រី ជា វឿន ប្រជាពលរដ្ឋចំណាកស្រុកពីខេត្តតាកែវមកប្រកបរបររើសអេតចាយក្នុងសហគមន៍បាគូរ ដែលបានមកទទួលបបរគ្រឿងពីមូលនិធិ ម៉េងលី ជេ. គួច បានថ្លែងចំណាប់អារម្មណ៍ថា អ្នកស្រីពិតជាមានសេចក្ដីរីករាយជាខ្លាំងដែលបានបរិភោគបបរគ្រឿងដ៏មានរសជាតិឆ្ងាញ់ ខណៈដែលអ្នកស្រីកំពុងតែហេវហត់ និងអស់កម្លាំងពីការងារ។ អ្នកស្រីបន្តថ្លែងថា បបរគ្រឿងដ៏ឈ្ងុយឆ្ងាញ់ដែលមូលនិធិ ម៉េងលី ជេ. គួច ចែកជូនអ្នកស្រីពិសានេះ នឹងធ្វើឱ្យអ្នកស្រីមានកម្លាំងកំហែងបន្តធ្វើការងារប្រកបដោយថាមពល។ ចុងក្រោយអ្នកស្រី ជា វឿន ក៏មិនភ្លេចអរគុណដល់សមានចិត្តមូលនិធិ ម៉េងលី ជេ. គួច និងក្រុមការងារមូលនិធិនេះផងដែរ ដែលបានខំស្កាត់ពាំនាំយកបបរគ្រឿងមកចែកជូនអ្នកស្រី និងប្រជាពលរដ្ឋក្នុងសហគមន៍បាគូរពិសា។
សូមជម្រាបជូនថា នាឱកាសចែកបបរគ្រឿងនោះ បណ្ណាល័យចល័ត ម៉េងលី ជេ. គួច ក៏មានវត្តមាននៅទីនោះផងដែរ។ ពោលបណ្ណាល័យចល័ត ម៉េងលី ជេ. គួច បាននាំយកកម្មវិធីនិទានរឿង អំណានសេរី គំនូរផាត់ពណ៌រូបភាព និងកម្មវិធីបង្រៀនក្មេងៗកាត់ក្រដាសជាដើម។ ពិសេសជាងនេះទៀត កុមារដែលផាត់ពណ៌គំនូរ និងកាត់ក្រដាសទទួលបានជ័យលាភីពីលេខ១ ដល់លេខ៥ បណ្ណាល័យចល័តនោះប្រគល់សម្ភារសិក្សាមួយចំនួនដល់ពួកគាត់ដើម្បីជាការលើកទឹកចិត្តផងដែរ។ នេះជាការឱ្យដឹងពីកញ្ញា ស៊ូ សុជាតា ប្រធានបណ្ណាល័យ ម៉េងលី ជេ. គួច៕
អត្ថបទដកស្រង់សារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ
No Comments