ប្រវត្តិចាប៉ីដងវែង

ប្រវត្តិចាប៉ីដងវែង

អត្ថបទព័ត៌មានស្តីពីវប្បធម៌
ក្រោមប្រធានបទ “ប្រវត្តិចាប៉ីដងវែង”
អត្ថបទដកស្រង់ដោយ : គុណ ប៊ុន្ថា
#MJQE#AmericanInterconSchool

យើងបានរកឃើញការបកស្រាយខ្លះៗ ជាសំណេរ តែពុំមានលក្ខណៈលម្អិតឡើយ ជាហេតុដែលធ្វើឱ្យយើងពិបាកក្នុងការកំណត់បានអំពីប្រភពពាក្យចាប៉ី និងដើមកំណើតឧបករណ៍នេះ។ បើតាមការពន្យល់ពាក្យ ពិណ ក្នុងវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពក្នុងព.ស ២៥១១ ទំព័រ ៧៥១ មានសេចក្ដីដូច្នេះថា ពិណ (ពិន ឬ ត.ស.ស្រ) ន (សំ. បា. វីណា) ចាប៉ី៖ ដេញពិណ។

ទោះបីជាយ៉ាងណាក៏ដោយ យើងក៏នៅមិនទាន់ហ៊ានសន្និដ្ឋានថា ចាប៉ី គឺជាពិណ ឬពិណ គឺជាចាប៉ីនោះទេ។ ដោយហេតុថា ទាំងរូបរាង និងតួនាទីមានភាពខុសគ្នាច្រើន។ បើយើងពិនិត្យលើរូបរាងចាប៉ី យើងនឹងឃើញថា ចាប៉ីជាប្រភេទឧបករណ៍តន្ត្រីមានខ្ទង់ ហើយការផ្លាស់ប្ដូរពីសម្លេងមួយប្រែប្រួលតាមគម្លាតខ្ទង់ដែលយើងចាប់។ ខុសប្លែកពីឧបករណ៍ ពិណ ដែលសម្លេងអាស្រ័យលើខ្សែនីមួយៗ។ ប្រសិនបើពិណមួយមាន១៦ខ្សែ នោះវាមាន ១៦សម្លេងដែរ។ ហើយបើយើងមើលឱ្យកាន់តែឆ្ងាយដល់ប្រភេទឧបករណ៍វីណារបស់ឥណ្ឌាវិញ ក៏ភាគច្រើនជាប្រភេទឧបករណ៍មានខ្ទង់ដែរ។ ប៉ុន្តែយើងប្រើប្រាស់ពាក្យនេះ វីណា (ពិណ) ហៅឧបករណ៍តន្ត្រីពីបុរាណកាលមានឆ្លាក់នៅតាមជញ្ជាំងប្រាសាទថាជាពិណ។ តាមការយល់ឃើញរបស់អ្នកនិពន្ធ ពិណ គួរតែចាត់ទុកជាឧបករណ៍មួយដាច់ដោយឡែកពីចាប៉ី ហើយពិណប្រហែលជាមានដើមកំណើតមុនចាប៉ីដោយហេតុថា យើងអាចមើលឃើញឧបករណ៍ស្រដៀងនឹងពិណរបស់យើងមានលើជញ្ជាំងប្រាសាទបុរាណនៅអេហ្ស៊ីប ជាទីអរិយធម៌មនុស្សជាតិដ៏ចំណាស់ និងអាចរកឃើញឧបករណ៍ពិណនេះ នៅតាមកុលសម្ព័ន្ធជនជាតិដើមមួយចំនួនផងដែរនៅលើពិភពលោកយើងនេះ។

បើយោងតាមការបកស្រាយរបស់ឧកញ៉ា ទេពពិទូរ ក្រសេម គន្ថបណ្ឌិត អំពីប្រវត្តិវង់ភ្លេងមហោរី ដូច្នេះថា “ភ្លេង ១ វង់ដែលហៅថា “មហោរី” ជាភ្លេងខ្មែរ ម្យ៉ាងដែលមានមកអំពីបុរាណកាល ដោយខ្មែរបានផ្ដើមបង្កើតឡើងដោយគំនិតខ្លួនឯងជាដំបូង ក្នុងវេលាដែលខ្មែរចុះមកនៅក្នុងប្រទេសកម្ពុជានេះហើយ…….”។ ក្នុងការរៀបរាប់បន្ទាប់ក៏មានការពណ៌នាអំពីគ្រឿងភ្លេងមហោរីជំនាន់ដើម ក្នុងនោះក៏មាន “ចាប៉ី” ផងដែរ។ បើយើងសង្កេតឃ្លាថា “ចុះមកនៅក្នុងប្រទេសកម្ពុជានេះ……” និងពាក្យថា “ចាប៉ី” ព្រមទាំងផ្អែកលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលដូនតាយើងមកតាំងរាជធានីថ្មីនៅភ្នំពេញក្នុងគ.ស ១៤៣២នោះ យើងអាចសន្និដ្ឋានបានថា វត្តមានចាប៉ីក្នុងវប្បធម៌ខ្មែរគឺកើតមានឡើងមុនឆ្នាំ ១៤៣២ (សតវត្សរ៍ទី ១៥) ទៅទៀត។
ចំពោះតួនាទីវិញ ពិណជាឧបករណ៍តន្ត្រីសម្រាប់លទ្ធិទេវនិយម ប្រើប្រគំក្នុងវង់ភ្លេងពិណពាទ្យថ្វាយអាទិទេព ខុសស្រឡះពីចាប៉ី ដែលជាឧបករណ៍តន្ត្រីទទួលឥទ្ធិពលពីពុទ្ធសាសនា និងសម្រាប់ជីវភាពខ្មែរផងដូចជា ការសម្ដែងចាប៉ីក្នុងន័យអប់រំ និងសម្ដែងក្នុងភ្លេងការ អារក្ស និងមហោរី។

ចាប៉ីដងវែងចែកចេញជា៣ផ្នែកគឺ តួ ខ្សែ និងក្រចក ដូចតទៅ៖
១. ស្នូក (ប្រអប់សូរ) រាងស្ទើរមូលស្ទើរជ្រុងធ្វើពីឈើខ្នុរ ឬបេង។
២. សន្ទះមុខ ធ្វើពីឈើស្រាល ដូចជាស្រល់ ឬរលួស។
៣. ដង ធ្វើពីដើមក្រសាំង។
៤. ខ្ទង់ មានចំនួនដប់ពីរ ធ្វើពីឈើ ឬភ្លុក។
៥. ខ្សែ មានចំនួន២។ ខ្សែឯក សម្រាប់រត់សាច់បទ និងខ្សែគ សម្រាប់បន្ទរ។ ខ្សែទី៣ សម្រាប់ទប់ខ្ទង់មិនឱ្យជ្រុះ។
៦. ព្រលួត ឬបង្គាន មានចំនួន ៣។
៧. ធរណី សម្រាប់កល់ខ្សែផុតពីខ្ទង់។
៨. ក្រាញ ឬគីង្គក់។
៩. ក្រចក សម្រាប់ត្រេះ ធ្វើពីឆ្អឹង ឬខ្សែនីឡុង។
ចាប៉ីដែលមានសំឡេងពីរោះ គឺធ្វើតាមពាក្យពោលថា “ស្នូករាំង ដងក្រសាំង សន្ទះខ្ទុម្ព គីង្គក់ធ្នង់ ខ្ទង់ឆ្អឹង”។

តាមគំនិតចាស់បុរាណ បានឱ្យនិមិត្ដរូបលើឧបករណ៍នេះថា “ស្នូកតំណាងក្បាលនាគ ដងតំណាងខ្លួននាគ ប្រពែតំណាងកន្ទុយនាគ” ៕

 

 

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://thmeythmey.com/?page=detail&id=51482

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង