
06 ១២ ពិធីសម្តែងព្រះធម្មទេសនាស្តីអំពីការដឹងគុណមាតាបិតា និងគុណគ្រូ ដល់សិស្សានុសិស្សថ្នាក់ទី៤ ដល់ថ្នាក់ទី១១ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង
កាលពីថ្ងៃទីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ សាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានប្រារព្ធពិធីសម្តែងព្រះធម្មទេសនាស្ដីពី “ការដឹងគុណមាតាបិតា និងគុណគ្រូ” ជូនដល់ប្អូនៗសិស្សានុសិស្សថ្នាក់មធ្យមសិក្សានៅអគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និង សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ។ នៅកម្មវិធីសម្តែងព្រះធម្មទេសនានេះ ព្រះសង្ឃបានសម្តែងឱវាទអប់រំសីលធម៌ អប់រំចិត្ត និងរំឭកដាស់តឿនបន្ថែមដល់ប្អូនៗសិស្សានុសិស្សឱ្យប្រកាន់ខ្ជាប់នូវការគោរពប្រណិប័តន៍ឱ្យបានល្អប្រពៃចំពោះមាតាបិតាដែលមានគុណបានផ្ដល់កំណើតចិញ្ចឹមបីបាច់ថែរក្សាអប់រំទូន្មានប្រៀនប្រដៅ និងទំនុកបម្រុងគ្រប់បែបយ៉ាងដល់កូនបានមករៀនសូត្រ និងយល់ដឹងកាន់តែច្បាស់ពីតម្លៃនៃការសិក្សាក៏ដូចជាការជំរុញទឹកចិត្តប្អូនៗឱ្យបង្កើនការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ស្វាធ្យាយ កុំឱ្យរវាតឃ្លាតឆ្ងាយពីគុណធម៌នៅក្នុងជីវិតប្រចាំថ្ងៃ។ ក្រោយពេលសិស្សានុសិស្សបានស្ដាប់កម្មវិធីព្រះធម្មទេសនានេះរួចមក ធ្វើឱ្យពួកគេមួយចំនួនមានទឹកមុខក្រៀមក្រំពោរពេញដោយភាពស្ងប់ស្ងាត់ និងមួយចំនួនទៀតបានយំដោយសារបានដឹងពីកំហុសខុសឆ្គងមួយចំនួនរបស់ខ្លួនដែលបានធ្វើមកលើ លោកគ្រូ អ្នកគ្រូ និងមាតាបិតាកន្លងមក ហើយពួកគេបានតាំងចិត្តកែប្រែកំហុស និងត្រង់ត្រាប់ស្តាប់ និងទទួលនូវឱវាទល្អៗដែលជាមាគ៌ានាំ ដែលញ៉ាំងសេចក្តីសុខក្សេមក្សាន្ត និងប្រយោជន៍មកដល់ខ្លួន។
Sorry, the comment form is closed at this time.