
01 ៦ ប្រវត្តិនិងសារៈសំខាន់របស់ទិវាសិទ្ធិកុមារអន្តរជាតិ
អត្ថបទដោយ: យុវសិស្ស អ៊ុង ខេមរាបូណ៌មីច័ន្ទ/ ប៉ន ចំរើនសុលិកា/ សេង ម៉ូលីណា សមាជិកក្លិបសិក្សាកាសែត AIS
រៀងរាល់ថ្ងៃទី០១ ខែមិថុនា ជាថ្ងៃដែលប្រទេសនានាលើសកលលោកក៏ដូចជាប្រទេសកម្ពុជាបានប្រារព្ធទិវាសិទ្ធិកុមារក្នុងគោលបំណងលើកកម្ពស់នូវតម្លៃនិងសិទ្ធិសេរីភាពរបស់កុមារ ដែលជាធនធានមនុស្សយ៉ាងសំខាន់ក្នុងការចូលរួមអនុវត្តកិច្ចការនានាដើម្បីជាការអភិវឌ្ឍដល់សង្គមជាតិនីមួយៗ។
នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៤២ ជាពេលវេលាដ៏គួរឲ្យចងចាំដែលមានព្រឹត្តិការណ៍ឧក្រិដ្ឋកម្មដ៏ឃោរឃៅព្រៃផ្សៃនិងសោដនាកម្ម ដែលពួកហ្វាស៊ីសបានសម្លាប់ប្រជាជន ជាពិសេសកុមារក្នុងអំឡុងសង្រ្គាមលោកលើកទី២ បានធ្វើឲ្យមនុស្សជាតិស្លុតរន្ធត់និងចងចាំជានិច្ច ហើយត្រូវបានសាធារណមតិទូទាំងសកលលោកថ្កោលទោសនិងមូលមតិគ្នាបង្កើតនិងអនុសញ្ញាស្ដីពីសិទ្ធិកុមារឡើង។ យោងតាមអនុសញ្ញាស្តីពីសិទ្ធិកុមារ នេះហើយទើបបណ្តាលឲ្យមានការប្រារព្ធទិវាកុមារអន្តរជាតិនៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ១៩៥០ ឡើង ហើយក៏ជាកិច្ចព្រមព្រៀងមួយរបស់អង្គការសហប្រជាជាតិដែលបានកំណត់សិទ្ធិនានារបស់កុមារ។
មូលហេតុនៃការបង្កើតអនុសញ្ញាស្តីពីសិទ្ធិកុមារនេះឡើងគឺបណ្តាលមកពី សង្គមជាច្រើនមិនមានច្បាប់ជាក់លាក់សម្រាប់ធានាសិទ្ធិកុមារ បំពេញផលប្រយោជន៍និងតម្រូវការចាំបាច់របស់កុមារ ការពារសុវត្ថិភាពកុមារ ជាពិសេសកុមារជាផ្នែកដ៏សំខាន់នៃការអភិវឌ្ឍសង្គមជាតិនីមួយៗ។
សិទ្ធិកុមាររួមមាន ៥៩ មាត្រា។ ប៉ុន្តែសិទ្ធិធំៗរបស់កុមារមានចំនួន ៤ គឺទី១ គឺសិទ្ធិរស់រានមានជីវិត ដែលកុមារត្រូវទទួលបានចំណីអាហារ ជម្រក ការថែទាំ ឈ្មោះនិងសញ្ជាតិសមស្រប។ បន្ទាប់មកគឺសិទ្ធិក្នុងការអភិវឌ្ឍ ដែលកុមារទទួលបានការអប់រំឥតគិតថ្លៃនិងក្លាយជាសមាជិកក្នុងសហគមន៍ ។ ចំណែកឯសិទ្ធិចូលរួម គឺកុមារត្រូវមានសិទ្ធិទទួលបានព័ត៌មាន លើកកម្ពស់ផ្នែកសុខភាព បញ្ញាស្មារតី សីលធម៌ និងសង្គមដើម្បីឲ្យពួកគេចូលរួមផ្សព្វផ្សាយបានទូលំទូលាយ។ ចុងក្រោយនោះគឺ សិទ្ធិទទួលបាននូវការការពារ គឺកុមារត្រូវទទួលបានការការពារឱ្យរួចផុតពីការរំលោភបំពាន កេងប្រវ័ញ្ចរូបភាព ការបំបែកចេញពីគ្រួសារដោយខុសច្បាប់ និងគ្រឿងញៀនផងដែរ។
ដោយផ្អែកលើមូលហេតុនិងខ្លឹមសារនៃអនុសញ្ញាស្ដីពីសិទ្ធិកុមារនេះ កុមារគប្បីទទួលនូវបានសិទ្ធិសេរីភាពដែលបានចែងក្នុងមាត្រានិងអនុសញ្ញាផ្ទាល់ ព្រោះកុមារប្រៀបដូចជាសសរទ្រូងយ៉ាងរឹងមាំរបស់សង្គមជាតិនីមួយៗ និងជាធនធានដ៏មានតម្លៃដែលជាតិនីមួយៗត្រូវការដើម្បីអភិវឌ្ឍន៍ប្រទេស អាស្រ័យហេតុនេះ កុមារត្រូវតែទទួលបាននូវការអប់រំណែនាំ ការថ្នាក់ថ្នមស្រឡាញ់ថែទាំពីមនុស្សជុំវិញខ្លួន។
ក្នុងឱកាសទិវាសិទ្ធិកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា សូមជូនពរដល់កុមារគ្រប់រូបឲ្យជួបតែសំណាងល្អ សុខភាពល្អ ជៀសឆ្ងាយផុតពីជំងឺកូវីត-១៩។
‘’រីករាយទិវាសិទ្ធិកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា’’
Sorry, the comment form is closed at this time.