ប្លង់អង្គរវត្តរបស់ជប៉ុនដែលចាស់ជាងគេលើពិភពលោក ប្លង់គូរនៅសតវត្សទី១៧ដែលគេអះអាងថាជាប្លង់វត្តជេតពន

ប្លង់អង្គរវត្តរបស់ជប៉ុនដែលចាស់ជាងគេលើពិភពលោក ប្លង់គូរនៅសតវត្សទី១៧ដែលគេអះអាងថាជាប្លង់វត្តជេតពន

អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រវត្តិសាស្រ្ត
ក្រោមប្រធានបទ “ប្លង់អង្គរវត្តរបស់ជប៉ុនដែលចាស់ជាងគេលើពិភពលោក ប្លង់គូរនៅសតវត្សទី១៧ដែលគេអះអាងថាជាប្លង់វត្តជេតពន” អត្ថបទដកស្រង់ដោយ : អ៊ី ប៊ុនលី
#MJQE#AmericanInterconSchool

ខ្ញុំបានអានអត្ថបទស្រាវជ្រាវមួយដែលមានប្រមាណជា១៥ទំព័រ និពន្ធដោយលោក យ៉ូស៊ីអាគី អ៊ីស៊ីស្សាវ៉ា ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្ដាលធនធានមនុស្សនៃសាកលវិទ្យាល័យ សូហ្វីយ៉ា (ប្រទេសជប៉ុន) ដែលរំលេចប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍ទាក់ទងនឹងប្រាសាទអង្គរវត្ត ជាមួយនឹងជនជាតិជប៉ុនកាលពីសតវត្សទី១៦ និង១៧ សម័យដែលប្រទេសកម្ពុជាចាប់ផ្តើមធ្លាក់ចុះអនុភាព ដោយសារជម្លោះផ្ទៃក្នុង និងការឈ្លានពាន។ ពិតជាកម្រមានព័ត៌មានទាក់ទងនឹងទំនាក់ទំនងខ្មែរជប៉ុន ដែលត្រូវបានលើកយកមកបង្ហាញក្នុងសៀវភៅប្រវត្តិសាស្រ្តខ្មែរដែលចងក្រងឡើងដោយជនជាតិបារាំង ដូចនេះខ្ញុំសូមដកស្រង់ស្នាដៃស្រាវជ្រាវនេះតែពីរចំណុចមកបង្ហាញគឺ៖

១. កម្ពុជា និងជប៉ុននៅសវត្សទី១៦ និង១៧ :
គេបានរកឃើញអក្សរថ្មភាសាជប៉ុន ដែលបានសរសេរដោយអ្នកកាន់ព្រះពុទ្ធសាសនាជនជាតិជប៉ុនចំនួន១៤កន្លែងនៅលើជញ្ជាំង និងសសរនៅរួតព្រះពាន់នៃប្រាសាទអង្គរវត្ត។ អក្សរថ្មទាំងនោះនៅអាចអានបាន ហើយបង្ហាញថាពួកគេបានសរសេរនៅទីនោះក្នុងរយៈពេល២០ឆ្នាំ ចាប់ពីឆ្នាំ១៦១២ (ក្នុងឆ្នាំទី១៧នៃឆ្នាំជប៉ុនខេចូ) ដល់ឆ្នាំ១៦៣២ (ឆ្នាំទី៩នៃឆ្នាំជប៉ុនកាន់អេ)។ រហូតដល់មានសង្គ្រាមក្នុងស្រុកនៅប្រទេសកម្ពុជាក្នុងទសវត្ស១៩៧០ មានព្រះពុទ្ធរូបប្រមាណ៣០០អង្គ ដែលមានទំហំផ្សេងៗគ្នា និងខ្លះជាព្រះពុទ្ធរូបសម័យថ្មីមានតម្កល់នៅរួតព្រះពាន់នោះ។

លោកបណ្ឌិត ជូតា អ៊ីតុ (Chuta Ito) ជាអ្នកស្រាវជ្រាវដំបូងពីប្រទេសជប៉ុន ដែលបានធ្វើជាឯកសារយោងសម្រាប់អក្សរថ្មជប៉ុននៅអង្គរវត្ត។ នៅខែកក្កដា ឆ្នាំ១៩១២ ពេលដែលព្រះចៅអធិរាជនៅសម័យមេហ្ជីបានយាងធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យតូក្យូ លោកបណ្ឌិត ជូតា អ៊ីតុ បានធ្វើបទបង្ហាញអំពី “ជេតពន និងអង្គរវត្ត”។ នៅក្នុងទសវត្ស១៩៣០ មានអ្នកស្រាវជ្រាវជប៉ុន៣នាក់ គឺលោកសាស្ត្រាចារ្យ Katsumi Kuroita, Seiichi Iwao និង Sennosuke Odaka បានចុះទៅសិក្សានៅទីកន្លែងផ្ទាល់ និងធ្វើជារបាយការណ៍នូវអ្វីដែលពួកគាត់បានរកឃើញ។ ក្រោយមកនៅខែកុម្ភៈ ឆ្នាំ១៩៥៨ លោក ហ្ជុនហ្សូ ស៊ីមីហ្សឹ (Junzo Shimizu) បានទៅសិក្សាលម្អិតជាងមុននៅអង្គរវត្ត។ ជាពិសេសអត្ថបទនេះ គឺអរគុណដល់កិច្ចការស្រាវជ្រាវចុងក្រោយនេះ។ ចំពោះចំនួនអក្សរថ្មជប៉ុនទាំង១៤កន្លែងនៅអង្គរវត្ត អក្សរថ្ម១៣កន្លែងស្ថិតនៅរួតព្រះពាន់ និងមួយកន្លែងទៀតនៅលើជញ្ជាំងខាងត្បូងនៃផ្លូវចូលរបស់ហោត្រៃខាងជើងនៅផ្នែកខាងក្រៅនៃរូតព្រះពាន់។ អក្សរថ្មទាំងនេះសរសេរនៅលើសសរថ្ម ដោយប្រើទឹកខ្មៅផ្ទាល់។ គេជឿថាផ្នែកផ្ទៃលើនៃថ្ម ដើមឡើយមានលាបថ្នាំពណ៌ក្រហម ហើយអក្សរថ្មទាំងនោះ គឺសរសេរនៅលើថ្នាំពណ៌ក្រហមទាំងនោះ។ ប្រភេទនៃអក្សរទាំងនោះចាប់ផ្ដើមសរសេរពីកម្ពស់ប្រហែល២ម៉ែត្រទៅ២ម៉ែត្រកន្លះគិតពីកម្រាលថ្ម ហើយចប់នៅប្រហែល១ម៉ែត្រកន្លះពីកម្រាលថ្ម។ ខ្ញុំសង្ស័យថាគេបានប្រើជណ្ដើរតូច ដើម្បីសរសេរអក្សរថ្មទាំងនោះ។ ទិន្នន័យបង្ហាញថា ជនជាតិជប៉ុនបានមកអង្គរវត្តយ៉ាងហោចណាស់៣ដងក្នុងអំឡុងពេលនោះ ពោលគឺនៅថ្ងៃទី១៤ នៃខែទី៧ ឆ្នាំ១៦១២, ថ្ងៃទី២០ នៃខែទី១ ឆ្នាំ១៦៣២, និងថ្ងៃទី១៥ នៃខែទី១០។

២. តើអ្នកណាជាអ្នកបង្កើតគំនូរប្លង់វត្តជេតពន (អង្គរវត្ត)?
សារមន្ទីរសូកុកាននៅក្រុងមីតុមានប្លង់អង្គរវត្តចាស់មួយដែលគេហៅ “គំនូរប្លង់ជេតពន”។ គំនូរដែលនៅលើក្រដាសមានបណ្ដោយ៦៨,៤៥ស.ម និងទទឹង៧៥ស.ម បង្ហាញអំពីរចនាសម្ព័ន្ធស្ថាបត្យកម្មដោយប្រើទឹកខ្មៅ ហើយមានពណ៌ផ្សេងៗទៀត ដូចជាពណ៌ខៀវសម្រាប់ទឹក និងពណ៌លឿងសម្រាប់ប្រតិមា។ លោកបណ្ឌិត អ៊ីតូ ដែលជាអ្នកល្បីផ្នែកប្រវត្តិសាស្ត្រស្ថាបត្យកម្មបានទទូចឱ្យគេយល់ថា គំនូរប្លង់នេះគឺជាប្រាសាទអង្គរវត្ត។ រីឯ “ជេតពន” គឺជាវត្តល្បីល្បាញមួយនៅឥណ្ឌាកណ្ដាលដែលគេចាត់ទុកថាជាទីព្រះពុទ្ធសក្យមុនីគង់នៅ។ បើទោះបីជាមុនសម័យ “សំពៅដែលមានត្រាក្រហម” ក្ដី ក៏អ្នកដំណើរជប៉ុនបានឮអំពីប្រាសាទអង្គរវត្តដ៏ធំ ដែលថាធ្វើដំណើរដល់ទន្លេមេគង្គឆ្លងកាត់ទន្លេសាប ហើយដើរកាត់ព្រៃទៅដល់ទីនោះដែរ។ ការស្មានរបស់ពួកគេពីចម្ងាយគេជឿថា អង្គរវត្ត គឺនៅកន្លែងណាមួយនៅឥណ្ឌាភាគខាងត្បូង។ គ្មានអ្វីត្រូវឆ្ងល់ទេថា កាលពីសម័យបុរាណ ជនជាតិជប៉ុនយ៉ាងច្រើនបានច្រឡំដោយជឿថាអង្គរវត្ត គឺជា “ជេតពន” ដែលជាវត្តព្រះពុទ្ធសាសនាដ៏ល្បីជាងគេនៅឥណ្ឌា។ អ្នកដែលច្រឡំពីដំបូងមកថា អង្គរវត្តជា “ជេតពន” នោះ ច្បាស់ជាអ្នកមកពីក្រុមសំពៅដែលបានធ្វើដំណើរទៅសមុទ្រខាងត្បូងនារយៈពេលមុនយូរហើយ។

សេចក្តីសន្និដ្ឋាន : នៅក្នុងព្រឹត្តិការណ៍ណាមួយអក្សរថ្មជប៉ុនដែលបន្សល់នៅនឹងសសរថ្មនៃអង្គរវត្តបានបង្ហាញអំពីសកម្មភាពជំនួញ និងការផ្លាស់ប្ដូរញឹកញាប់រវាងជនជាតិជប៉ុន និងខ្មែរនៅក្នុងសតវត្សទី១៧។ គោលបំណងពិតប្រាកដនៅពីក្រោយអក្សរថ្មទាំងនោះពុំច្បាស់លាស់ ប៉ុន្តែអ្នកសរសេរទាំងនោះច្បាស់ណាស់ជាអ្នកគោរពសាសនា តាមរយៈការទស្សនារបស់ពួកគេ បើទោះបីជាយល់ខុសថា ប្រទេសកម្ពុជាគឺជាទឹកដីនៃវត្ត “ជេតពន”។ ជនជាតិជប៉ុននាពេលនោះគោរពប្រទេសកម្ពុជាថាជាទឹកដីនៃវត្ត “ជេតពន” និងចូលរួមការផ្លាស់ប្ដូរផ្អែកលើការចែករំលែកនៃការប្រតិបត្តិព្រះពុទ្ធសាសនា ហើយលើសពីនេះទៀត ដើម្បីបន្តភ្ជាប់តាមរយៈសកម្មភាពជំនួញ។ អក្សរថ្ម គឺជាកំណត់ត្រាតឹកតាងដែលបង្ហាញពីការផ្លាស់ប្ដូរទៅវិញទៅមកនេះ។

អត្ថបទដកស្រង់ចេញពី៖ The World’s Oldest Plan of Angkor Wat: The Japanese so-called Jetavana, an Illustrated Plan of the Seventeenth Century ចុះនៅក្នុង UDAYA, Journal of Khmer Studies, 13, 2015, pp. 47-61

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង