ពិធីចែចូវ ស្តីដណ្តឹង ភ្ជាប់ពាក្

ពិធីចែចូវ ស្តីដណ្តឹង ភ្ជាប់ពាក្

អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “ពិធីចែចូវ ស្តីដណ្តឹង ភ្ជាប់ពាក្យ”
អត្ថបទដោយ : ឡោ ណាវុធ
#MJQE#AmericanInterconSchool

បើតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ការដែលបុរសមានចិត្តចង់បាននារីណាយកមកធ្វើជាភរិយាគូគ្រងអនាគត ត្រូវតែចូលតាមផ្លូវទៅតាមច្បាប់ ដែលត្រូវមានអ្នកផ្លូវចៅមហា ចាស់ទុំ និងញាតិមិត្តខាងប្រុសទៅចែចូវស្តីដណ្តឹងខាងស្រី។ នេះហៅថាពិធីចែចូវ ស្តីដណ្តឹង ភ្ជាប់ពាក្យ ហើយខាងក្រោមនេះជាដំណាក់កាលនៃការរៀបចំតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ។

ក. ការចែចូវ៖
មាតាបិតាខាងកូនប្រុស កាលបើសម្គាល់ឃើញកូនស្រីនរណាម្នាក់គួរជាទីពេញចិត្ត ហើយចង់បានធ្វើជាអនាគតកូនប្រសារ ត្រូវពឹងពាក់អ្នកស្រឡាញ់ទុកចិត្តណាម្នាក់ (ហៅថាអ្នកផ្លូវ) ឱ្យចូលទៅស៊ើបមើលថា តើនាងកញ្ញានោះនៅទំនេរដែរឬទេ? ការចែរចូវត្រូវមានបីលើកគឺ៖
លើកទី១ : អ្នកផ្លូវគ្រាន់តែចូលទៅសួរសុខទុក្ខតែដៃទទេ។
លើកទិ២ : អ្នកផ្លូវចូលទៅតែដៃទទេទៀត។ និយាយលេងពីនេះពីនោះ។ គ្រាន់តែស្ទាបស្ទង់ចិត្តថ្លើមមាតាបិតាខាងកូនស្រី។
លើកទី៣ : បន្ទាប់ពីអ្នកផ្លូវគិតថាមានសង្ឃឹមលើកនេះ ត្រូវមានប្រដាប់កំដរដៃបន្តិចបន្តួចយកទៅជាមួយផងដូចជា បារី ម្លូ ស្លា ដាក់ក្នុងពាន។

ខ. ការស្តីដណ្តឹង៖
មាតាបិតាខាងប្រុសរកមនុស្សអ្នកមុខ អ្នកការ មានវោហា បីនាក់ឱ្យធ្វើជាអ្នកផ្លូវចូលស្តីដណ្តឹងកូនស្រីដោយមានរងសម្ងាចមួយ គឺរង ឬថាសប្រាក់ (ឬស្ពាន់) ក្រាលកន្សែងបញ្ចពណ៌ (ច្របុច) រៀបគ្រឿងប្រអប់ស្លាគ្រប់ប្រដាប់មាន ស្លា ម្លូ ថ្នាំជក់ ស្លាជ្វា កំបោរ ជារបស់កំដរដៃដូចកាលពីចែចូវ និងត្រូវមានផ្លែឈើ ឬនំមួយគូ ពីរគូទៀតផង។

លើកទី១ : អ្នកផ្លូវជួបអ្នកមេបាដើម្បីសុំស្គាល់ សុំស្រឡាញ់ជាសម្ព័ន្ធមិត្ត ហើយសូមស្តីដណ្តឹងកូនស្រីថាតើកូនស្រីនៅទំនេរ ឬមានជាប់ទាក់ទាមសម្តីនឹងអ្នកណាទេ? អ្នកមេបាឆ្លើយថាកូនស្រីរបស់ខ្លួនជាប់សម្តីនឹងញាតិ គេបាននាវទុកតាំងពីតូចមក តែឥឡូវបាត់ដំណឹងសូន្យឈឹង មិនដឹងជាយ៉ាងណា! (សូម្បីគ្មាននាវទុកក៏ដោយ ក៏មេបាត្រូវប្រើពាក្យសម្តីបែបនេះដែរ ព្រោះដើម្បីឱ្យតម្លៃ និងលើកតម្កើងកិត្តិយសកូនស្រី)។ អ្នកផ្លូវជម្រាបតប ដោយសុំលោកមេត្តាដោះជំពាក់សម្តីនឹងញាតិនោះឱ្យទាន ក្រែងបានប្រកប និងបានជាសម្ព័ន្ធមិត្រនឹងគ្នាតរៀងទៅ…។

លើកទី២ : អ្នកផ្លូវចូលទៅដូចមុន ហើយនិយាយថា:…ដ្បិតជើងមុន យើងខ្ញុំសុំឱ្យលោកមេបាដោះពាក្យ ដែលជំពាក់នោះ ឥឡូវនេះលោកបានដោះរួចហើយ ឬនៅ? អ្នកមេបាឆ្លើយតប : ‘យើងបានដោះពាក្យជំពាក់នោះរួចហើយ! អ្នកផ្លូវផ្តើមសុំដណ្តឹងកូនស្រីលោកមេបាឱ្យជាគូ សម្ព័ន្ធវង្សនឹងលោក……ជាកូនប្រុស……លោក……និងអ្នក……”។ គួរពុំគួរ យើងខ្ញុំសូមអភ័យទោស។ មេបាឆ្លើយថា : “យើងសព្វថ្ងៃ រកតែញាតិច្រើនក្រែងដើរជិតឆ្ងាយស្ទាក់ស្ទើរដំណើរគ្រាន់នឹងបានជាទីសំចតស្នាក់អាស្រ័យសោះនឹងបារម្ភ តែត្រង់មកដណ្តឹងកូនស្រីយើងខ្ញុំនេះ យើងខ្ញុំយល់ថា អ្នកខាងនោះមិនគួរនឹងមកចង់ចាប់សាច់ សន្តាននឹងយើងសោះ ព្រោះកូនស្រីយើងខ្ញុំមានរូបឆោមលោមពណ៌ សម្បុរមិនឆើត ហើយល្ងង់ខ្លៅមិនចេះក្រែងបានទៅជាសាច់ញាតិហើយត្រឡប់ទៅជាមានតំណិះតិះដៀលដោយហេតុផ្សេងៗមកដល់យើងជាមេបានេះ”។ អ្នកផ្លូវជម្រាបតបថា : ហេតុត្រង់នេះ សូមកុំឱ្យលោកមេបាព្រួយ ទោះបីអាក្រក់ ល្អ ស ខ្មៅជួរជងដូចម្តេច ចេះតែស្រឡាញ់មិនមានរង្គៀសគ្នាន់ខ្នាញ់ដោយហេតុអ្វីៗទេ បានជាសង្វាតសុំទាំងម្ល៉េះ សូមលោកមេបាមេត្តាអនុគ្រោះអនុញ្ញាតឱ្យទាន។ មេបាឆ្លើយថា : “បើដូច្នេះ អ្នកទៅវិញសិនចុះចាំយើងពិគ្រោះនឹងញាតិជិតឆ្ងាញមើលសិន”។

លើកទី៣ : អ្នកផ្លូវសុំស្តីដណ្តឹងម្តងទៀត តែមេបាខាងស្រីឆ្លើយថា ស្រេចលើមេបាខាងប្រុស។ មេបាខាងប្រុសឆ្លើយថា : “ដ្បិតអ្នកជាស្រីមានស្មារតីតិចច្រើនភ្លេចមុខ ភ្លេចក្រោយក្រែងនឹងទទួលការសព្វគ្រប់ពុំបាន ដូច្នេះសូមអ្នកត្រឡប់ទៅប្រាប់អ្នកសាមីដើមការឱ្យពឹងពររកប្រុសបីនាក់ ដែលចេះដឹងចាំវិធីការ ធ្លាប់ធ្វើជាមហាមកប្រាស្រ័យនឹងយើងជាមេបាធំ ដើម្បីនឹងនិយាយការតទៅ”។ បន្ទាប់មកអ្នកផ្លូវទៅប្រាប់អ្នកសាមីដើមការតាមសំដីមេបាធំ (មេបាខាងប្រុស)។

គ. ការស្តីដណ្តឹងភ្ជាប់ពាក្យ៖
មេបាខាងប្រុសបានបង្គាប់ឱ្យអ្នកផ្លូវជ្រើសរើសរកបុរសបីនាក់ ធ្វើជាមហាដើម្បីនិយាយការស្តីដណ្តឹង។ លោកមហាត្រូវជម្រាបទៅលោកមេបាថា៖ សូមទានជ្រាប ជម្រាបលោកមេបា តូចធំ ត្រកូលរៀមច្បងសូមទានជ្រាប! ដ្បិតពេលនេះអ្នកសាមីដើមការ បានពឹងពររកខ្ញុំបាននាម………មានងារជា………ប្រពន្ធឈ្មោះ……នៅភូមិ……សង្កាត់……ស្រុក……ខេត្ត……ឱ្យធ្វើជាមហា មកប្រណិប័តន៍លោកមេបាជម្រាបការមង្គលដូចតទៅ។ ហើយបើគួរពុំគួរ សូមប្រសាសន៍! លោកមេបាឆ្លើយតបថា : “យើងជាមេបាពិនិត្យទៅឃើញថា អ្នកទាំងបីស័ក្តិសមល្មមធ្វើជាមហានិយាយការមង្គលបានហើយ សូមរៀបចំប្រាណតាមរបៀបមហាឱ្យពេញលក្ខណៈមកចុះ”។ លោកមហាទាំងបីចាប់ផ្តើមឆ្លើយឆ្លងនឹងអ្នកមេបាខាងស្រីសូមចូលស្តីដណ្តឹងកូនស្រី។ ចំណែកឯមេបាខាងស្រីសួរដេញដោលអ្នកមហាឱ្យបង្ហាញខ្លួនកូនប្រុស ឱ្យឃើញពីសណ្ឋានរូប ឆោមលោមពណ៌ និងកិរិយាមារយាទ ដោយបញ្ជាក់ច្បាស់ៗថានឹងសុំផ្តាច់សេចក្តីព្រមព្រៀងវិញដោយមិនអាចមានបទអ្វីមកជំទាស់បានឡើយ ប្រសិនបើស៊ើបទៅដឹងថាកូនប្រុសសាមីដើមការនោះ បានប្រព្រឹត្តបទអាក្រក់ឯណាមួយនោះ។ អ្នកមហាទទួលយកប្រសាសន៍ និងរៀបចំនាំមកនូវភ័ស្តុភារ បណ្តាការជាជំនូនស៊ីស្លាធំ ដែលមានស្លាដក់ ស្លាកន្សែង មកជូនលោកមេបាទទួលអំណរ ដើម្បីភ្ជាប់ពាក្យតែម្តង។ គួរបញ្ជាក់ផងដែរថា ភ័ស្តុភារ បណ្តាការមានផ្លែឈើ៣៦មុខ មួយមុខ មួយគូរ ព្រមជាមួយរបស់បញ្ចាំចិត្ត គ្រឿងមាស ពេជ្រ និងគ្រឿងអាភរណៈទាំងពួងតាមកម្លាំងធនធាន។

ដូចដែលបានរៀបរាប់ខាងលើសម្រាប់ការប្រារព្ធពិធីចែចូវ ស្តីដណ្តឹង ភ្ជាប់ពាក្យក្នុងច្បាប់អាពាហ៍ពិពាហ៍ខ្មែរពិតជាមានច្រើនដំណាក់កាល ប៉ុន្តែសព្វថ្ងៃគេនិយមធ្វើតែមួយលើកជាការស្រេច៕

អត្ថបទដកស្រង់ចេញពី៖ សៀវភៅពិធីបុណ្យទំនៀមទម្លាប់ខ្មែរ

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង