ប្រវត្តិនំអន្សម និងនំគម

ប្រវត្តិនំអន្សម និងនំគម

អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “ប្រវត្តិនំអន្សម និងនំគម”
អត្ថបទដោយ : បុំាង លាងស៊ីម
#MJQE#AmericanInterconSchool

អត្ថន័យរបស់នំអន្សម៖ «អន្សម» តាមវចនានុក្រមសម្ដេចសង្ឃ ជួន ណាត បានពន្យល់ថា ជាឈ្មោះនំ ធ្វើដោយអង្ករដំណើបខ្ចប់ដោយស្លឹកស្រស់ (តាមធម្មតា ច្រើនប្រើស្លឹកចេក) មានរាងមូលស្មើចុងស្មើដើម ចម្អិនដោយស្ងោរ ឬអាំងក៏មាន។ អន្សមមានច្រើនប្រភេទ គឺអន្សមចេក អន្សមដាក់ចេកណាំវ៉ាទុំទាំងមូលជាស្នួល។ អន្សមជ្រូក អន្សមដាក់សាច់ជ្រូកជាស្នូល។ អន្សមដូង អន្សមដាក់ខ្ទិះដូង ឬសាច់ដូងទុំកោសលាយផង។ អន្សមអាំង អន្សមដែលចម្អិនដោយអាំង។ល។

ក្នុងសាសនាព្រហ្មញ្ញ នំអន្សម គឺតំណាងឱ្យលិង្គព្រះឥសូរ ឬព្រះសិវៈ។ ចំណែកឯនំគម គឺតំណាង ឱ្យយោនី (ប្រដាប់ភេទ) នាងឧមា ដែលជាព្រះមហេសីរបស់ព្រះឥសូរ។ លិង្គព្រះឥសូរ គេធ្វើពីថ្មរឹងមានរាង៤ជ្រុង ៦ជ្រុង និង៨ជ្រុងក៏មាន ដែលគេតែងឃើញលិង្គព្រះឥសូរ ដាក់ពីលើយោនីនាងឧមា ឬនាង ទួគ៌ា។ ម្លោះហើយ ទើបខ្មែរយើងតែងតែឃើញនំអន្សមនេះក្នុងពិធីបុណ្យទាន អមជាមួយនឹង “នំគម” ដែលជានំប្រពៃណីខ្មែរផងដែរ ដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យសាសនាមួយចំនួនទៀត។

តាមឯកសាររបស់លោកបណ្ឌិត មីសែល ត្រាណេ ជំនាញខាងបុរាណវិទ្យា បានឱ្យដឹងថាព្រះសិវៈ ឬព្រះឥសូរនេះ គឺជាទេវតាចម្បងមួយអង្គ ក្នុងចំណោមទេវៈចម្បងទាំង៣ នៃទ្រឹស្តីត្រីម៌ូតិ ដែលមានក្នុងលទ្ធិព្រហ្មញ្ញសាសនា។ យោងលើប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថានៅដើម ស.វ. ទី១ នៃគ.ស. បានបញ្ជាក់ថា ប្រជានុរាស្ត្រខ្មែរ នាសម័យបុរាណនោះ មានការពេញនិយមព្រះអាទិទេពអង្គនេះ ជាងព្រះអាទិទេពផ្សេងៗឯទៀត ដែលសុទ្ធសឹងតែមានប្រភពមកពីឥណ្ឌាទាំងអស់។
គប្បីរំលឹកឡើងវិញផងដែរថា ការឆ្លាក់លិង្គព្រះឥសូរ (សិវៈ) តម្កល់លើយោនីនាង ឧមា ឬនាងទូគ៌ា នេះ បានក្លាយទៅជាប្រពៃណី ដែលវិចិត្រករខ្មែរយើងសម័យអង្គរបានត្រាប់តាម ហើយនាសម័យអង្គរនោះដែរ ត្រីសូល៌មុខ៣ ក៏ជាអាវុធ ឬក៏ជាវត្ថុស័ក្តិសិទ្ធិរបស់ពួកព្រាហ្មណ៍និកាយសិវៈផងដែរ។ នេះជាការសម្រេចចិត្តផ្ទាល់ខ្លួនរបស់ព្រះឥសូរ នាសម័យនគរភ្នំ ដុះចេញពីបេះដូង និងមនោសញ្ចេតនាដ៏ស្មោះស្ម័គ្រចំពោះព្រះសិវៈ។ ទង្វើនេះក៏ជាលទ្ធផលនៃការជះឥទ្ធិពលឱ្យទាំងចក្រភពភ្នំ ប្រកបដោយសច្ចៈភាព ស្គាល់អំពើល្អ អាក្រក់ បង្ហាញដល់មនុស្សផងទាំងឡាយឱ្យស្គាល់ផ្លូវនាំទៅកាន់ភាពស្ងប់ចិត្ត។ ម្យ៉ាងវិញទៀត ជំនឿនេះក៏ប្រាកដជាបានផ្តល់នូវសក្តានុពល ដ៏សំខាន់ខាងសីលធម៌សម្រាប់សង្គមជាតិ នាសម័យបុរាណនោះដែរ។

និយាយជារួម ជំនឿ សាសនា ដែលជនជាតិខ្មែរជឿ និងប្រកាន់យកសព្វថ្ងៃ បើគេសិក្សាឱ្យបានច្បាស់លាស់ គឺមិនមែនប្រកាន់យកតែព្រះពុទ្ធសាសនាសុទ្ធសាធនោះទេ មានលាយឡំជាមួយជំនឿដើមរបស់ខ្មែរ និងព្រហ្មញ្ញសាសនាផងដែរ។ ឧទាហរណ៍ៈ បើយើងនិយាយពីវត្តអារាមនៅប្រទេសកម្ពុជា គឺប្រជាជនខ្មែរទូទៅយល់ថា ជាវត្តអារាមរបស់ព្រះពុទ្ធសាសនា។ ប៉ុន្តែនៅក្នុងបរិវេណវត្តនោះ មានខ្ទមអ្នកតា គឺជាជំនឿដើមរបស់ជនជាតិខ្មែរ ដែលជឿលើព្រលឹង ដែលមិនសាបសូន្យ ទោះបីរូបរាងកាយ ស្លាប់បាត់បង់ក៏ដោយ។
ដកស្រង់ចេញពីគេហទំព័រ៖ https://www.pursat.gov.kh/detail/10957

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង